ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋចំនួន១៦គ្រួសារ ដែលរងគ្រោះក្នុងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ដោយការប្តឹងរំលោភយកដីពីសំណាក់ឈ្មួញ មានប្រាក់បានលើកដៃ ប្រណមសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពួកគាត់ ដោយក្តីសន្តោសផង។
ការអំពាវនាវរបស់ប្រជាពលរដ្ឋខាងលើ ធ្វើឡើងនៅពេលដែលពួកគាត់បាននាំយកពាក្យបណ្តឹង ប្តឹងទៅលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីស្នើសុំលុបចោល លិខិតបង្កកដីធ្លីរបស់ពួកគាត់ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ តែត្រូវបានមន្ត្រីក្រសួងមិនទទួលយក ហើយពួកគាត់បានទៅប្តឹងនៅសាលាខេត្តកណ្តាល ម្តងទៀត ដើម្បីស្នើសុំគណៈអភិបាលខេត្តកណ្តាល ជួយរកយុត្តិធម៌ ពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ ឱ្យបានឆាប់រហ័ស។
លោកស្រីយឺន សុខន ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោម១៦គ្រួសារខាងលើ បានឱ្យដឹងថា ដីកសិកម្មដែលរងការរំលោភដោយឈ្មួញមានលុយ មានអំណាចនេះ មានទំហំជាង៥៥ហិកតារ នៅចំណុចប្ញស្សីជ្រោយ ចំណុចកោះតាអោ និងច្រករោងគោ ក្នុងភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់ កណ្តាល ហើយដីនេះ ពួកគាត់កាន់កាប់អាស្រ័យផល តាំងពីឆ្នាំ១៩៩៥ មកម៉្លេះ តាមរយៈការ ឆ្ការព្រៃ ប្រឈមនឹងគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះ និងសត្វសាហាវមានពិសទៀតផង។ លុះដល់ឆ្នាំ២០០៧ ស្រាប់តែមានក្រុមហ៊ុនស៊ិនដាយ បានដាក់គ្រឿងចក្រឈូសឆាយ លើកទំនប់ ហ៊ុមព័ទ្ធ រំលោភយកដីពួកគាត់ និងពលរដ្ឋច្រើនរយគ្រួសារផ្សេងៗទៀត បង្កឱ្យមានផ្ទុះការតវ៉ាជាបន្តបន្ទាប់ រហូតក្រុមពលរដ្ឋរងគ្រោះស្វះស្វែង រកអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំទៀតផង។
ក្រោយមក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកាត់ដីទំនាស់នេះ ចេញពីក្រុមហ៊ុនស៊ិនដាយ ហើយបានប្រគល់មកឱ្យពួកគាត់ជាពលរដ្ឋ១៦គ្រួសារខាងលើ រួមនិងពលរដ្ឋច្រើនរយនាក់ទៀតតាមរយៈស.ជ.ណ លេខ ៥៦៣ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៨ ចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី។ ក្រោយពីមានអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ពួកគាត់បានចូលកាន់កាប់ដីខាងលើវិញ ជាធម្មតា។ លុះមកដល់ឆ្នាំ២០១៥ ស្រាប់តែឈ្មោះខៀវ វិសេស បានចេញមុខមកចរចាសុំទិញដីរបស់ពួកគាត់ចំនួនពីរលើក តែពួកគាត់មិនបានលក់នោះទេ។
ស្រាប់តែនៅឆ្នាំ២០១៦ ឈ្មោះខៀវ វិសេស បានប្តឹងមកលោកស្រីម៉ែន សំអន ដោយចោទប្រកាន់ថា ពលរដ្ឋ១៦គ្រួសាររំលោភយកដីរបស់ខ្លួនចំនួន៣២ហិកតារទៅវិញ ដោយអះអាងថា ខ្លួនបានទិញពីពលរដ្ឋផ្សេងទៀត តែមិនមានឈ្មោះក្នុង ស.ជ.ណ ខាងលើនោះឡើយ។
អ្នកស្រីយឺន សុខន បន្តថា ដោយសារមានពាក្យបណ្តឹងមិនប្រក្រតីខាងលើ ទើបពួកគាត់ ទាំង១៦គ្រួសារ កើតទុក្ខមិនសុខចិត្ត បានប្តឹងទៅសាលាខេត្តកណ្តាល និងប្តឹងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ឱ្យជួយអន្តរាគមន៍ជាបន្តបន្ទាប់ទៀត រហូតមានមន្ត្រី ចុះមកពិនិត្យវាស់វែងដីពីគណៈកម្មការចម្រុះខេត្ត រកឃើញថា ដីនោះពិតជាដីស្របច្បាប់របស់ពលរដ្ឋ១៦គ្រួសារមែន ដែលសម្តេចនាយករដ្ឋមន្ត្រីប្រគល់ឱ្យតាមរយៈ ស.ជ.ណ លេខ ៥៦៣។ ចំណែកខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានចេញដីកាបញ្ជូនទៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ឱ្យពន្លឿន ក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ១៦គ្រួសារ តាមរយៈលិខិតលេខ ៧៧២ខន,០១៨ ចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៨ បន្ទាប់មក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអន្តរាគមន៍ទៅអភិបាលនៃគណៈអភិបាលខេត្តកណ្តាល តាមរយៈលិខិតលេខ ១១៣៤ ដនសឥអសដភ ចុះថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៨ ឱ្យពន្លឿនក្នុងការចេញប័ណ្ណជូនភាគីពលរដ្ឋបន្តទៀត។ ចំណែកគណៈកម្មការចម្រុះខេត្តកណ្តាល ក៏បានចុះពិនិត្យវាស់វែង និងត្រៀមចេញប័ណ្ណជូនពលរដ្ឋផងដែរ។ ស្រាប់តែលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ចេញលិខិតស្នើឱ្យរដ្ឋបាលខេត្តកណ្តាល បង្កកដីនោះទុកសិន។
ស្ត្រីរងគ្រោះខាងលើ បន្តថា ដោយមើលឃើញការបង្កកដីដ៏អយុត្តិធម៌មកលើប្រជាពលរដ្ឋ ស្របច្បាប់ ទើបខាងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ចេញដីកាបញ្ជូនជាថ្មីទៀតលេខ ១៣៤១ខន,០១៨ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្នើលោកស្រីម៉ែន សំអន លុបចោលលិខិតបង្កកដីប្រជាពលរដ្ឋ ដើម្បីផ្តល់លទ្ធភាពឱ្យអាជ្ញាធរខេត្ត និងក្រសួង ពន្លឿនក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋ១៦គ្រួសារខាងលើ។ តែអ្វីដែលគួរឱ្យសោកស្តាយនោះ មកទល់ពេលនេះ ពួកគាត់នៅមិនទាន់ទទួលបានដំណោះ ស្រាយណាមួយឡើយ។ ដូច្នេះហើយ ទើបពួកគាត់ជាពលរដ្ឋបានមានតែលើកម្រាមដៃប្រណម សំពះអង្វរសុំសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ឱ្យក្រសួងពាក់ព័ន្ឋ និងអាជ្ញាធរ ខេត្តកណ្តាល ពន្លឿនផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ដល់ពួកគាត់ផង ដើម្បីមានលទ្ធភាពបង្កបង្កើនផលចិញ្ចឹមជីវិតផង៕