Wednesday, August 27, 2025
Homeសង្គម និងជីវិតតូចចិត្តប្រពន្ធលែង ផឹកទឹកលាងបង្គន់សម្លាប់ខ្លួន​

តូចចិត្តប្រពន្ធលែង ផឹកទឹកលាងបង្គន់សម្លាប់ខ្លួន​

ខេត្តបន្ទាយមានជ័យ ៖ បុរសពោះម៉ាយម្នាក់ ព្រោះតែតូចចិត្តនឹងរឿងក្រុមគ្រួសារ មិនសូវស្រលាញ់យកចិត្តទុកដាក់ជាមួយខ្លួន បែរជាគិតខ្លី យកទឹកលាងបង្គន់មកផឹកសម្លាប់ខ្លួន និងត្រូវក្រុមគ្រួសារ ព្យាយាមដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបាន១យប់ ស្រាប់តែដាច់ខ្យល់ ស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍បុរសពោះម៉ាយតូចចិត្ត ផឹកទឹកលាងបង្គន់សម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង វេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិភូមិថ្មី  ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ លុះមកដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែត។

បុរសគំនិតខ្លីដែលធ្វើអត្តឃាតខាងលើ មានឈ្មោះសួ ដន អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ប្រាប់ថា បុរសខាងលើធ្លាប់មានប្រពន្ធម្តងរួចមកហើយ ប៉ុន្តែក្រោយមក ដោយសារតែការរស់នៅមិនសូវចុះសម្រុងគ្នាទើបស្ត្រីជាប្រពន្ធបានទាមទារលែងលះចែកផ្លូវគ្នាដើររៀងខ្លួនទៅ។ ចំណែកជនរងគ្រោះ រស់នៅក្នុងគ្រួសាររបស់ខ្លួន ក៏មិនសូវចុះសម្រុងប៉ុន្មានដែរ ដោយចេះតែមានចិត្តគិតថា ឪពុកម្តាយរបស់ខ្លួនមិនសូវស្រលាញ់ខ្លួនជាកូនសោះ។

លោកអធិការបន្តថា នៅមុនកើតហេតុ កាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបាននិយាយជាមួយឪពុកម្តាយរបស់ខ្លួនថា ឪពុកម្តាយដូចជាមិនស្រលាញ់ខ្លួនសោះ ចំណែកឪពុកម្តាយក៏មិនបានតបតអ្វីដែរ រួចក៏ចូលសម្រាករៀងៗខ្លួនទៅ។ លុះមកដល់វេលាម៉ោង៧និង ១៥នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបន្ទាប់ពីក្រោកពីដំណេក ក៏បានដើរចូលបន្ទប់ទឹក រួចក៏យកទឹកលាងបង្គន់ មកផឹកស្របពេលដែលឪពុកម្តាយរវល់ចាត់ចែងកូនចៅទៅរៀន។ លុះបន្តិចក្រោយមក ក៏លាន់ឮសំឡេងជនរងគ្រោះក្អួតចង្អោរ ទើបធ្វើឱ្យក្រុមគ្រួសារ នឹកឆ្ងល់ក៏ទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះកំពុងបែកពពុះមាត់ លុះសួរនាំទើបដឹងថា ជនរងគ្រោះ បានយកទឹកលាងបង្គន់មកផឹក បំណងសម្លាប់ខ្លួន ក៏ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីសង្គ្រោះភ្លាមៗដែរ។ តែអកុសល ដោយសារតែស្ថានភាពរបស់ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ទើបមកដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះ ក៏បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យ៕

RELATED ARTICLES