ខេត្តកំពង់ស្ពឺ ៖ ក្មេងស្ទាវមួយក្រុម បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពីស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមនិយាយគងពាក្យសម្តីគ្នា រហូតឈានដល់ផ្ទុះអំពើហិង្សាទាញដែកឆាប ចាក់គូទំនាស់ បណ្តាលឱ្យធ្លាយខ្នងរងរបួសធ្ងន់ កាលពីវេលាម៉ោងរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងគង ឃុំសង្កែសាទប ស្រុកឱរ៉ាល់។
ជនដៃដល់ដែលចាក់ប្រហារគូទំនាស់ធ្លាយខ្នង មានឈ្មោះកង ង៉ែត អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះកាន់ គី ហៅកុយ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ និងជនរងគ្រោះ រួមនឹងមិត្តភក្តិប៉ុន្មាននាក់ទៀត បានជួប ជុំគ្នាផឹកស្រា អស់ជាច្រើនលីត្រ រហូតស្រវឹងរៀងៗខ្លួន។ បន្ទាប់មក ជនរងគ្រោះ និងជនដៃដល់ បាននិយាយគងពាក្យសម្តីគ្នា រហូតឈានដល់ការ ឈ្លោះប្រកែកគ្នាតឹងសរសៃក ធ្វើឱ្យជនដៃដល់ទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញដែកឆាប មកចាក់ប្រហារ ទៅលើជនរងគ្រោះចំខ្នងចំនួន៤កន្លែង បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនដៃដល់ខាងលើនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់៕