Wednesday, August 27, 2025
Homeសង្គម និងជីវិតហួសពីអាណិតណាស់! ម៉ែឈឺធ្ងន់ ឱបកូនប្រុសយំ អត់លុយវះកាត់

ហួសពីអាណិតណាស់! ម៉ែឈឺធ្ងន់ ឱបកូនប្រុសយំ អត់លុយវះកាត់

ខេត្តកំពងឆ្នាំង៖ ជារឿងដ៏គួរឱ្យរន្ធត់ចិត្ត និងសោកសង្រេងមួយ សម្រាប់ក្រុមគ្រួសារមួយនេះ ព្រោះតែជីវភាពទីទ័លក្រខ្លាំង ចំណែកស្ត្រីជាម្តាយបានកើតមានជំងឺបេះដូង ត្រូវការវះកាត់បន្ទាន់ ប៉ុន្តែគ្មានលុយកាក់ក្នុងខ្លួន បានត្រឹមឱបកូនប្រុសយំនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ តែយ៉ាង ណាខាងមន្ទីរពេទ្យ បានសម្រេចបញ្ជូនស្ត្រីអភ័ព្វរូបនេះ ទៅវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញជាបន្ទាន់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌ ជាហេតុធ្វើឱ្យមហាជនសម្តែងនូវការសាទរចំពោះចំណាត់ការសង្គ្រោះជីវិតមនុស្សមួយនេះ។

ស្ត្រីអភ័ព្វដែលកើតមានជំងឺបេះដូង អត់មានលទ្ធភាពវះកាត់បានត្រឹមឱបកូនប្រុសយំនេះ មានឈ្មោះទិត្យ រី អាយុ៣៧ឆ្នាំ មានលំនៅក្នុងភូមិក្តុល ឃុំក្រាំងស្គៀរ ស្រុកទឹកផុស។

យោងតាមគណនីហ្វេសប៊ុករបស់អ្នកគ្រូពេទ្យស្អាតឈ្មោះ Chou Chou ដែលជាគិលានុប្បដ្ឋាយិកា កំពុងបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បានបង្ហោះរូបភាពចំនួន២សន្លឹក ដែលធ្វើឱ្យអ្នកបានឃើញចាក់ដោតបេះដូងស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីដឹងថា ទាំងពីរនាក់ម្តាយកូនកំពុងអង្គុយឱបគ្នាយំ ដោយសារតែលំបាកចិត្តរឿងស្ថានភាពជំងឺធ្ងន់ធ្ងររបស់ម្តាយ ដែលចាំបាច់ ត្រូវការវះកាត់ជាបន្ទាន់ ប៉ុន្តែគ្រួសារមួយនេះ គ្មានលុយ១រៀលជាប់ខ្លួនសោះ។ យ៉ាងណាក្តី តាមការឱ្យដឹងរបស់អ្នកគ្រូពេទ្យស្អាតជាម្ចាស់គណនី ខាងលើ ស្ត្រីអភ័ព្វទីទ័លក្រម្នាក់នេះ ត្រូវបានខាងមន្ទីរពេទ្យបង្អែកខេត្ត ប្រើប្រាស់មូលនិធិសមធម៌ បញ្ជូនទៅធ្វើការវះកាត់នៅភ្នំពេញជាបន្ទាន់។

អ្នកគ្រូពេទ្យស្អាត ជាម្ចាស់គណនី Chou Chou បានបង្ហោះសារមួយថា “រូបភាពដែលបង្កប់អត្តន័យរវាងកូនប្រុស និងអ្នកម្តាយ សុំទោសម្ចាស់រូបភាព បងស្រីឈ្មោះទិត្យ រី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិក្តុល ឃុំក្រាំងស្គៀរ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ គាត់បានមកសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង អគារសង្គ្រោះបន្ទាន់ចំនួន២លើក ដោយសារជំងឺបេះដូង ឥឡូវមានសភាពធ្ងន់ធ្ងរ។

-លើកទី១ (07/07/2018)ខាងក្រុមគ្រូពេទ្យបានជួយសង្គ្រោះ និងបញ្ចូនទៅភ្នំពេញ។ តែគាត់បានសុំត្រឡប់មកផ្ទះវិញ ព្រោះគ្មានលទ្ធភាព នៅពេលដឹងថា ជំងឺត្រូវវះកាត់

-លើកទី២ (07/08/2018) គាត់បានមកសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងម្តងទៀត ក្នុងសភាពធ្ងន់ធ្ងរ និងគ្មានលទ្ធភាពសម្រាប់សេវាមន្ទីរពេទ្យឡើយ។ តែខាងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សហការជាមួយមូលនិធិសមធម៌ ផ្តល់ប័ណ្ឌមូលនិធិសមធម៌ជូនគាត់ ដើម្បីប្រើប្រាស់ជា បន្ទាន់។ ឥឡូវគាត់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ ក្រុមគ្រូពេទ្យបានជួយឧបត្ថមថវិកាតិចតួចជូនគាត់។

បើសិនជាមានសប្បុរសជន ចង់ជួយគាត់អាចធ្វើការទំនាក់ទំនងខាងគ្រួសាររបស់អ្នកជំងឺផ្ទាល់ 088 800 71 90 បាន។ ជូនពរបងស្រីទទួលបានការព្យាបាលដោយជោគជ័យ។ ការជួយជាច្រើនរបស់មន្ទីរពេទ្យ ពីមុនរហូតមកដល់ឥឡូវ ក៏នៅតែបន្តរហូតតទៅមុខទៀត…”។

ក្រោយពីបានឃើញការបង្ហោះរបស់គណនីហ្វេសប៊ុកអ្នកគ្រូពេទ្យស្អាតខាងលើ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នា ចែករំលែកតៗគ្នា ព្រមទាំងបានសម្តែងនូវអារម្មណ៍រំភើប និងកោតសរសើរចំពោះទឹកចិត្តសប្បុរុសធម៌របស់ក្រុមគ្រូពេទ្យ ក៏ដូចជាមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ដែលបានផ្តល់សេវាសុខាភិបាលយ៉ាងល្អជូនប្រជាពលរដ្ឋ ពិសេសផ្តល់តម្លៃ និងអាទិភាពចំពោះអាយុជីវិតមនុស្ស៕

RELATED ARTICLES