ភ្នំពេញ ៖ បុរសម្នាក់បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយអស់រយៈពេល១ឆ្នាំមកហើយ លុះជំងឺចេះតែធ្វើទុក្ខក្នុងខ្លួនខ្លាំងពេក ទ្រាំលែងបាន ក៏ដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៧៧ ផ្លូវ៥៩៨ ក្រុមទី០៥ ភូមិទួលពពែរ សង្កាត់ទួសង្កែ២ ខណ្ឌឫស្សីកែវ។
បុរសគំនិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះណៃ ឡុងហេង អាយុ៣៥ឆ្នាំ ជាមន្ត្រីក្រសួងអប់រំ មានលំនៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិក្តី ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។
តាមសម្តីស្ត្រីចំណាស់ឈ្មោះតាន់ សុខហៀង អាយុ៦៦ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ គាត់ និងកូនប្រុស (ជនរងគ្រោះ) បានទៅលេងផ្ទះឪពុកមាឈ្មោះតាន់ លីនជី នៅចំណុចផ្ទះកើតហេតុខាងលើ។ លុះមកដល់វេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ គាត់ជាម្តាយបានឡើងទៅមើលកូនប្រុសនៅក្នុងបន្ទប់ ហើយបានសួរថា លេបថ្នាំឬនៅ? ពេលនោះកូនប្រុសបានឆ្លើយថា លេបរួចហើយ។ បន្ទាប់មក គាត់ក៏បានចុះមកក្រោម ចូលសម្រាកវិញទៅ រហូតដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅតែមិនទាន់ឃើញកូនប្រុសចុះមកហូបអាហារពេលព្រឹក ទើបគាត់បានទូរស័ព្ទហៅ តែមិនលើក ក៏ឡើងទៅមើលក្នុងបន្ទប់ ស្រាប់តែប្រទះឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ។
ស្ត្រីជាម្តាយជនរងគ្រោះ បានអះអាងថា កូនប្រុសរបស់គាត់ម្នាក់នេះ បានកើតមានជំងឺរ៉ាំរ៉ៃ អស់រយៈពេលមួយឆ្នាំមកហើយ ដោយមានសំបុត្រពេទ្យនិងថ្នាំពេទ្យបញ្ជាក់ និងចេះតែរអ៊ូថា ឈឺមើលមិនជាសោះ ចង់តែស្លាប់ទេ ទីបំផុតកូនប្រុសក៏គិតខ្លីចងកសម្លាប់ខ្លួនមែន៕