ភ្នំពេញ ៖ បុរសពោះម៉ាយប្រពន្ធលែងម្នាក់ បានមកជួលបន្ទប់ស្នាក់នៅធ្វើការងាររោងចក្រតែម្នាក់ឯង ប៉ុន្តែគេសង្កេតឃើញថា បុរសរូបនេះតែផឹកស្រាស្រវឹងជោកជាំជាប្រចាំ លុះក្រោយមក បន្ទាប់ពីមិនឃើញចេញពីបន្ទប់២ថ្ងៃ ណាមួយមានក្លិនស្អុយចម្លែកភាយចេញពីបន្ទប់បុរស ពោះម៉ាយរូបនោះផង ទើបអ្នកជិតខាងសង្ស័យដើរទៅអើតមើល ស្រាប់តែប្រទះឃើញបុរសពោះម៉ាយ ដេកស្លាប់ស្អុយរលួយទៅហើយ។
ហេតុការណ៍ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ស្អុយរលួយក្នុងបន្ទប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលលេខ៨២ ជាន់ទី៣ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សាកសពខាងលើ មានឈ្មោះលាង ឈុនរស្មី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
តាមប្រភពពីអ្នកស្គាល់ជនរងគ្រោះខាងលើ បានឱ្យដឹងថា ជនរងគ្រោះគឺជាបុរសពោះម៉ាយ លែងលះគ្នាជាមួយប្រពន្ធ ហើយទើបមកជួលបន្ទប់ស្នាក់នៅ និងប្រកបរបរជាកម្មកររោងចក្រ។
តាមប្រភពពីអ្នកក្បែរខាង បានឱ្យដឹងថា ជនរងគ្រោះ បានមកស្នាក់នៅបន្ទប់ខាងលើតែម្នាក់ឯង និងឃើញថាចូលចិត្តហូបស្រា ជួនហូបស្រារហូតដល់ដាច់បាយក៏មាន។ នៅមុនពេលកើតហេតុ គេមិនបានឃើញជនរងគ្រោះ២ថ្ងៃមកហើយ ហើយបន្ទប់ទៀតសោត បិទទ្វារជិត គ្មានអ្នកណាចាប់អារម្មណ៍ទេ ដោយសារតែម្នាក់ៗសុទ្ធតែរវល់ការងាររៀងខ្លួន។ លុះមកដល់ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក៏ស្រាប់តែធុំក្លិនស្អុយ ភាយចេញពីក្នុងបន្ទប់លេខ៨២ ជាបន្ទប់ជនរងគ្រោះ រហូតដល់អ្នកក្បែរខាងទ្រាំលែងបាន ប្រាប់ម្ចាស់ផ្ទះមកជួយពិន្យិមើល និងតាមដានក្លិន។ ដោយមានការសង្ស័យ រួមផ្សំបន្ទប់របស់ជនរងគ្រោះបិទទ្វារអស់២ថ្ងៃផង ទើបនាំគ្នាដាច់ចិត្តបង្ហើបបង្អួចមើល ក៏ប្រទះឃើញជនរងគ្រោះដេក ស្លាប់ក្នុងសភាពហើមស្អុយរលួយបាត់ទៅហើយ៕