Tuesday, August 26, 2025
Homeសង្គម និងជីវិតឃាត់ខ្លួនស្រីក្មេង រួមគំនិតចាប់ជម្រិតជនបរទេស

ឃាត់ខ្លួនស្រីក្មេង រួមគំនិតចាប់ជម្រិតជនបរទេស

ភ្នំពេញ៖ បុរសជាជនបរទេសម្នាក់ បានរត់ចេញពីក្នុងផ្ទះមួយទាំងត្រហេបត្រហប និងអារម្មណ៍ភ័យស្លន់ស្លោ ព្រមទាំងមានស្នាមរបួសសុសពេញខ្លួន និងបានប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយអះអាងថា រូបគេត្រូវបានជនសង្ស័យប្រុសស្រីមួយក្រុម បានចាប់បង្ខាំងធ្វើទារុណកម្ម ដើម្បីជំរិតយកលុយ ហើយភ្លាមៗនោះ សមត្ថកិច្ចក៏ចេញអន្តរាគមន៍ ឃាត់ខ្លួនបានស្ត្រីវ័យក្មេងម្នាក់ នាំយកមកសាកសួរ ខណៈបក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់អស់ទៅហើយ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបុរីមហាសែនសុខ ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បុរសរងគ្រោះមានឈ្មោះ Iroegbu Uche Andrew អាយុ៤៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មានទីលំនៅក្នុងបុរីពិភពថ្មី២ នៅចំការដូង ខណ្ឌដង្កោ។ ចំណែកស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសូនីតា អាយុ២៣ឆ្នាំ មុខរបរបំរើការងារនៅក្នុងហាងបារាំងមួយ ស្នាក់នៅផ្ទះជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ដោយឡែកបក្ខពួកស្ត្រីសង្ស័យខាងលើ ដែលកំពុងរត់គេចខ្លួន រួមមាន ទី១-ឈ្មោះម៉ា ឈីង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ទី២-ឈ្មោះសាំ កុង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ទី៣-ឈ្មោះប៊ូស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា  និងទី៤-មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ជនសង្ស័យឈ្មោះម៉ា ឈីង បានប្រើល្បិចឱ្យនាងសូនីតា ជាសង្សាររបស់ខ្លួន ទូរស័ព្ទទៅទាក់ទងជនរងគ្រោះឈ្មោះ Iroegbu Eche Andrew ល្បួងគេឱ្យធ្វើដំណើរមកលេងនៅផ្ទះរបស់ខ្លួន (ផ្ទះកើតហេតុ) ដោយជិះរ៉ឺម៉កម៉ូតូ នៅពេលជនរងគ្រោះមកដល់ក្នុងផ្ទះនោះ ក៏ស្រាប់តែបុរសជនជាតិនីហ្សេរីយ៉ា ទាំង៤នាក់ខាងលើ បានបង្គាប់ និងគំរាមឱ្យជនរងគ្រោះយកលុយចំនួន៥០០០ដុល្លារ មកឱ្យពួកគេ បើមិនបាន៥០០០ដុល្លារទេ យ៉ាងហោចណាស់ ក៏បាន៣០០០ដុល្លារដែរ។ នៅពេលនោះជនរងគ្រោះប្រាប់ថា គ្មានលុយ ក៏ត្រូវពួកគេនាំគ្នាយកឆ្នាំងអ៊ុតមកអ៊ុតលើថ្ពាល់ខាងឆ្វេង និងដៃខាងឆ្វេង ស្មាខាងឆ្វេង របស់ជនរងគ្រោះឱ្យរងរបួសរលាកតែម្តង។

ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៦ល្ងាច ខណៈក្រុមជនល្មើសប្រុសៗ នាំគ្នាចេញទៅក្រៅផ្ទះរកទិញអាហារ ដោយមិនបានចាក់សោទ្វារបន្ទប់ នៅសល់តែនាងសូនីតា ដេកយាម ជនរងគ្រោះក៏បានស្ទុះរត់គេចខ្លួនចេញពីទីនោះតែម្តង ដោយស្រែកឱ្យគេជួយក្នុងសភាពភ័យខ្លាច៕

RELATED ARTICLES