Tuesday, August 26, 2025
Homeសង្គម និងជីវិតបុរសក្លាហានស្ទុះលោតទឹក ជួយស្រង់ស្រីស្អាត

បុរសក្លាហានស្ទុះលោតទឹក ជួយស្រង់ស្រីស្អាត

ខេត្តបាត់ដំបង ៖ ស្ត្រីរូបស្រស់ម្នាក់នៅសុខៗក៏ចុះទៅហែលទឹកក្នុងស្ទឹងសង្កែ ដែលកំពុងឡើងខ្លាំង ព្រមទាំងហួរកួចទៀតផង លុះឃើញសភាពគ្រោះថ្នាក់ខ្លាំង ទោះជាមានការលួងលោមឱ្យឡើងគោកវិញយ៉ាងណា ក៏មិនព្រម ទើបមានបុរសក្លាហានម្នាក់ បានស្ទុះលោតចុះទឹក ចាប់អូសទាញស្ត្រីរូបនោះឡើងមកលើគោកវិញ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងង២រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ពានថ្មចាស់មុខសាលាខេត្តបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង។
តាមអត្តសញ្ញាណប័ណ្ណរបស់ស្ត្រីរូបនេះ មានឈ្មោះជរ សុណាត អាយុ៣៤ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើស្លៀកខោខាវប៊យ ពាក់អាវយឺតពណ៌ស និងមានស្ពាយកាបូបពីក្រោយផង បានដើរចុះហែលទឹកស្ទឹងសង្កែនៅចុងស្ពានថ្មចាស់ត្រើយខាងកើត ហើយបានហែលតោងស្ពានទៅកន្លែងទឹកជ្រៅ ធ្វើឱ្យមនុស្សម្នាក់ភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង ដោយគិតថា នារីរូបនេះព្យាយាមសម្លាប់ខ្លួន។

ប្រភពដដែលបន្តថា នៅពេលឃើញសភាពបែបនេះ មនុស្សម្នាដែលចោមរោមមើល បាននាំគ្នាស្រែកហៅឱ្យនាងឡើងគោកវិញ តែនាងមិនព្រមឡើងទេដាច់ខាត និងថែមទាំងសើចសប្បាយ និយាយតបវិញថា នាងគ្រាន់តែហែលលេងប៉ុណ្ណោះ។ លុះមួយសន្ទុះក្រោយមក ទើបស្ត្រីរូបនោះ បានឡើងលើស្ពានវិញ រួចក៏ដេកននៀលលើស្ពាន ជាមួយនឹងការចោមរោមមើលពីក្រុមក្មេងៗ។ នៅពេលសួរនាំ ស្ត្រីរូបនេះមិនប្រាប់សាវតា ឬកន្លែងស្នាក់នៅរបស់នាងទេ តែពេលឆែកមើលក្នុងការបូបទើបនាងបង្ហាញអត្តសញ្ញាណប័ណ្ណដែលឈ្មោះដូចខាងលើ។ នាងបាននិយាយថា នាងមិនមែនចង់សម្លាប់ខ្លួនទេ គ្រាន់តែចុះហែលលេងប៉ុណ្ណោះ។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីដេកននៀលលើស្ពានមួយសន្ទុះ ស្ត្រីរូបនោះក៏បានដើរចុះទៅក្នុងស្ទឹងហែលទឹកទៀត ហាក់មិនខ្លាច នឹងទឹកជំនន់សោះ។ នៅពេលឃើញសភាពបែបនេះ មានក្មេងៗ១ក្រុម បាននាំគ្នាលោតចុះពិលើស្ពាន បំណងទៅជួយទាញស្ត្រីរូបនោះ ឱ្យឡើងគោកវិញ តែនាងមិនព្រមឡើងទេ ហើយបែរជាព្យាយាមហែលចូលទៅកន្លែងជ្រៅ និងបានហែលទៅដេកនៅលើធ្នឹមស្ពាន បង្កឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង។

បន្ទាប់ពីឃើញសភាពរបស់ស្ត្រីរូបនោះកំពុងប្រឈមនឹងគ្រោះថ្នាក់ ក៏មានបុរសក្លាហានម្នាក់បានសម្រេចចិត្តស្ទុះលោតចូលទៅក្នុងទឹក ដើម្បីចាប់នាងអូសឡើងគោកវិញ និងត្រូវស្ត្រីរូបនោះបានព្យាយាមប្រទាញប្រទង់មិនព្រមឡើងគោកដែរ តែមិនឈ្នះកម្លាំងបុរសក្លាហាន ទីបំផុតក៏ត្រូវបានបុរសរូបនោះអូសឡើងគោក ប្រកបដោយសុវត្ថិភាព និងប្រគល់ឱ្យសមត្ថកិច្ចដើម្បីធ្វើការសាកសួរ និងទាក់ទងក្រុមគ្រួសារឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES