Tuesday, August 26, 2025
Homeសង្គម និងជីវិតខឹងពូកែឌឺដង ស្ទាក់វ៉ៃបាក់ដៃ

ខឹងពូកែឌឺដង ស្ទាក់វ៉ៃបាក់ដៃ

ខេត្តកណ្តាល ៖ បុរសម្នាក់កំពុងជិះម៉ូតូនៅតាមផ្លូវក្នុងភូមិសុខៗ ក៏ស្រាប់តែត្រូវបុរសម្នាក់រស់នៅភូមិជាមួយគ្នាទាញដំបងឈើវាយសំពង បណ្តាលឱ្យបាក់ដៃ ដោយលើកហេតុផលថា មកពីជនរងគ្រោះពូកែនិយាយឌឺដងដាក់ពេក បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើ ផ្លូវមុខផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

បុរសរងគ្រោះដែលត្រូវគេស្ទាក់វៃបាក់ដៃ មានឈ្មោះរីម សារី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនបង្កហេតុ មានឈ្មោះម៉ាន យូសុះ អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី មានលំនៅក្នុងភូមិសង្កាត់ ជាមួយគ្នា។

តាមប្រភពពីសាក្សីឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូកាត់មុខផ្ទះជនសង្ស័យ ស្រាប់តែភ្លាមនោះ ក៏ត្រូវជនសង្ស័យទាញដំបងឈើចេញទៅស្ទាក់វាយលើជនរងគ្រោះចំដៃខាងឆ្វេងបណ្តាលមានរបួសដោយមិនដឹងមូលហេតុ តែម្តង ហើយភ្លាមនោះ ជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីពេទ្យជ័យជំនះ ដើម្បីព្យាបាលរួចបានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ចុះឃាត់ខ្លួនជនសង្ស័យដើម្បី ធ្វើការសាកសួរ ព្រមទាំងដកហូតវត្ថុតាង ដំបងឈើ១ដើម ប្រវែង៦៦សង់ទីម៉ែត្រ៕

RELATED ARTICLES