Tuesday, August 26, 2025
Homeសង្គម និងជីវិតខឹងម៉ែជេរស្តី កូនស្រីផឹកថ្នាំពុលសម្លាប់ខ្លួន

ខឹងម៉ែជេរស្តី កូនស្រីផឹកថ្នាំពុលសម្លាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ នារីវ័យក្មេងម្នាក់បានដើរលេងតាំងពីព្រឹក រហូតដល់ល្ងាចទើបត្រឡប់ចូលផ្ទះ ក៏ត្រូវម្តាយជេរស្តីប្រដៅតិចតួច  ស្រាប់តែឈឺចិត្តស្អិតទ្រូង មានគំនិតខ្លី យកថ្នាំពុលមកផឹកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។

នារីចិត្តខ្លាំងគំនិតខ្លី ដែលផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងម្តាយស្តីបន្ទោសតិចតួច មានឈ្មោះហ៊ន ស្រីល័ក្ខ អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិរបស់នារីរងគ្រោះ បានបង្ហើបប្រាប់ថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានចេញទៅដើរលេងជាមួយមិត្តភក្តិ តាំងពីព្រឹករហូតដល់ល្ងាច ទើបត្រឡប់មកផ្ទះវិញ។ លុះមកដល់ក៏ត្រូវម្តាយជេរស្តីប្រដៅតិចតួច ដើម្បីឱ្យកូនស្រីកែប្រែនូវអត្តចរិត កាត់បន្ថយការ ដើរលេងឥតប្រយោជន៍ បើទំនេរគួរនៅផ្ទះជួយមើលការខុសត្រូវការងារផ្ទះវិញប្រសើរជាង។ លុះគ្រាន់តែម្តាយស្តីបន្ទោសផុតពីមាត់ កូនស្រីនេះក៏តូចចិត្តតូចថ្លើម ដើរចូលទៅក្នុងផ្ទះសម្ងំផឹកថ្នាំកណ្តុរសម្លាប់ខ្លួន រួចក៏ដើរចេញពីផ្ទះរបស់នាង ទៅតូបរបស់បងថ្លៃ រកទិញទឹកសុទ្ធផឹក។ បន្ទាប់មក ភ្លាមៗនោះនារីរងគ្រោះ ក៏ចាប់ផ្តើមកើតមានអាការៈក្អួតចង្អោរ ធ្វើឱ្យបងថ្លៃរបស់នាងងឿងឆ្ងល់ សួរនាំថា អាល័ក្ខស្រវឹងស្រាឬ? ស្រាប់តែនារីរងគ្រោះ បានឆ្លើយតបវិញថា អត់ទេ ខ្ញុំផឹកថ្នាំកណ្តុរ។

ប្រភពដដែលបន្តថា នៅពេលលឺសម្តីនារីរងគ្រោះដំបូង បងស្រីនឹកស្មានថានាងនិយាយលេង លុះឃើញនាងក្អួតកាន់តែខ្លាំងនិងធុំក្លិនឆួល ថ្នាំកណ្តុរផងនោះ ទើបប្រញាប់រត់ទៅហៅឪពុកម្តាយ ហើយនាំគ្នាដឹកនារីរងគ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។ លុះទៅដល់ គ្រូពេទ្យឃើញសភាពធ្ងន់ធ្ងរពេក ក៏ប្រាប់ឱ្យក្រុមគ្រួសារបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមង្គលបុរី។ ប៉ុន្តែក្រុមគ្រួសារបានដឹកបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។ ជាអកុសល ដោយសារថ្នាំពុលមានកម្លាំងខ្លាំងពេក ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន បណ្តាលឱ្យនារីរងគ្រោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ៕

RELATED ARTICLES