ខេត្តកំពង់ធំ ៖ បុរសម្នាក់ បានចេញទៅដាក់លបជាមួយនឹងមិត្តភក្តិ លុះទៅដល់មិត្តភក្តិបានពាក់បំពង់អុកស៊ីសែន (ឧបករណ៍ជ្រមុជទឹក) ចុះទៅដាក់លបនៅក្នុងទឹកជ្រៅ លុះពេលឡើងមកវិញ ជនរងគ្រោះនឹកចង់សាកល្បង ក៏សុំពាក់ រួចចុះទៅក្នុងទឹកដែរ ស្រាប់តែអកុសលមិនចេះពីវិធីដកដង្ហើមតាមបំពង់អុកស៊ីសែន ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង។
បុរសរងគ្រោះខាងលើ មានឈ្មោះម៉ន មែន អាយុ៣១ឆ្នាំ មុខរបរនេសាទ មានលំនៅក្នុងភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង។
តាមសម្តីបុរសឈ្មោះផាន់ ជា អាយុ៤៨ឆ្នាំ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រហែលជា១២ថ្ងៃត្រង់ ជនរងគ្រោះបានចេញទៅដាក់លបជាមួយឈ្មោះអ៊ាន អ៊ុច ភេទប្រុស នៅចំនុចមាត់ទន្លេក្នុងភូមិបាឡត ដោយក្នុងពេលដាក់លប ជនរងគ្រោះនៅលើទូក ចំណែកឈ្មោះអ៊ាន អ៊ុច ពាក់បំពង់អុកស៊ីសែនចុះក្នុងទឹក។ លុះពេលដាក់រួចឈ្មោះអ៊ាន អ៊ុច បានឡើងមកលើទូកវិញ ពេលនោះជនរងគ្រោះ ក៏សុំឈ្មោះអ៊ាន អ៊ុច សាកពាក់បំពង់អុកស៊ីសែនចុះមុជទឹកម្តង ទាំងដែលជនរងគ្រោះមិនធ្លាប់ប្រើប្រាស់ឧបករណ៍មុជទឹកនេះទេ។
ប្រភពដដែលបន្តថា លុះក្រោយពីចុះទៅក្នុងទឹកបានមួយសន្ទុះ ឈ្មោះអ៊ាន អ៊ុច ឃើញពពុះទឹកពីក្រោមទឹក នៅតែមួយកន្លែង ទើបចុះទៅតាមទាញជនរងគ្រោះមកពីក្នុងទឹក ក៏សន្លប់បាត់ស្មារតីហើយ តែនៅមានដង្ហើមនៅឡើយ។ ភ្លាមនោះឈ្មោះអ៊ុច បានដឹកជនរងគ្រោះមកផ្ទះ នៅភូមិបាឡត ដើម្បីជួយសង្គ្រោះ តែជនរងគ្រោះនៅតែនិយាយមិនកើត មិនដឹងខ្លួនដដែល ទើបដឹកជនរងគ្រោះបន្តទៅផ្ទះឯភូមិជីមាស ឃុំម្សាក្រង ពេលមកដល់ផ្ទះ បានហៅរថយន្តពេទ្យមកយកបន្តទៅ មន្ទីរពេទ្យ តែពេលរថយន្តពេទ្យមកដល់ មិនទាន់បានលើកដាក់រថយន្តផង ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យ៕