Tuesday, August 26, 2025
Homeសង្គម និងជីវិតអាក្រាតកាយដើរវ៉ៃអ្នកជិតខាង គប់ប៉ូលិស

អាក្រាតកាយដើរវ៉ៃអ្នកជិតខាង គប់ប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុងសភាពអាក្រាតកាយ បានស្រែកឡូឡា អុកឡុកពេញភូមិ និងថែមទាំងបានបង្កហិង្សាវាយបុរសចំណាស់ម្នាក់ ដែលរស់នៅក្បែរផ្ទះគ្នាបណ្តាលឱ្យរងរបួសទៀតផង លុះសមត្ថកិច្ចចុះមកដល់ ស្រាប់តែបុរសបង្កបានទាញដុំដែក គប់សមត្ថកិច្ចថែមទៀត បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចសំណង់ផ្ទះល្វែង ហុក លី ស្ថិតនៅផ្ទះលេខ 8G ផ្លូវលេខ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ជនបង្កខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិវៀតណាម មានប្រពន្ធកូន ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កខាងលើ ស្ថិតក្នុងសភាពអាក្រាតកាយ បានដើរអុកឡុក ស្រែកឡូឡាដូចមនុស្សបែកថ្នាំ និងបានបង្កហិង្សាវាយបុរសចំណាស់ រស់នៅក្បែរផ្ទះ បណ្តាលឱ្យរងរបួសស្រាល ទើបធ្វើឱ្យអ្នកជិតខាង បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍ភ្លាមៗ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ស្រាប់តែជនបង្កបានព្យាយាមតដៃ ទាញដុំដែកគប់សមត្ថកិច្ចម្នាក់ទៀតផង ប៉ុន្តែគប់មិនត្រូវ ដោយគេចទាន់។

ដោយឡែក តាមប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ថា បុរសជនជាតិវៀតណាមខាងលើនេះ សង្ស័យជាមនុស្សបែកថ្នាំ ព្រោះតែងតែអុកឡុកប្រពន្ធកូន ស្រែកឡូឡារំខានអ្នកដទៃទាំងកណ្តាលយប់ បង្កហិង្សាច្រើនលើកជាច្រើនសារមកហើយ មិនតែប៉ុណ្ណោះ ធ្លាប់ឡើងទៅលើដំបូលផ្ទះដុតសំរាមទៀតផង ដែលធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅជិតខាងមានការភ័យខ្លាច ព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់ពួកគាត់យ៉ាងខ្លាំង៕

RELATED ARTICLES