ខេត្តកំពង់ចាម ៖ បុរសម្នាក់ បានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងហាងមួយកន្លែង ប៉ុន្តែដោយសារផឹកស្រវឹងចេះតែរពឹសដៃលូកលើ លូកក្រោម ហាមមិនស្តាប់ រញ៉េរញ៉ៃពេក ក៏នាំគ្នារត់គេចចេញអស់ ធ្វើឱ្យបុរសរូបនេះ ផ្ទុះកំហឹងអត់មានស្រីកំដរ ក៏ចេញមកក្រៅហាងខារ៉ាអូខេ ស្រែកឡូឡា រួចទាញដំឥុំដ្ឋគប់សំដៅនារីខារ៉ាអូខេ ប៉ុន្តែត្រូវពួកនាងៗគេចទាន់ បណ្តាលឱ្យដុំឥដ្ឋហោះទៅចំកញ្ចក់រថយន្តថៅកែហាង ដែលចតក្បែរនោះបែកខ្ចាយ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន (រពឹសដៃជាប់ខ្នោះ)។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះសំណាក់ និងខារ៉ាអូខេ យីហោ “ភ្នំមាស” មានទីតាំងស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ។
ជនបង្កហេតុខាងលើ មានឈ្មោះជា ជោត អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះប៊ូ សុខកេង ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ហាងខារ៉ាអូខេ “ភ្នំមាស” ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានចូលមកផឹកស៊ីច្រៀងខារ៉ាអូខេ នៅក្នុងហាងខាងលើ និងបានហៅនារីខារ៉ាអូខេឱ្យមកអង្គុយកំដរខ្លួនទៀតផង។ លុះបន្ទាប់ពីផឹកស៊ីស្រវឹង ជនសង្ស័យក៏ចាប់ផ្តើមរពឹសដៃ លូកលិចលូកកើត ធ្វើឱ្យនារីដែលកំពុងអង្គុយកំដរមិនសប្បាយចិត្ត ក៏ព្យាយាមហាមប្រាមដែរ តែជនសង្ស័យមិនព្រមស្តាប់ នៅតែរញ៉េរញ៉ៃមិនឈប់ រហូតធ្វើឱ្យនារីបម្រើខារ៉ាអូខេ ទ្រាំលែងបាន ក៏នាំគ្នារត់ចេញពីបន្ទប់អស់។ លុះអត់មាននារីៗអង្គុយកំដរ ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ក៏ដើរចេញមក ខាងមុខហាង ស្រែកឡូឡា រួចទាញដុំឥដ្ឋគប់សំដៅនារីខារ៉ាអូខេ ប៉ុន្តែនាងៗបានគេចផុត ធ្វើឱ្យដុំឥដ្ឋនោះ បានខ្ទាតទៅចំកំញ្ចក់រថយន្តថៅកែហាង ដែលចតនៅក្បែរនោះ បណ្តាលឱ្យបែកកញ្ចក់ផ្នែកខាងក្រោយអស់៕