ខេត្តកំពង់ចាម ៖ បុរសម្នាក់បានគ្រងឯកសណ្ឋានជាកម្លាំងអាវុធហត្ថ រួចបានកាន់កាំភ្លើងខ្លី១ដើម ធ្វើសកម្មភាពគំរាមសម្លាប់នារីម្នាក់ លុះនារីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ទើបដឹងថា ជនសង្ស័យមិនមែនជាមន្ត្រីប៉េអឹមនោះទេ គ្រាន់តែយកឯកសណ្ឋានមកស្លៀកដើរអួតអាងគេឯង ចំណែកកាំភ្លើងដែលប្រើបាស់ ក៏មិនមែនជាកាំភ្លើងពិតប្រាកដដែរ តែជាកាំភ្លើងប្រើហ្គាស។
ករណីមន្ត្រីអាវុធហត្ថក្លែងក្លាយកាន់កាំភ្លើងគំរាមសម្លាប់នារីម្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះម្តាយរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិចំណោម ឃុំបុសខ្នុរ ស្រុកចំការលើ។ លុះមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញអាវុធហត្ថ ក៏ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិប្រសើ ឃុំបុសខ្នុរ ស្រុកចំការលើ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះព្រុំ នាង ហៅព្រំតារាណុច អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ 56E ផ្លូវ៥៨៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះ មានឈ្មោះហួត ហ្វុងហ្វុង អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ 75T ផ្លូវជា សុផារ៉ា សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។
តាមប្រភពពីកម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នារីរងគ្រោះឈ្មោះហួត ហ្វុងហ្វុង បានដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះព្រុំ នាង ថាបានយកអាវុធខ្លីមិនស្គាល់ម៉ាក មកភ្ជង់គំរាមសម្លាប់នាង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះម្តាយរបស់នាង ក្នុងខណៈពេលដែលនាងធ្វើដំណើរមកលេងផ្ទះម្តាយឈ្មោះស៊ាង ពៅ នៅភូមិចំណោម ឃុំបុសខ្នុរ ស្រុកចំការលើ។
ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕