ខេត្តពោធិ៍សាត់ ៖ បុរសជាគ្រូបង្រៀនម្នាក់ ព្រោះតែមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងពេក ទើបចេះតែរករឿងឈ្លោះប្រកែកគ្នាជារៀងរាល់ ថ្ងៃ រហូតដល់ចុងក្រោយ បន្ទាប់ពីផឹកស្រាស្រវឹង ជោកជាំ ភ្លើងប្រចណ្ឌបានដុតឆេះឆួលពេញ ដើមទ្រូងទ្រាំលែងបាន ក៏បង្កហិង្សាវាយប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់។
ហេតុការណ៍បុរសជាគ្រូបង្រៀនវាយប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ព្រោះតែភ្លើងប្រចណ្ឌនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង១៥នាទីព្រលប់ ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង ពោធិ៍សាត់។
ជនដៃដល់ជាប្តីដែលវ៉ៃប្រពន្ធប៊ិះស្លាប់ មានឈ្មោះស រ៉េត មុខរបរជាគ្រូបង្រៀន។ ចំណែក ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះហែម ស៊ីម មុខរបរនៅផ្ទះ។ ប្តីប្រពន្ធទាំងពីរនាក់នេះ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ ថា ក្រុមគ្រួសារខាងលើនេះ រស់នៅមិនសូវចុះ សម្រុងនឹងគ្នាប៉ុន្មានទេ ដោយសារតែបុរសជាប្តី ត្បិតថាជាគ្រូបង្រៀនមែន តែហាក់មិនសូវមាន ការពិចារណាវែងឆ្ងាយនោះទេ ចេះតែមានចិត្តប្រចណ្ឌហួងហែងប្រពន្ធមិនឈប់ និងថែមទាំង ជាមនុស្សចូលចិត្តផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃទៀតផង។
ប្រភពដដែលបន្តថា ដោយសារតែភ្លើង ប្រចណ្ឌនេះហើយ ទើបធ្វើឱ្យគ្រួសារខាងលើ តែងកើតមានរឿងរកាំរកូសមិនឈប់ឈ្លោះប្រកែកគ្នាជាញឹកញាប់ និងថែមទាំងឈានដល់អំពើហិង្សាទៀតផង គ្រាន់តែមិនធ្ងន់ធ្ងរដូចលើកនេះឡើយ។
ប្រភពខាងលើ បានបញ្ជាក់ថា នៅមុនពេល កើតហេតុ បុរសជាប្តីបានចេញទៅផឹកស្រា រហូតដល់ស្រវឹងជោកជាំ ទើបត្រឡប់មកផ្ទះវិញ លុះគ្រាន់តែមកដល់ផ្ទះ ក៏ចាប់ផ្តើមរករឿង ឈ្លោះប្រកែក ចោទប្រកាន់ប្រពន្ធថា មានចិត្តមិនស្មោះត្រង់នឹងប្តី ទោះជាប្រពន្ធប្រឹងពន្យល់ បកស្រាយយ៉ាងណា ក៏ប្តីនេះនៅតែមិនព្រមស្តាប់ រួចក៏ស្ទុះទៅវាយដំច្រំធាក់ប្រពន្ធយ៉ាងចាស់ដៃ បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធរង របួសធ្ងន់ និងត្រូវសាច់ញាតិ អ្នកជិតខាងជួយ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕