ខេត្តសៀមរាប ៖ នារីវ័យក្មេងម្នាក់ ទើបនឹងភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងថ្មោងថ្មី និងគ្រោងដឹកដៃគ្នាចូលរោងការទៅហើយ ស្រាប់តែមកជួបគ្រោះអកុសល បាត់បង់ជីវិត ខណៈដែលជិះម៉ូតូដើរលេងជាមួយគូដណ្តឹង និងត្រូវខាងប្រុសអះអាងថា ដួលម៉ូតូបណ្តាលឱ្យខាងស្រីស្លាប់ ប៉ុន្តែស្ត្រីជាម្តាយកើតទុក្ខមិនសុខចិត្តសង្ស័យថា ជាអំពើឃាតកម្ម ដោយសារតែពិនិត្យឃើញថា សភាពកូនស្រី គ្មានស្នាមរបួសអ្វីដូចដែលគូដណ្តឹង អះអាងថា ដួលម៉ូតូសោះ។
ករណីនារីវ័យក្មេងត្រូវគូដណ្តឹងដឹកដើរលេងរួចក៏ដួលម៉ូតូស្លាប់នេះ បានកើតឡើងតាំងពីវេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិគោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម។
នារីរងគ្រោះ មានឈ្មោះតាន់ឌី ស៊ីយ៉ា អាយុ២៤ឆ្នាំ មុនពេលស្លាប់រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម បានភ្ជាប់ពាក្យ និងគ្រោងរៀបការជាមួយគូដណ្តឹងឈ្មោះសេង ពិសិទ្ធ។
តាមសម្តីស្ត្រីឈ្មោះឈុំ ង៉ិ អាយុ៥២ឆ្នាំ មានលំនៅភូមិគោមន ឃុំដំដែក ស្រុកសូទ្រនិគម ត្រូវជាម្តាយរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ កូនស្រីរបស់គាត់និងគូដណ្តឹងបានជិះម៉ូតូឌុបគ្នាដើរលេង ហើយបានដួលម៉ូតូបណ្តាលឱ្យកូនស្រីរបស់គាត់ស្លាប់ នៅលើផ្លូវ ក្នុងភូមិគោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម។ នៅក្នុងហេតុការណ៍នោះ ខាងប្រុសមិនមានរបួសធំដុំអ្វីសោះ ឯម៉ូតូក៏មិនមានការខូចខាតអ្វីដែរ។
ចំណែកសាកសពកូនស្រីរបស់គាត់ មិនមានដាច់មុខ ដាច់មាត់ ឬបាក់ដៃបាក់ជើងអ្វីទេ តែបែរជាផុងលលាដ៍ក្បាលផ្នែកខាងក្រោយទៅវិញ ដែលចំណុចនេះហើយ ធ្វើឱ្យគាត់មិនអស់ចិត្ត ហើយសង្ស័យថា ជាអំពើឃាតកម្ម។
ស្ត្រីជាម្តាយនារីរងគ្រោះបន្តថា ដោយសារតែហេតុផលខាងលើនេះ ទើបរូបគាត់បានប្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឡើងវិញ។ ប៉ុន្តែបណ្តឹងរបស់គាត់ បានដាក់តាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ រហូតមកទល់ពេលនេះ សំណុំរឿងបានឡើងទៅដល់តុលាការទៅហើយ តែនៅមិនទាន់ឃើញមានចំណាត់ការអ្វីនៅឡើយ។
ក្នុងករណីខាងលើនេះ យោងតាមកំណត់ហេតុចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ និងដីកាបញ្ជូនរបស់នគបាលស្រុកសូទ្រនិគម ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ បានបង្ហាញថា ជាករណីគ្រោះថ្នាក់ចរាចរណ៍៕