ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវប្តីហេងស៊យរត់ចោល ទាំងដែលជិតដល់ថ្ងៃសម្រាលកូនទៅហើយ លុះអត់មានទីពឹង សុំផ្ទះគេស្នាក់នៅបាន១០ថ្ងៃ ដល់ពេលឈឺពោះសម្រាល គ្មានលុយទៅមន្ទីរពេទ្យ ក៏ដាច់ចិត្តសម្រាលកូននៅក្នុងបន្ទប់ជួល បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវរថភ្លើង នៅចំណុចផ្ទះជួលគ្មានលេខ ស្ថិតនៅភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីអភ័ព្វដែលត្រូវប្តីរត់ចោល អត់មានលុយទៅមន្ទីរពេទ្យសម្រាលកូន រហូតដល់ឈឺពោះសម្រាលនៅក្នុងបន្ទប់ជួលនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានអាយុជិត៣០ឆ្នាំ មានកូនស្រីម្នាក់ឈ្មោះណៃ អាយុ៣ឆ្នាំ ចំណែកប្តីបានរត់ចោលបាត់ តាំងពីនាង មានផ្ទៃពោះជិតគ្រប់ខែមកម៉្លេះ។
តាមសម្តីស្ត្រី ឈ្មោះឡី អាន អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួលកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីអំឡុងពេលប្រមាណ១០ថ្ងៃមុននេះ គាត់បានឃើញស្ត្រីរងគ្រោះខាងលើ ដែលកំពុងមានផ្ទៃពោះប៉ុនកញ្ជើ រួមនឹងកូនស្រីតូចអាយុ៣ឆ្នាំម្នាក់ មិនដឹងមកពីខេត្តណាទេ បានមកអង្គុយម៉ង់ៗ២នាក់ម៉ែកូន នៅចំណុចមុខបន្ទប់ជួលរបស់គាត់ ហើយគ្មានសូម្បីតែលុយ១០០រៀលសម្រាប់ទិញបាយហូប លុះគាត់ឃើញអាណិត ដោយសារស្ត្រីរូបនោះមានផ្ទៃពោះជិតគ្រប់ខែហើយ មិនដឹងទៅពឹងពាក់អ្នកណាក៏សម្រេចចិត្តឱ្យស្ត្រីមានផ្ទៃពោះរូបនេះ រួមនឹងកូនស្រីតូច ស្នាក់នៅជាមួយបណ្តោះអាសន្នសិនចុះ ទម្រាំសម្រាលកូនរួច ចាំគិតបន្តទៀត។
ស្ត្រីខាងលើបន្តថា លុះមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ គាត់ឃើញស្ត្រីរងគ្រោះ បានដើរទៅដើរមក ហាក់ដូចជាឈឺពោះ តែនាងមិនបាននិយាយស្តីអ្វីទាំងអស់ លុះពេលដល់ម៉ោង១០យប់ ស្រាប់តែចាប់ផ្តើមឈឺពោះខ្លាំងឡើយ ហើយគ្មានលុយ សម្រាប់ទៅសម្រាលកូននៅមន្ទីរពេទ្យ ក៏បានសម្រេចថាសម្រាលកូននៅក្នុងបន្ទប់ជួលតែម្តង ទីបំផុតក៏សម្រាលបានកូនប្រុសម្នាក់ និងបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋក្បែរខាង ជួយទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅព្យាបាលតែម្តង ចំណែកឯកូនស្រីតូចម្នាក់ទៀតបានផ្ញើនៅជាមួយគាត់ បណ្តោះអាសន្នសិន៕