ខេត្តកំពង់ចាម ៖ ក្រុមគ្រួសារទុរគតមួយ បានសម្រាលកូនភ្លោះប្រុស៣នាក់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែដោយសារតែសុខភាពទារកទាំង៣ មានសភាពទ្រុឌទ្រោម ចុះខ្សោយ ចាំបាច់ត្រូវក្រុមគ្រូពេទ្យជំនាញ ដាក់ចិញ្ចឹមក្នុងកែវវិទ្យាសាស្ត្រ ដើម្បីបំប៉នឱ្យមានសុខភាពល្អដូចគេឯង។
ស្ត្រីដែលសម្រាលបានកូនភ្លោះ៣នាក់នេះ មានឈ្មោះប៊ុន កុសល អាយុ២៥ឆ្នាំ មានប្តីចេញទៅធ្វើការនៅស្រុកឆ្ងាយ និងមានលំនៅក្នុងភូមិទី៣ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា។
លោកប៊ុន ស្រុី អាយុ៥៧ឆ្នាំ ត្រូវជាឪពុកបង្កើតស្ត្រីដែលសម្រាលកូនភ្លោះ៣ បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កូនស្រីរបស់គាត់ឈ្មោះប៊ុន កុសល ដែលកំពុងមានផ្ទៃពោះ តែមិនទាន់គ្រប់ខែនៅឡើយ ស្រាប់តែបានចាប់ផ្តើមឈឺពោះបន្តិចម្តងៗ ខណៈដែលប្តី របស់នាង (កូនប្រសាប្រុស) បានចេញទៅធ្វើការនៅស្រុកឆ្ងាយមិនទាន់ ត្រឡប់មកវិញនៅឡើយ។ ដោយសារតែនៅក្រោមផ្ទះ ត្រូវបានទឹកទន្លេ ឡើងមកជន់លិចអស់ ទើបគាត់ត្រូវបញ្ជូនកូនស្រីទៅកាន់មណ្ឌលសុខភាពព្រែកអាជីតាមទូក។
ឪពុករបស់ស្ត្រីសម្រាលកូនភ្លោះ៣ បានបន្តថា លុះគាត់មិនទាន់បានដឹកកូនស្រីតាមទូកទៅមណ្ឌលសុខភាពផង ក៏ត្រូវគ្រូពេទ្យជិះកង់ កាត់ទឹកមកផ្ទះរបស់គាត់ដើម្បីជួយដល់កូនស្រី ដែលមានផ្ទៃពោះនេះជាកូនទី២ និងបាននាំគ្នាដឹកតាម កាណូតរបស់ដន្លងមកឈប់នៅជើងភ្នំ ហាន់ជ័យ។ ទើបទាក់ទងហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម លុះទៅដល់នៅវេលាម៉ោង១១ព្រឹក ថ្ងៃដដែល កូនស្រីរបស់គាត់បានសម្រាល កូនភ្លោះដល់ទៅ៣នាក់ សុទ្ធតែប្រុស ធ្វើឱ្យគាត់មានចិត្តត្រេកអរផង ពិបាកចិត្តផង។ ត្រេកអរនៅត្រង់ថា បានចៅម្តងដល់ទៅ ៣នាក់ ប៉ុន្តែក៏មានចិត្តព្រួយបារម្ភផងដែរ ព្រោះមិនដឹងថា មានលទ្ធភាពចិញ្ចឹមចៅភ្លោះនេះបានកម្រិតណាទេ។
បុរសជាជីតាកូនភ្លោះ៣ បានបញ្ជាក់ថា ដោយសារតែចៅភ្លោះរបស់គាត់ ដល់ទៅ៣នាក់ ណាមួយសម្រាលមិនទាន់គ្រប់ខែផង ទើបធ្វើឱ្យសុខភាពទាំងម្តាយ និងកូន មិនសូវល្អទេ ក្នុងនោះចៅភ្លោះទាំង៣ ត្រូវគ្រូពេទ្យដាក់ចិញ្ចឹមក្នងកែវ ហើយដោយសារតែជីវភាពគ្រួសារ ទីទ័លក្រ ខ្វះខាតខ្លាំង មិនមានលទ្ធភាពទិញទឹកដោះគោឱ្យចៅៗបៅ ទើបគាត់ជាជីតា សម្រេចចិត្តលើកម្រាមដៃដប់ អំពាវនាវដល់សម្តេចហ៊ុន សែន មេត្តា ជួយសង្គ្រោះចៅភ្លោះទាំង៣ ដែលមានឈ្មោះជាកូនភ្លោះ៣របស់សម្តេច ហ៊ុន សែន ដោយក្តីអនុគ្រោះផង។
លោកវេជ្ជបណ្ឌិត ណែម ប៊ុនធឿន ប្រធានផ្នែកសម្ពពរោគស្ត្រីនៃមន្ទីរពេទ្យខេត្ត មានប្រសាសន៍ថា កូនភ្លោះទាំង៣ខាងលើសុទ្ធតែប្រុស បានប្រសូតនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ក្នុងនោះកូនទី១ទម្ងន់១,៩គីឡូក្រាម កូនទី២ទម្ងន់១,៧គីឡូក្រាម និង កូនទី៣ទម្ងន់១,៦គីឡូក្រាម កូនទាំង៣នាក់ត្រូវបានយកទៅចិញ្ចឹមដាក់ក្នុងកែវវិទ្យាសាស្ត្រដើម្បីឱ្យមានសុខភាពល្អ។ ចំណែកស្ត្រីជាម្តាយរបស់ ទារកក្រោយពីប្រសូតបានធ្លាក់ឈាម និងខ្សោយស្បូនតែត្រូវបានគ្រូពេទ្យសង្គ្រោះទាន់ពេលវេលាផុតពីគ្រោះថ្នាក់ផងដែរ៕