Tuesday, August 26, 2025
Homeសង្គម និងជីវិតសន្តិសុខធនាគារ រៀបរាប់ហេតុការណ៍ ចោរភ្ជង់ប្លន់ កាលពីម្សិលមិញ

សន្តិសុខធនាគារ រៀបរាប់ហេតុការណ៍ ចោរភ្ជង់ប្លន់ កាលពីម្សិលមិញ

ភ្នំពេញ ៖ បុរសវ័យចំណាស់ ជាសន្តិសុខយាមប្រចាំការខាងមុខធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank) ដែលត្រូវ ក្រុមជនសង្ស័យជាចោរប្លន់ ភ្ជង់គំរាម មុនធ្វើសកម្មភាពប្លន់ប្រមូលលុយពីក្នុងធនាគារ បាន រៀបរាប់ពីហេតុការណ៍ទាំងអារម្មណ៍ភ័យតក់ស្លុត មិនទាន់បាត់នៅឡើយថា គាត់ពិតជាសំណាង ធំណាស់ ដែលក្រុមចោរបានទុកជីវិតឱ្យ។

បុរសចំណាស់ជាសន្តិសុខ ដែលត្រូវចោរភ្ជង់ប្លន់ធនគារ រូបនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមាន វ័យ ប្រមាណជាង៦០ឆ្នាំ បម្រើការជាសន្តិសុខ ក្នុងក្រុមហ៊ុនឯកជនមួយ។

តាមសម្តីសន្តិសុខវ័យចំណាស់រូបនេះ បានរៀបរាប់ទាំងអារម្មណ៍មិនទាន់បាត់ភ័យនៅឡើយថា “ខ្ញុំនៅក្នុងហេតុការណ៍ប្លន់នោះផ្ទាល់តែម្តង ដំបូងវាដើរពីត្បូងមកចូល ខ្ញុំស្រែកថា កុំចូលដោះមួកចេញអាអូន ចាំចូលវាអត់ដោះមួក វាចាប់យើងភ្ជង់យកចូលក្នុង រួចហើយវាអត់ឱ្យយើងស្រែក អត់ឱ្យយើងឈរអីទេ ឱ្យនៅឱ្យស្ងៀម រួចយើងក៏តាមវាទៅ ពេលនោះ គ្នាវារត់ចូល លោតចូលទៅប្លន់តែម្តង កន្លែងលុយចូល២នាក់ ៣នាក់ចឹងទៅ វាប្រមូលយកលុយកាក់ទៅ លុះបានលុយហើយ ពួកវាក៏អត់ មានប្រទូសរ៉ាយអ្វីដែរ ចំណែកខ្ញុំភ័យខ្លាំងណាស់ ព្រោះមិនដែលមាន អ្នកណាគេមកភ្ជង់អ៊ីចឹងផង ហើយសំណាងណាស់ ដែលចោរទុកជីវិតឱ្យពេលហ្នឹងម៉ោង១១ជាង ជិត១២ហើយ ហើយ នៅក្នុងធនាគារ មានអ្នកធ្វើការ៤-៥នាក់ទេ ព្រោះគេចេញទៅហូបបាយអស់ហើយ ចំណែកភ្ញៀវមានតែម្នាក់ទេ ចំណែកគ្នាចោរប្លន់មានគ្នា៥នាក់ តាំងពីមុនបោះឆ្នោត មកមានប៉ូលិស យាមជាមួយ តែតាំងពីបោះឆ្នោតហើយមក អត់មានប៉ូលិសទេ ចំណែកលុយដែលចោរប្លន់ទៅនោះ ខ្ញុំអត់ដឹងប៉ុន្មានទេ ព្រោះខ្ញុំនៅក្រៅឯណេះ មិនហ៊ានសាកសួរគេរឿង អ៊ីចឹងៗទេ ហើយក្រោយកើតហេតុ ប៉ូលិសបានហៅខ្ញុំទៅ សួរនាំច្រើនដែរ…”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១ និង ៤៨នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានករណីប្លន់ប្រដាប់អាវុធដ៏កក្រើកមួយបាន កើតឡើង នៅចំណុចធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank) ដែលមាន ទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៅសេទុង ចំណុចផ្នែកខាងក្រោម អគារវិទ្យាស្ថានវ៉ាន់ដា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយជនសង្ស័យចិត្តស្លុយ មួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានធ្វើសកម្មភាពសម្រុកចូលប្លន់ធនាគារខាងលើ យ៉ាងគឃ្លើន ទាំងកណ្តាលថ្ងៃ នៅកណ្តាលរាជធានីភ្នំពេញ និងបានប្រមូល យកប្រាក់ប្រមាណ ជាង១០ម៉ឺនដុល្លារ។

បន្ទាប់ពីកើតហេតុការណ៍ប្លន់ធនាគារខាងលើនេះ សមត្ថកិច្ចបានតាមប្រមាញ់ចាប់ជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនយុវជនម្នាក់ ដែលជាប់សង្ស័យថា ជាបក្ខពួករបស់ក្រុមចោរប្លន់ទាំងនោះ ខណៈដែលយុវជនរូបនោះ បានពាក់អាវយឺតដៃវែង ដែលមានអក្សរនៅត្រង់ដៃអាវ។ ប៉ុន្តែក្រោយសមត្ថកិច្ចជំនាញ ធ្វើការសាកសួរយុវជនរូបនោះអស់ជាច្រើនម៉ោងរួចមក និងរកមិនឃើញតម្រុយដែលសង្ស័យ ទើបសមត្ថកិច្ច បានសម្រេចចិត្តដោះលែងយុវជនរូបនោះ ឱ្យត្រលប់មកផ្ទះវិញ កាលពីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

ដោយឡែកក្រោយកើតករណីប្លន់ខាង លើរួចមក នៅវេលាម៉ោង៧ និង៣៣នាទីយប់ ថ្ងៃដដែលនោះ ខាងធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank) បានចេញនូវសេចក្តីប្រកាសមួយភ្លាមៗថា “ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា មានករណីប្លន់មួយបានកើតឡើងនៅសាខា ធនាគារ អ អេច ប៊ី ម៉ៅសេទុង របស់យើងខ្ញុំ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង១១ និង ៤៨នាទីព្រឹក។ ក្នុងហេតុការណ៍នោះដែរ ពុំមានអ្នករងគ្រោះនោះទេ ពោលទាំងបុគ្គលិក និងអតិថិជន គឺមានសុវត្ថិភាព។ ករណីប្លន់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ សាខាយើងខ្ញុំ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត។ យើងខ្ញុំនឹងផ្តល់ ព័ត៌មានដែលទាក់ទងនឹងការបើកដំណើរការសាខាឡើងវិញ តាមរយៈគេហទំព័រ និងបណ្តាញ សង្គមរបស់យើងខ្ញុំ។ យើងខ្ញុំសូមធានា និងអះអាងជូនអតិថិជន ទាំងអស់ថា រាល់ប្រាក់បញ្ញើ សន្សំ និងការវិនិយោគរបស់លោកអ្នកនៅតែមានសុវត្ថិភាពដដែល…”។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេ ឃើញជនសង្ស័យ ៥-៦នាក់ ស្លៀកពាក់ស៊ីវិល បានជិះម៉ូតូ២គ្រឿង (ពណ៌ខ្មៅ១គ្រឿង ពណ៌ ក្រហម១គ្រឿង) គ្មានពាក់ស្លាកលេខដូចគ្នា មកឈប់នៅលើចិញ្ចើមផ្លូវម៉ៅសេទុង មុខធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា ខាងលើ បន្ទាប់មក ក្រុមជនសង្ស័យទាំងនោះ ក៏បាននាំគ្នាចុះពីលើម៉ូតូ ដើរសំដៅទៅរកសន្តិសុខឯកជន ដែលកំពុងអង្គុយ យាមប្រចាំការនៅ ខាងមុខធនាគារ រួចក៏ដកកាំភ្លើងភ្ជង់គំរាម បន្ទាប់មក ជនសង្ស័យ២នាក់ បាននៅឈរចាំយាមផ្លូវនៅខាងក្រៅ ចំណែកបក្ខពួកផ្សេងទៀត បានចាប់អូសបុរស ជាសន្តិសុខចូលទៅខាងក្នុងធនាគារ រួចក៏ធ្វើ សកម្មភាព ភ្ជង់គំរាមឱ្យបុគ្គលិកធនាគារប្រមូលលុយយកមកឱ្យពួកគេ បានប្រមាណជាង១០ ម៉ឺនដុល្លារ។ ក្រោយពីបានលុយដល់ដៃហើយ ក្រុមជនដៃដល់ ក៏ប្រញាប់ប្រញាល់ចាកចេញ ពីធនាគារវិញ រួចនាំគ្នាឡើង ជិះម៉ូតូបើកគេច ខ្លួនបាត់ស្រមោលអស់ភ្លាមៗ ដោយមិនបានបង្កឱ្យ មានការផ្ទុះអាវុធ ឬធ្វើឱ្យបុគ្គលិកធនាគារ ឬមនុស្សណាម្នាក់ទទួលរង របួសឡើយ គ្រាន់តែបង្កឱ្យទាំងបុគ្គលិក រួមទាំងភ្ញៀវដែលមានវត្តមាននៅក្នុងធនាគារ មានការភ័យស្លន់ស្លោ ភ្នែកនៅកញ្ចឹងកគ្រប់គ្នា និងមិននឹកស្មានដល់ សោះថា ក្រុមចោរថ្លើមធំ ហ៊ានធ្វើសកម្មភាពប្លន់ធនាគារ ទាំងកណ្តាលថ្ងៃ និងកណ្តាលរាជធានីភ្នំពេញ បែបនេះសោះ៕

RELATED ARTICLES