ភ្នំពេញ ៖ បុរសម្នាក់ ស្ថិតក្នុងសភាពស្រវឹងជោកជាំ បានជិះម៉ូតូដឹកភេទទី៣ម្នាក់ បំណងទៅរួមរ័កមេត្រី ស្រាប់តែមិនដឹងជាមានបញ្ហាអ្វី ក៏រេចង្កូតដួល បណ្តាលឱ្យរងរបួសបែកមុខបែកមាត់ ក៏ត្រូវភេទទី៣រូបនោះ ឆ្លៀតឱកាសលូកយកកាបូបលុយ និងទូរស័ព្ទរត់គេចខ្លួនបាត់ ស្រមោល បន្សល់ទុកជនរងគ្រោះឈឺខ្លួនឥតអំពើ។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងស្តុបសេះស ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវណតប៊្រីច ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះខាងលើស្រវឹងជោកជាំ បានបើកបរម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ឈាមជ្រូក អត់មានស្លាកលេខ និងមានភេទទី៣ម្នាក់ តែងខ្លួនធ្វើជាស្រីជិះពីក្រោយ បំណងទៅរកកន្លែងរួមរ័កមេត្រី ដោយធ្វើដំណើរតាមបណ្តោយផ្លូវណតប៊្រីច ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរេចង្កូតដួលម៉ូតូ បណ្តាលឱ្យបុរសដែលជាអ្នកបើកបររងរបួសរលាត់ដៃរលាត់ជើង និងមុខមាត់ ហើយភ្លាមៗនោះភេទទី៣ដែលរួមដំណើរ ជាមួយបុរសរងគ្រោះបានងើបមកលូកយកទូរស័ព្ទដៃមួយគ្រឿងម៉ាក សាំងសុង Galaxy7 ពីក្នុងហៅប៉ៅខោរបស់ជនរងគ្រោះរួចក៏រត់គេចខ្លួន បាត់ស្រមោល ហើយជនរងគ្រោះក៏ប្រឹងងើបរត់ដេញតាមពីក្រោយ និងស្រែកឱ្យគេជួយដែរ តែជនសង្ស័យជាភេទទី៣នោះ បានរត់ចូលទៅកន្លែងងងឹតគេចខ្លួនបាត់ទៅហើយ៕