Tuesday, August 26, 2025
Homeសង្គម និងជីវិតនេះហើយលទ្ធផលស្រវឹង ប្រពន្ធឃាត់មិនស្តាប់

នេះហើយលទ្ធផលស្រវឹង ប្រពន្ធឃាត់មិនស្តាប់

ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធ២នាក់ បាននាំគ្នាទៅចូលរួមពិធីជប់លៀងនៅផ្ទះមិត្តភក្តិ លុះផឹកស្រាស្រវឹងជោកជាំ ក៏បបួលប្រពន្ធឡើងឡាន ត្រឡប់មកផ្ទះវិញ តែប្រពន្ធឃើញប្តីស្រវឹងខ្លាំង មិនព្រមជិះជាមួយ និងហាមប្តីកុំឱ្យបើកឡានដែរ តែប្តីមិនស្តាប់ ទីបំផុតក៏បើកបោះពួយធ្លាក់ចូល ទៅក្នុងទឹកស្ទឹង បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍បុរសស្រវឹងបើកឡានធ្លាក់ទឹកលង់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ទឹងតូចកណ្តៀង ស្ថិតក្នុងភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង។

បុរសរងគ្រោះដែលបើកឡានធ្លាក់ទឹកស្ទឹង បណ្តាលឱ្យឈ្លក់ទឹកស្លាប់ មានឈ្មោះប៉ូច សោភា អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិបឹងក្រាញ ឃុំស្វាយលួង ស្រុកកណ្តៀង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានបើករថយន្ត១គ្រឿង ម៉ាកកាមរីពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2N-8401 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវក្រាលក្រួសក្រហមមួយខ្សែ បោះពួយយ៉ាងលឿន និងរេចង្កូតពេញផ្លូវ ម្តងទៅឆ្វេង ម្តងទៅស្តាប់ លុះពេលមកដល់ចំណុចខាងលើរថយន្តបានធ្លាក់ទឹកស្ទឹងតូចកណ្តៀង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឈប់ម៉ូតូ កង់ ឡាន ឈរមើលពេញផ្លូវ។

ប្រភពដដែលបន្តថា ភ្លាមនោះ ក៏មានប្រជាពលរដ្ឋបានស្ទុះចុះទៅជួយស្រង់ជនរងគ្រោះចេញពីក្នុងរថយន្តភ្លាមៗដែរ តែអកុសល ទម្រាំស្រង់បាន ជនរងគ្រោះបានឈ្លក់ទឹកស្លាប់នៅក្នុងរថយន្តរបស់ខ្លួនបាត់ទៅហើយ។

ដោយឡែក តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដឹកប្រពន្ធទៅក្នុងពិធីជប់លៀង មួយនៅផ្ទះមិត្តភក្តិ។ លុះក្រោយពីផឹកស្រវឹងជោកជាំ ជនរងគ្រោះ បានបបួលប្រពន្ធឡើងឡាន បំណងបើកត្រឡប់មកផ្ទះវិញ លុះប្រពន្ធឃើញប្តី (ជនរងគ្រោះ) ស្រាវឹងទោទន់ណាស់ទៅហើយ ទើបប្រកែកមិនឡើងជិះរថយន្តជាមួយប្តី និងថែមទាំងហាមមិនឱ្យប្តីបើករថយន្តដែរ ប៉ុន្តែបុរសជាប្តីមិនព្រមស្តាប់ ក៏បញ្ឆោះរថយន្ត រួចបើកចេញទៅតែម្នាក់ឯង ស្រាប់តែមិនបានប៉ុន្មានផង ក៏ជួបគ្រោះអកុសល បើករថយន្តធ្លាក់ទឹកស្ទឹង បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ ដោយបន្សល់ទុកឱ្យប្រពន្ធក្លាយជាស្រីមេម៉ាយ៕

RELATED ARTICLES