ខេត្តបាត់ដំបង ៖ យុវជនម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារគូទំនាស់របស់ខ្លួន ១កាំបិត បណ្តាលឱ្យរយះក្បាលយ៉ាងធ្ងន់ធ្ងរ រួចព្យាយាម រត់គេចខ្លួនអស់រយៈពេលជិត១ខែ ទីបំផុត ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
ជនសង្ស័យដែលកាប់គូទំនាស់ឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីរត់គេចខ្លួនអស់ជិត១ខែនោះ មានឈ្មោះរុំ ផៃរ៉ាត់ ហៅខេន អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ យុវជនរងគ្រោះ មានឈ្មោះផៃ
សុបញ្ញា អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង (រងរបួសក្បាលជាទម្ងន់)។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា យុវជនឈាមរាវឈ្មោះរុំ ផៃរ៉ាត់ បានប្រើកាំបិតកាប់ទៅលើយុវជនរងគ្រោះឈ្មោះផៃ សុបញ្ញា អាយុ១៦ឆ្នាំ នៅភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង ត្រូវចំក្បាលបណ្តាលឱ្យរងរបួសជាទម្ងន់ នៅក្នុងជម្លោះដ៏ឃោរឃៅមួយ កាលពីថ្ងៃទី២០ កក្កដា កន្លងទៅ ស្ថិតនៅចំណុចរង្វង់មូលព្រះនរាយ ក្នុងក្រុងបាត់ដំបង។
ប្រភពដដែលបន្តថា ក្រោយពីបង្កហិង្សា ជនដៃដល់បានរត់គេចខ្លួន លុះជននេះបង្ហាញខ្លួនវិញ ទើបកម្លាំងការិយាល័យជំនាញ ឃាត់ខ្លួនបាននៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយអនុវត្តតាម ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ៕