ខេត្តកណ្តាល ៖ បុរសម្នាក់ មិនដឹងជាខឹងនឹងម្តាយមីងរបស់ខ្លួនរឿងអ្វី ក៏ស្រាប់តែយកគល់ឈើ មកបុកទម្លុះទ្វារផ្ទះរបស់ម្តាយមីង រហូតដល់របើកសោ រួចក៏ចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ បណ្តាលឱ្យរងការខូចខាតអស់មួយចំនួនធំ លុះម្តាយមីងដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់អូសកយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។
ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះមួង ប៉ិច ភេទស្រី អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។ ចំណែកជនសង្ស័យ មានឈ្មោះហង្ស រស្មី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ត្រូវជាក្មួយរបស់ជនរងគ្រោះ (ឃាត់ខ្លួន)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅជនសង្ស័យធ្លាប់បានមកផ្ទះជនរងគ្រោះម្តងហើយ ឃើញផ្ទះចាក់សោរ ក៏បានយកគល់ឈើ ប្រវែង១,៣០ម៉ែត្រ បុកទ្វារផ្ទះ បណ្តាលឱ្យបែក និងរបើកសោរទ្វារ រួចចូលទៅក្នុងផ្ទះយកដង អំបោសដែកវាយអំពូលភ្លើងបែកអស់មួយឌីសង់ទរ័មួយ និងទូរកញ្ចក់ដាក់ខោអាវមួយ រួចក៏រត់គេចខ្លួនបាត់ស្រមោល៕