ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងអង្គុយជជែកគ្នាលេងជាមួយកូនប្រុសរបស់ខ្លួននៅខាងមុខផ្ទះ ស្រាប់តែត្រូវបុរសម្នាក់ដែលត្រូវគេអះអាងថា គឺជាមនុស្សវិកលចរិត បានជិះម៉ូតូមកឈប់ក្បែរ រួចចុះដកកាំបិតមកចាក់ប្រហារបុរសជាឪពុកចំនួន៣កាំបិត បណ្តាលឱ្យរង របួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ លុះឃើញបែបនេះ កូនប្រុសក៏ស្ទុះចូលជួយឪពុករបស់ខ្លួន ក៏ត្រូវជនដៃដល់ចាក់ប្រហារចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ទៀត។ ចំណែកជនដៃដល់ ក្រោយពីធ្វើសកម្មភាពរួច ក៏រត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញព័ទ្ធចាប់បាន យកទៅចាត់ការតាមច្បាប់។
ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានស្វាយស ស្ថិតក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
ជនសង្ស័យជាឃាតករ មានឈ្មោះអេង វិចត្រ អាយុ៤០ឆ្នាំ (ជាមនុស្សមានសតិមិនគ្រប់) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង២នាក់ឪពុក និងកូនប្រុស រួមមានបុរសជាឪពុកឈ្មោះអ៊ីម ណូ អាយុ៦៩ឆ្នាំ រងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ដោយឡែកកូនប្រុស មានឈ្មោះធារ៉ា អាយុ២៩ឆ្នាំ រងរបួសលើឆ្អឹងជំនីរចំនួន២កន្លែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំង២នាក់ឪពុក និងកូន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ឪពុក និងកូនប្រុស បាននាំគ្នាអង្គុយលេងនៅខាងមុខផ្ទះរបស់ខ្លួនជាមួយនឹងអ្នកភូមិម្នាក់ទៀតឈ្មោះធុច ប៊ុនធូ ភេទប្រុស។ ស្របពេលពួកគាត់កំពុងតែជជែកគ្នាលេងនោះ ស្រាប់តែលេចមុខជនសង្ស័យបានជិះម៉ូតូ១គ្រឿង មកឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ ហើយដើរចូលទៅជិតជនរងគ្រោះ រួចដកកាំបិតចុងស្រួច ចាក់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ឃើញបែបនេះ ជនរងគ្រោះជាកូនប្រុសក៏ស្ទុះចូលទៅជួយឪពុក ស្រាប់តែត្រូវជនសង្ស័យ ចាក់ប្រហារចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ថែមម្នាក់ទៀត។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានព្យាយាមរត់គេចខ្លួន តែភ្លាមៗនោះ ក៏ត្រូវបងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច និងបានស្ទុះទៅទាញដំបងដេញវាយ និងចាប់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់តែម្តង។
លោកវរសេនីយ៍ទោ វ៉ន សុភ័ណ អធិការរងនគរបាលស្រុកស្ទោង ទទួលផ្នែកព្រហ្មទណ្ឌ បានឱ្យដឹងថា ករណីឃាតកម្មខាងលើនេះ បង្កឡើងដោយជនសង្ស័យជាមនុស្សមានសតិមិនគ្រប់ បានយកកូនកាំបិតចាក់ទៅលើជនរងគ្រោះចំនួន២នាក់ ដែលត្រូវជាឪពុកនិងកូន។ ក្នុងនោះបុរសរងគ្រោះជាឪពុកបានរងរបួសធ្ងន់ចំនួន៣កន្លែង ចំដើមដោះខាងស្តាំមួយកន្លែង រយះប្រវែង៣សង់ទីម៉ែត្រ លើកណ្តៀតក្អមខាងស្តាំមួយកន្លែង ប្រវែង៣សង់ទីម៉ែត្រ និងលើពោះក្រោមចុងដង្ហើមមួយកន្លែងប្រវែង៣សង់ទីម៉ែត្រ បណ្តាលឱ្យរងរបួសជាធ្ងន់ ហើយត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្ទោង។ ចំណែកកូនប្រុសបានរងរបួសធ្ងន់លើឆ្អឹងជំនីរចំនួន២កន្លែង៕