ភ្នំពេញ ៖ សាកសពសពបុរសម្នាក់ត្រូវបានគេប្រទះឃើញ ចងព្យួរកលើដើមឈើជាប់របងថ្មមួយកន្លែង ដែលសភាពសាកសព មានស្លាកស្នាមរបួសគួរសង្ស័យ និងត្រូវសមត្ថកិច្ចជំនាញ សន្និដ្ឋានជាជំហានដំបូងថា គឺជាករណីឃាតកម្មវាយសម្លាប់ រួចយកសពទៅចងព្យួរកនៅជាប់មែកឈើ បំណងបំបាត់ភ័ស្តុតាង បង្វែងដានសមត្ថកិច្ច។
ករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដើមឆត្រ១ដើម ស្ថិតនៅជាប់នឹងរបងថ្មខាងជើងស្ថានីយរថភ្លើង តាមបណ្តោយផ្លូវ R5 ក្បែររដ្ឋាករទឹក ស្ថិតក្នុងភូមិ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សាកសពបុរសខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ ជិត៤០ឆ្នាំ សម្បុរខ្មៅស្រអែម ពាក់អាវយឺតដៃខ្លីពណ៌ខៀវ និងស្លៀខោជើងវែងពណ៌ខ្មៅ។
តាមសម្តីបុរសម្នាក់ឈ្មោះនួន សុខា អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខក្រសួងសាធារណៈការ បានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ខណៈពេលដែលគាត់កំពុងឈរយាមនៅចំណុចមុខរ៉ារថភ្លើង ក៏មានអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ បានមកប្រាប់គាត់ថា គេប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅនឹងមែកឈើដើមឆ័ត្រ ត្រង់ចំណុចរបងថ្មខាងជើងស្ថានីយរថភ្លើង។ ភ្លាមនោះ គាត់ក៏បានទៅដល់ចំណុចកើតហេតុខាងលើដើម្បីពិនិត្យមើល ពិតជាឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនប្រាកដមែន ទើបគាត់ប្រញាប់រាយ ការណ៍ជូនអាជ្ញាធរសង្កាត់ស្រះចក ឱ្យចុះពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការហ៊ុមព័ទ្ធទីតាំងកើតហេតុ រង់ចាំខាងជំនាញចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋដែលចោមរោមមើលហេត៉ាករណ៍ បានដាក់ការសង្ស័យថា ជាអំពើឃាតកម្ម ដោយមានក្រុមជនសង្ស័យ ធ្វើសកម្មភាពវាយសម្លាប់ បន្ទាប់មកយកមកធ្វើការព្យួរសពជាប់នឹងមែកដើមឆត្រ ដើម្បីបំបិទភស្តុតាងនៅទីតាំងកន្លែងកើតហេតុ និងបង្វែងរឿង ទៅជាករណីអត្តឃាតវិញ។
ដោយឡែក នៅកន្លែងកើតហេតុវិញ គឺមានស្នាមបែកបំពង់ដាក់ទឹកក្តៅ ដែលនៅជាប់នឹងចុងជើងជនរងគ្រោះ ហើយឃើញមានស្នាម អូសជាប់នឹងផ្លូវបេតុង ព្រមទាំងមានឈាមស្រក់នៅផ្លូវទៀតផង៕