ខេត្តតាកែវ ៖ បុរស២នាក់ បានអង្គុយផឹកស៊ីជុំគ្នា លុះស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតផ្ទុះជាអំពើហិង្សា ដោយភាគីម្ខាងបានទាញអង្កត់អុសគប់ទៅលើគូទំនាស់តែមិនត្រូវ ទើបក្តៅចិត្តពេក ក៏ស្ទុះទៅទាញកាំភ្លើងខ្យល់បាញ់ បណ្តាលឱ្យត្រូវចំចិញ្ចើមរងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។
ករណីផឹកស៊ីស្រវឹងផ្ទុះជំលោះទាញកាំភ្លើងខ្យល់បាញ់ធ្លាយចិញ្ចើមនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់។
ជនដៃដល់ដែលផឹកស្រវឹង បាញ់គូទំនាស់នឹងកាំភ្លើងខ្យល់ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះម៉ាក ថុន អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកជនរងគ្រោះ មានឈ្មោះភី កក់ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិពពេលសែនជ័យ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តបន្ទាយមានជ័យ តែសព្វថ្ងៃស្នាក់នៅផ្ទះមីង នៅភូមិឃុំកើតហេតុខាងលើ (ជិតផ្ទះជនដៃដល់)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ បានអង្គុយផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយក្អាកក្អាយ។ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក អ្នកទាំងពីរក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តី រហូតឈានដល់ការប្រតាយប្រតប់គ្នា ហើយភ្លាមនោះ គេឃើញជនដៃដល់ឈ្មោះម៉ាក ថុន បានទាញអង្កត់អុសគប់សំដៅជនរងគ្រោះដែរ តែគប់មិនត្រូវ បន្ទាប់មកក៏ស្ទុះទៅទាញកាំភ្លើងខ្យល់ បាញ់សំដៅជនរងគ្រោះ បណ្តាលឱ្យចំចិញ្ចើមខាងឆ្វេងរងរបួសធ្ងន់ ហូរឈាមស្រោចខ្លួនតែម្តង៕