ខេត្តតាកែវ ៖ បុរសម្នាក់ មានប្រពន្ធកូនរួចទៅហើយ តែបែរជាបែកគំនិត លួចលាក់មានប្រពន្ធចុង ប៉ុន្តែការរួមរស់នឹងគ្នាហាក់មិនសូវចុះសម្រុងសោះ ឧស្សាហ៍កើតមានជំលោះរាប់មិនអស់ ដោយសាររឿងប្រចណ្ឌ រហូតដល់ចុងក្រោយស្ត្រីជាប្រពន្ធចុងទ្រាំលែងបាន ក៏ទាមទារ លែងលះគ្នា ធ្វើឱ្យកើតជាជំលោះតឹងសរសៃក និងឈានដល់អំពើហិង្សា ដោយស្ត្រីជាប្រពន្ធចុង ដាច់ចិត្តចាក់សាំងដុតប្តីទាំងរស់ បណ្តាលឱ្យឆេះ រលាករលេះរលួយពេញខ្លួន។
ករណីស្ត្រីជាប្រពន្ធចុង ចាក់សាំងដុតប្តី បណ្តាលឱ្យឆេះរលួយពេញខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី។
បុរសរងគ្រោះដែលត្រូវប្រពន្ធចុងចាក់សាំងដុតទាំងរស់ មានឈ្មោះប៊ិន សុផល អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ និងធ្វើសំណង់។ ចំណែកស្ត្រី ដៃដល់ មានឈ្មោះហឿង បូណា អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធចុងជនរងគ្រោះ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ មានប្រពន្ធកូនរួចទៅហើយ ប៉ុន្តែដោយសារតែជនរងគ្រោះដើរធ្វើការងារ សំណង់ឆ្ងាយៗពីផ្ទះរាប់ខែ ទើបបានលួចលាក់មានប្រពន្ធចុង និងបានរួមរស់នឹងគ្នាជាមួយស្ត្រីដៃដល់ជាប្តីប្រពន្ធនឹងគ្នា ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់មួយរយៈមកហើយ។ កន្លងមក ប្តីប្រពន្ធអ្នកទាំង២ រួមរស់មិនសូវចុះសម្រុងនឹងគ្នាទេ ដោយសារតែកើតមានចិត្តប្រចណ្ឌគ្នារៀងៗខ្លួន ទើបធ្វើឱ្យកើតមានជំលោះដាក់គ្នាជាញឹកញាប់ គ្រាន់តែមិនធ្លាប់បង្កអំពើហិង្សាធ្ងន់ធ្ងរដល់ថ្នាក់នេះឡើយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងស្ត្រីដៃដល់ជាប្រពន្ធចុង បានកើតមានជំលោះនឹងគ្នាយ៉ាងខ្លាំង បន្ទាប់មកគេឃើញស្ត្រីជាប្រពន្ធចុង បានស្ទុះទៅយកកូនពូថៅដងឈើ មកវាយសំពងប្តី៣-៤ដងពូថៅ និងថែមទាំងដកយកកូនសោម៉ូតូ មិនឱ្យជនរងគ្រោះ ជិះទៀតផង និងទុកជាលេស បបួលប្តីទៅលែងលះគ្នានៅសាលាឃុំ។ ពេលនេះជនរងគ្រោះ ក៏បានទៅទាមទារយកសោម៉ូតូត្រឡប់មកវិញ តែស្ត្រីដៃដល់ បានដាក់លក្ខខណ្ឌថា បើចង់បានសោម៉ូតូ ត្រូវទៅលែងលះគ្នានៅសាលាឃុំជាមុនសិន ប៉ុន្តែបុរសជាប្តីមិនព្រម ទើបស្ត្រីជាប្រពន្ធចុង មិនព្រមប្រគល់សោម៉ូតូឱ្យវិញដែរ។
ប្រភពខាងលើបញ្ជាក់ថា លុះបន្តិចក្រោមមក ស្ត្រីដៃដល់ក៏បានយកសាំងកន្លះលីត្រ មិនដឹងជាទិញទុកតាំងពីពេលណាមក មកកាន់ជាប់ដៃ ចំណែកបុរសរងគ្រោះជាប្តីមិនចាប់អារម្មណ៍ចេះតែព្យាយាមដណ្តើមយកសោម៉ូតូមកវិញ ក៏ស្រាប់តែត្រូវស្ត្រីជាប្រពន្ធចុងរូបនេះ ចាក់សាំង ស្រោចលើប្តី រួចក៏យកដែកកេះដុតក្រដាស បោះទៅលើបុរសជាប្តី បណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង៕