Tuesday, August 26, 2025
Homeសង្គម និងជីវិតប្រពន្ធខំតាមរកប្តី បែរប្រទះឃើញដើមឈើសង្កត់ខ្ទេចជើង

ប្រពន្ធខំតាមរកប្តី បែរប្រទះឃើញដើមឈើសង្កត់ខ្ទេចជើង

ខេត្តរតនៈគីរី ៖ បុរសម្នាក់ បានយកម៉ាស៊ីនអារឈើ (ត្រង់ស៊ីន័រ) ទៅអារដើមឈើនៅក្នុងចម្ការតែម្នាក់ឯង លុះបាត់យូរពេក មិនឃើញត្រឡប់មកផ្ទះ ទើបស្ត្រីជាប្រពន្ធបានតាមទៅរកមើល ស្រាប់តែទៅដល់ក៏ប្រទះឃើញបុរសជាប្តីដេកដួលសន្លប់ស្តូកស្តឹង ដោយសារដើមឈើរលំ សង្កត់បែកកំភួនជើងខាងស្តាំខ្ទេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ សីហា ឆ្នាំ២០១៨ នៅចំណុចចម្ការរបស់ជនរងគ្រោះ ម្តុំអូរខ្វេះ ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។

បុរសរងគ្រោះ ដែលត្រូវដើមឈើសង្កត់បាក់ខ្ទេចជើងម្ខាង មានឈ្មោះឈូក ចាន់ អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ប្តីគាត់បានយកម៉ាស៊ីនត្រង់ស៊ីន័រ បំណងទៅកាត់ដើមឈើនៅចម្ការរបស់ខ្លួន ស្ថិតនៅខាងជើងផ្ទះមានចំងាយ១៥០០ម៉ែត្រ រួចក៏មិនឃើញ ត្រឡប់មកផ្ទះវិញសោះ។ រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃដដែល ដោយសារតែបាត់ប្តីយូរពេក ទើបគាត់ជាប្រពន្ធនឹកឆ្ងល់ ក៏ដើរចេញពីផ្ទះទៅតាមរកប្តីនៅចម្ការ លុះទៅដល់ធ្វើឱ្យគាត់រន្ធត់ចិត្ត ស្រែកភ្លាត់សំឡេង ដោយសារតែប្រទះឃើញប្តី ដេកសន្លប់លើដី ព្រមទាំងមានដើមឈើ១ដើមរលំសង្កត់ជើងខាងស្តាំរបស់ប្តីបាក់ខ្ទេចទៅហើយ ទើបគាត់ប្រញាប់ ទូរស័ព្ទហៅបងប្អូនឱ្យមកជួយដឹកប្តីដើម្បីយកទៅសង្គ្រោះ នៅមណ្ឌលសុខភាពស្រុកកូនមុំ។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ និងបានរកឃើញថា ជនរងគ្រោះបានយកម៉ាស៊ីនត្រង់ស៊ីន័រកាត់ដើមឈើដួលដល់ដីបាន៤ទៅ៥ដើម ហើយជនរងគ្រោះបានកាត់បន្តមួយកន្លែងដែលមានដើមឈើដុះជាប់គ្នា៥ទៅ៦ដើម និងឃ្លាតពីគ្នាប្រមាណមួយទៅពីរចង្អាមតែប៉ុណ្ណោះ នឹងមានវល្លិនៅចុងឈើយ៉ាងក្រាស់ ជាហេតុធ្វើឱ្យពេលដែលជនរងគ្រោះកាត់ដើមឈើមួយដើមដាច់គល់បាត់ទៅហើយ ក៏ប៉ុន្តែមិនរលំដល់ដីទេ ដោយជាប់វល្លិ បន្ទាប់មកជនរងគ្រោះក៏បន្តទៅកាត់មួយដើមថែមទៀត លុះពេលកំពុងតែកាត់នោះ ស្រាប់តែដើមឈើបានដួលរលំទាំងពីរដើមសង្កត់លើកំភួនជើងបណ្តាលឱ្យបែកជើងខ្ទេចតែម្តង៕

RELATED ARTICLES