អ្នក​ស្រែក “ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ” ឥឡូវ​សារ​ភាព​សុំទោស​ថា ដោយ​សារ ជឿ​បក្ស​ប្រឆាំង​ ផ្កាប់​មុខ

ភ្នំពេញ ៖ ប្រធានអង្គការយុជនកិច្ចការសង្គម និងជាអតីតយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ចូលរួមបាតុកម្មជាមួយគណបក្ស សង្គ្រោះជាតិ ប្រឆាំងលទ្ធផលការបោះឆ្នោត កាលពីឆ្នាំ២០១៣ និងស្រែកថាហ៊ុន សែន អើយចុះចេញទៅ!” កញ្ញាធី សុវណ្ណថា បានលើក ឡើងថា ការដែលនាងស្រែកបែបនេះនៅពេល នោះ ដោយសារនាងនៅក្មេងគំនិតខ្លីជឿបក្សប្រឆាំងផ្កាប់មុខពេក។ ដូច្នេះនាងសារភាពសុំ ទោសសម្តេចហ៊ុន សែន ហើយសន្យាថា នឹង ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីកែទម្រង់ផ្លាស់ ប្តូរប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន។

កញ្ញាធី សុវណ្ណថា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ថា នាងខ្ញុំគឺជាក្មេងស្រីម្នាក់ ដែល ធ្លាប់ប្រមាថ រិះគន់ប្រឆាំងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន តែបែរជាទទួលបានកិត្តិយស ឡើងថ្លែងចំពោះមុខសម្តេច សម្តេចបាននិយាយ រាក់ទាក់ និងបានផ្តល់កិត្តិយសឱ្យនាងខ្ញុំ ហៅ នាងខ្ញុំថា ចៅស្រីនាងខ្ញុំបានហៅសម្តេចថាលោកតាសម្តេចក៏បានផ្តល់ផ្លូវ១ខ្សែ ស្ពាន១ និងដាក់តំបន់អារ៉ែង ជាតំបន់ទេសចរណ៍ តាម សំណើរបស់នាងខ្ញុំទៀតផង។ ទឹកចិត្តមេត្តា ធម៌ដ៏ធំធេងរបស់សម្តេច ធ្វើឱ្យនាងខ្ញុំរំភើប ចិត្តណាស់ នាងខ្ញុំសុំទោសពាក្យខុសឆ្គងកន្លង មក ដោយសារភាពវ័យក្មេង គំនិតខ្លី និងជឿ បក្សប្រឆាំងពេក។ នាងខ្ញុំនឹងចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីកែទម្រង់ផ្លាស់ប្តូរប្រទេស យើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

គួរបញ្ជាក់ដែរថា នៅក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិដែលរៀបចំដោយក្រសួងបរិស្ថាន ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមាន សន្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កញាធី សុវណ្ណថា បានស្នើសម្តេចនាយករដ្ឋមន្ត្រី សាងសង់ផ្លូវនិងស្ពាន ប្រវែង១៨ម៉ែត្រ ទៅកាន់តំបន់អារ៉ែង ខេត្តកោះកុង ដែលនាង ធ្លាប់ធ្វើសកម្មភាពចូលរួមការពារធនធានធម្មជាតិនៅតំបន់នោះ នាពេលកន្លងមក។

ជាការឆ្លើយតបតាមសំណើរបស់កញ្ញាធី សុវណ្ណថា នៅពេលនោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស សាងសង់ផ្លួវនៅតំបន់អារ៉ែង ដើម្បីផ្តល់ភាព ងាយស្រួលដល់ប្រជាពលរដ្ឋដែលឆ្លងកាត់តំបន់ នោះ។

កញ្ញាធី សុវណ្ណថា ក៏បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានឆ្លើយតប ជាវិជ្ជមានដល់ការស្នើសុំរបស់នាងនេះ ដោយ នាងបានបញ្ជាក់នៅក្នុងហ្វេសប៊ុកថានាងខ្ញុំធី សុវណ្ណថា សូមអរគុណដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តល់ផ្លូវកៅស៊ូ១ខ្សែ និង ស្ពាន១ ចូលតំបន់អារ៉ែង និងបានដាក់តំបន់អារ៉ែង ជាតំបន់ទេសចរណ៍ធម្មជាតិ តាមសំណើរបស់ នាងខ្ញុំ ក្នុងវេទិកាបរិស្ថានថ្ងៃនេះ      

ដោយឡែកពាក់ព័ន្ធដល់ការប្រកាសចូលរួមជាមួយរដ្ឋាភិបាល និងសារភាពសុំទោស សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជុំវិញកំហុស ឆ្គងប្រើពាក្យសម្តីមិនសមរម្យ នាពេលកន្លងមក ដែលនាងនៅគាំទ្របក្សប្រឆាំងនោះនគរធំមិនអាចទាក់សុំមតិយោបល់បញ្ជាក់បន្ថែមពី កញ្ញាធី សុវណ្ណថា បានទេ កាលពីម្សិលមិញ។

ប៉ុន្តែមជ្ឈដ្ឋានតាមដានសង្គម បានធ្វើការ កត់សម្គាល់ថា តាំងពីប្រកាសឈប់គាំទ្រគណបក្សសង្គ្រោះជាតិ មក កញ្ញាធី សុវណ្ណថា បាន ប្រើវេទិកាសាធារណៈវាយប្រហារលើគណបក្សប្រឆាំង ជាបន្តបន្ទាប់ រួមទាំងការប្តឹងលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្សនេះ រហូត ថែមទាំងបានហៅលោកសម រង្ស៊ី និងលោក កឹម សខា ប្រធាននិងអនុប្រធានគណបក្ស សង្គ្រោះជាតិ ជាមនុស្សតិរច្ឆានផងដែរ។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានលើកឡើង ថា ក្នុងនាមជាមន្ត្រីជាន់ខ្ពស់គណបក្ស លោក មិនចង់ឆ្លងជាមួយកញ្ញាធី សុវណ្ណថា ទេ ព្រោះ ដឹងថា នាងបានចូលរួមជាមួយគណបក្សកាន់អំណាចទៅហើយ ប៉ុន្តែគ្រាន់តែបញ្ជាក់ថា អ្វី ដែលនាងបានមកដល់ពេលនេះ ក៏ដោយសារ គណបក្សសង្គ្រោះជាតិដែរ។

លោកជាម ច័ន្ទនី បានមានប្រសាសន៍ថាធម្មតាគាត់នៅជាមួយគេ គាត់និយាយអ៊ីចឹង ហើយៗកាលគាត់នៅជាមួយសង្គ្រោះជាតិហ្នឹង តាមខ្ញុំមើលទឹកចិត្តដំបូងហ្នឹង គឺគាត់យល់ពី បញ្ហាប្រទេសជាតិ ប៉ុន្តែមនុស្សយើង ជាពិសេស មនុស្សស្រីទៅទៀត ក្មេងទៅទៀត វាតែងឈ្លក់វង្វេងនឹងលាភសក្ការៈហើយ។ ដូច្នេះភាសាគាត់ ចុងក្រោយនេះ យកជាការលែងបានហើយ។ ហើយគាត់ខ្លួនឯង គាត់ត្រូវចាំថា កិត្តិយស កេរ្តិ៍ឈ្មោះរបស់គាត់ហ្នឹង គឺបានមកពីគណបក្ស សង្គ្រោះជាតិ គាត់ចាំអ៊ីចឹង គាត់មិនអាចកែច្នៃ អីលើសពីហ្នឹងបានទេ។ ប៉ុន្តែតាមពិតទៅ ខ្ញុំមិន ចង់ និតរសេត (ចាប់អារម្មណ៍) ជាមួយកូនក្មេងហ្នឹង ទេ។ កាលគាត់មិនទាន់មានការអូសទាញ មិន ទាន់មានលាភសក្ការៈនោះ គឺគាត់ត្រឹមត្រូវទេ ប៉ុន្តែឥឡូវនេះ មិនមានអីមកនិយាយទៀតទេ ព្រោះអ្នកដែលមានការអាក់ស្រពន់ចិត្តនឹងគាត់ ហ្នឹង ក៏មិនតិចដែរ ទាំងក្នុងនិងក្រៅប្រទេស ហើយទោះបីជាគាត់ខំក្រូមេ ខំលាបពណ៌អី បកស្រាយ ជាពិសេសវេទិកាគាត់រាល់ថ្ងៃនេះ គាត់ដើរជេរគណបក្សសង្គ្រោះជាតិ នៅតាម មូលដ្ឋានហ្នឹង ក៏រឹតឱ្យប្រជារាស្ត្រ ជាពិសេស អ្នកដែលធ្លាប់គាំទ្រគាត់ពីដើម មានកាឈឹចាប់ ណាស់

ដោយ ៖ កុលបុត្រ