ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានដឹកក្របីចេញទៅឃ្វាលនៅកណ្តាលវាលស្រែ ស្រាប់តែអកុសល ទំនងជាកើតអាការៈខ្យល់គរ ក៏ដួលផ្កាប់មុខស្លាប់នៅកណ្តាលវាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលស្រែប៉ាយឡាយ ស្ថិតក្នុងភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ។
បុរសរងគ្រោះដែលដួលផ្កាប់មុខស្លាប់កណ្តាលវាលស្រែ មានឈ្មោះគង់ ឡាដាំង អាយុ៤៩ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះប៉ិល អ៊ុក អាយុ៤៨ឆ្នាំ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ប្តីរបស់គាត់ (ជនរងគ្រោះ) បានដឹកសត្វក្របីចេញទៅឃ្វាលនៅវាលស្រែ ចំណុចកើតហេតុខាងលើ រួចក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញសោះ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានអ្នកស្រុកបានរត់មកប្រាប់គាត់ថា ប្រទះឃើញប្តីរបស់គាត់ដួលផ្កាប់មុខក្នុងស្រែ ភ្លាមៗនោះ គាត់ក៏ស្ទុះទៅដល់វាលស្រែ រួចក៏ប្រទះឃើញប្តីរបស់គាត់ដួលស្លាប់នៅវាលស្រែប្រាកដមែន ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយ អន្តរាគមន៍តែម្តង៕