ខេត្តបាត់ដំបង៖ ជនជាឃាតករដៃឆៅ ដែលធ្វើសកម្មភាពរំលោភសម្លាប់ក្រមុំឃ្វាលគោ រួចបោះសពអាក្រាតកាយចូលទៅក្នុងទឹកស្រះមួយកន្លែង ក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ បំណងបំបាត់ភ័ស្តុតាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ទីបំផុត កម្មតាមទាន់ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខ្ទមស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅក្បែរទីតាំងកើតហេតុខាងលើ។
ជនសង្ស័យជាឃាតករចិត្តកំណាចឃោរឃៅ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆុន ឆាន អាយុ២៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (ស្នាក់នៅក្បែរផ្ទះនារីរងគ្រោះ)។ ដោយឡែកនារីរងគ្រោះមានឈ្មោះឆន សឿត អាយុ២៦ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយពីចាប់ខ្លួនជនសង្ស័យបាន និងបន្ទាប់ពីសាកសួរយកចម្លើយពីជនសង្ស័យជាឃាតកររួចរាល់ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានបើកសន្និសីទកាសែតមួយ ដើម្បីបង្ហាញមុខជនសង្ស័យ និងបញ្ជាក់ពីដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ រហូតឈានដល់ការបំបែកសំណុំរឿងឃាតកម្មដ៏ឃោរឃៅមួយនេះ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងបញ្ជាក់ថា ក្រោយពីកើតមានករណីឃាតកម្មទៅលើនារីរងគ្រោះឈ្មោះឆន សឿត អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ដែលត្រូវបានឃាតករមិនស្គាល់មុខ ចាប់រំលោភរួចសម្លាប់បោះសពចូលទៅក្នុងស្រះទឹកយ៉ាងសហាវព្រៃផ្សៃ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ រួចមកកម្លាំងជំនាញក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងដឹកនាំដោយលោកផ្ទាល់ បានចុះទៅដល់ទីតាំងដែលប្រទះឃើញសាកសពនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល រួចក៏បានធ្វើការពិនិត្យ និងស៊ើបអង្កេតនៅទីតាំងកើតហេតុតាមវិធានការជំនាញយ៉ាងល្អិតល្អន់។
លោកស្នងការរងបន្តថា លុះមកដល់វេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ ក៏កំណត់មុខសញ្ញាទៅលើ ជនសង្ស័យឈ្មោះឆុន ឆាន អាយុ២៤ឆ្នាំ ដែលស្នាក់នៅខ្ទមក្បែរកន្លែងកើតហេតុ រួចក៏នាំមកកាន់ស្នងការដ្ឋានខេត្តដើម្បីធ្វើការសាកសួរយកចម្លើយ។ ទីបំផុត នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ទើបជនសង្ស័យបានព្រមឆ្លើយសារភាពថា រឿងរ៉ាវខាងលើ គឺរូបគេពិតជាបានចាប់រំលោភ រួចសម្លាប់នារីរងគ្រោះបំបិទមាត់ប្រាកដមែន។
នៅចំពោះមុខសមត្ថកិច្ច រួមនិងអ្នកសារព័ត៌មាន ជនសង្ស័យជាឃាតករឈ្មោះឆុន ឆាន បានឆ្លើយសារភាពទាំងស្រុងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ រូបគេបានដើរទៅខាងក្រោយភូមិ បំណងថាទៅរកបេះត្របែកហូប លុះពេលដើរទៅដល់វាលស្រែ ក៏ប្រទះឃើញនារីរងគ្រោះដែលបានមកឃ្វាលគោ និងច្រូតស្មៅ កំពុងអង្គុយបែរខ្នង។ លុះឃើញឱកាសស្ងាត់ល្អ នៅជុំវិញគ្មានមនុស្សផង ណាមួយរូបគេ មានអារម្មណ៍ចង់រួមភេទផង ទើបបានដើរលបៗទៅពីក្រោយនារីរងគ្រោះ រួចយកកណ្តៀវច្រូតស្មៅ របស់នារីរងគ្រោះ ដែលដាក់នៅក្បែរបាវស្មៅខាងក្រោយខ្នង ទៅកាប់ចំសៀតផ្កានារីរងគ្រោះចំនួន២កណ្តៀវ បណ្តាលឱ្យនាងសន្លប់ ដេកដួល នៅនឹងកន្លែង។ ភ្លាមនោះ រូបគេក៏បានចូលទៅចាប់ស្រាតខោអាវនារីរងគ្រោះចេញអស់ ហើយក៏ធ្វើសកម្មភាពរំលោភនារីរងគ្រោះរហូតដល់បាន សម្រេចតែម្តង។
ជនសង្ស័យជាឃាតករបន្តសារភាពថា លុះក្រោយពីរំលោភនារីរងគ្រោះរួច រូបគេ ក៏បានបីនារីរងគ្រោះមកទម្លាក់ចូលទៅក្នុងទឹកស្រះ ទីតាំងកើតហេតុ បំណងសម្លាប់បំបិទមាត់ ប៉ុន្តែដោយសារតែខ្លាចនារីរងគ្រោះមិនទាន់ស្លាប់ ទើបរូបគេបានដកបង្គោលឈើ នៅក្បែរមាត់ស្រះ មួយដើម ប្រវែងប្រមាណ១ម៉ែត្រ មកវាយសំពងទៅលើកញ្ចឹងកនារីរងគ្រោះចំនួន២ដំបងថែមទៀត រួចក៏រុញនារីរងគ្រោះទម្លាក់ចូលទៅក្នុងទឹកស្រះ បន្ទាប់មកក៏ប្រញាប់ត្រឡប់មកផ្ទះវិញ ធ្វើដូចមិនដឹងរឿង។
គួររំលឹកថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ព្រៃផ្សៃមួយ បានកើតឡើងនៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងក្រុមទី២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ដោយនារីម្នាក់បានចេញទៅឃ្វាលគោនៅវាលស្រែ រួចក៏បាត់ខ្លួនមិនឃើញ ត្រឡប់មកផ្ទះវិញសោះ ទើបធ្វើឱ្យក្រុមគ្រួសារ ភ័យឆោឡោ នាំគ្នាតាមទៅរកមើល ក៏ប្រទះឃើញមួកនារីរងគ្រោះនៅក្បែរមាត់ស្រះ លុះសង្ស័យ ក៏ចុះរាវរកក្នុងទឹក ស្រាប់តែប្រទះឃើញសាកសពនារីរងគ្រោះស្លាប់ក្នុងសភាពអាក្រាតកាយ ព្រមទាំងមានស្លាកស្នាមរបួសត្រង់ក្បាលជាច្រើនកន្លែង ទើបសមត្ថកិច្ចបានសន្និដ្ឋានថា នារីរងគ្រោះ ត្រូវឃាតករអាចជាមនុស្សស្គាល់គ្នា ចាប់រំលោភរួចវាយសម្លាប់បំបិទមាត់តែម្តង។
តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតេហតុ នារីរងគ្រោះ បានដឹកគោចេញទៅឃ្វាលនៅវាលស្រែដូចសព្វដង តែមិនដឹងជាយ៉ាងម៉េច ក្បាលព្រលប់ទៅហើយ នៅតែមិនឃើញត្រឡប់មកផ្ទះវិញទៀត ទើបធ្វើឱ្យក្រុមគ្រួសារ មានការងឿងឆ្ងល់ ក៏នាំគ្នាតាមទៅរកមើលនារីរងគ្រោះនៅវាលស្រែ តែប្រទះឃើញសត្វគោ មិនឃើញមនុស្ស។ លុះនាំគ្នាដើររកបន្តទៀត ក៏ស្រាប់តែប្រទះឃើញមួករបស់នារីរងគ្រោះ នៅមាត់ស្រះទឹក ដែលជាទីតាំងកើតហេតុខាងលើ ទើបធ្វើឱ្យមានការសង្ស័យថា នារីរងគ្រោះលង់ទឹកស្លាប់ ក៏នាំគ្នាផ្អើលឆោឡោ ចុះរាវក្នុងស្រះទឹកនោះ ក៏ប្រទះឃើញសាកសពនារីរងគ្រោះក្នុងសភាពគួរឱ្យរន្ធត់បំផុត។
ប្រភពដដែលបន្តថា ដំបូងឡើយក្រុមគ្រួសារនឹកស្មានថា នារីរងគ្រោះលង់ទឹកស្លាប់ តែពេលស្រង់សាកសពចេញពីក្នុងទឹក បែរជាឃើញសាកសព មានសភាពអាក្រាតកាយ និងថែមទាំងមានស្លាកស្នាមរបួសនៅលើក្បាលជាច្រើនកន្លែងទៀតផង ទើបមានការសង្ស័យថា ជាករណីរំលោភសម្លាប់ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះ មានស្នាមរបួស ដោយការវាយនឹងវត្ថុរឹងជាច្រើនកន្លែងត្រង់ក្បាល ស្ទើរសុសក្បាល ចំណែកសាកសពមានសភាពអាក្រាតកាយថែមទៀត។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ នារីរងគ្រោះត្រូវជនសង្ស័យចាប់រំលោភ រួចវាយសម្លាប់ ដែលជនសង្ស័យជាឃាតករ អាចជាមនុស្សស្គាល់គ្នា ទើបក្រោយពីធ្វើសកម្មភាព រំលោភនារីរងគ្រោះរួច ក៏វាយសម្លាប់ បោះសពទាំងអាក្រាតកាយចូលក្នុងទឹកស្រះ បំណងបំបិទមាត់ និងបំបាត់ភ័ស្តុតាងតែម្តង។ ទីបំផុតឈាម ស្រែកស្បែកហៅ ជនជាឃាតករចិត្តឃោរឃៅ ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន និងកំពុងរៀបចំសំណំុំរឿង បញ្ជូនខ្លួនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕