ខេត្តព្រៃវែង ៖ សំណុំរឿងឃាតកម្មដ៏ឃោរឃៅមួយ ក្មេងស្ទាវមួយក្រុម ស្ទាក់កាប់ប្រហារបុរសម្នាក់បណ្តាលឱ្យស្លាប់ ចំណែកមិត្តភក្តិម្នាក់ទៀត បានទទួលរងរបួសធ្ងន់ នៅចំណុចឃុំរាប ស្រុកពារាំង តាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ គិតមកដល់សព្វថ្ងៃ មានរយៈពេលជិត១ឆ្នាំទៅហើយ ប៉ុន្តែមុខសញ្ញាក្រុមជនបង្កនៅតែមានសេរីភាពនៅឡើយ ដោយសារសមត្ថកិច្ចមិនទាន់មានចំណាត់ការ ជាហេតុធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ខណៈដែលមិនទាន់ទទួលបាននូវដំណោះស្រាយ និងពន្លឺយុត្តិធម៌នៅឡើយ។
តាមសម្តីបុរសឈ្មោះរី រីម អាយុ៤០ឆ្នាំ ត្រូវជាបងប្រុសបង្កើតជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្អូនប្រុសរបស់គាត់ឈ្មោះរី ដារ៉ា ត្រូវបានក្មេងទំនើងមួយក្រុមរៀបគម្រោងព្រួតវាយសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ដែលហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០ និង៣០យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ខណៈពេលដែលប្អូនប្រុសគាត់ រួមជាមួយមិត្តភក្តិម្នាក់ទៀត កំពុងឈរមើលគេរាំនៅក្នុងវត្តចុងក្រូច ស្ថិតក្នុងឃុំរាប ស្រុកពារាំង ស្រាប់តែមានក្មេងទំនើងមួយក្រុម គប់ដុំថ្ម មកលើពួកគេ (ភាគីជនរងគ្រោះ) ហើយក្រុមជនរងគ្រោះក៏បានទៅសួរនាំ ប៉ុន្តែភាគីជនបង្កដែលគេស្គាល់ឈ្មោះពឿន ពី និងឈ្មោះឡាត់ ហួរ បានបដិសេធ និងបានប្រើពាក្យគំរាមថា “យប់នេះពួកហ្អែងអត់រួចខ្លួនទេ” រួចក៏បែកគ្នាអស់ទៅ។
បងប្រុសជនរងគ្រោះបន្តថា ក្រោយពីសួរនាំរួចហើយ ក្រុមជនរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីវត្ត ពេលដែលចេញមក ពួកគេបានឃើញមនុស្សមួយក្រុម កំពុងដើរចុះឡើង ខណៈពេលដែលមានភ្លើងឡានបញ្ចាំងទៅ ក្រុមជនរងគ្រោះក៏បានសម្រេចចិត្ត មិនត្រឡប់ទៅផ្ទះផ្លូវនោះទេ ដោយជិះត្រឡប់ក្រោយវិញ ព្រោះរង់ចាំឱ្យស្ងប់បន្តិចក្រែងមនុស្សមួយក្រុមនោះបំបែកគ្នាអស់។ ប្រហែលកន្លះម៉ោងក្រោយមក ជនរងគ្រោះបានជិះបកក្រោយតាមម៉ូតូ២គ្រឿង លុះមកដល់កន្លែងកើតហេតុ ក៏មានក្រុមជនសង្ស័យ ប្រហែលជា១០នាក់ ចេញមកវាយតែម្តង ដោយបានវាយសម្លាប់ប្អូនប្រុសគាត់ឈ្មោះរី ដារ៉ា បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកមិត្តភក្តិម្នាក់ទៀត រងរបួសធ្ងន់ បាក់ភ្លៅទាំងពីរ។
បងប្រុសជនរងគ្រោះបានបញ្ជាក់ថា អ្វីដែលធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះហួសចិត្តនោះ គឺក្រុមជនសង្ស័យត្រូវបានសាក្សីស្គាល់មុខអស់ទៅហើយ ប៉ុន្តែមិនទាន់ឃើញសមត្ថកិច្ចមានចំណាត់ការណាមួយនោះទេ ឱ្យទុកឱ្យជនសង្ស័យ ដែលជាជនបង្កមានសេរីភាព និងដើរបង្កភាព អាណាធិបតេយ្យជាធម្មតា។ យ៉ាងណាក៏ដោយ សម្រាប់ករណីនេះក្រុមគ្រួសារជនរងគ្រោះ គ្មានអ្វីក្រៅពីការអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់លោក ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់យ៉ាងសាហាវព្រៃផ្សៃ។
ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានបាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕