Friday, January 24, 2025
Homeព័ត៌មានជាតិមិនចេះយោគយល់គ្នាសោះ! ដេកព្យាបាលជំងឺក្នុងវត្ត ផ្ទុះជំលោះចាក់របួសធ្ងន់២នាក់

មិនចេះយោគយល់គ្នាសោះ! ដេកព្យាបាលជំងឺក្នុងវត្ត ផ្ទុះជំលោះចាក់របួសធ្ងន់២នាក់

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារនាំមកដេកព្យាបាលជំងឺនៅក្នុងវត្ត ជាមួយនឹងអ្នកជំងឺផ្សេងទៀតជាច្រើននាក់ លុះក្រោយមកក៏បានកើតមានទំនាស់ពាក្យសម្តីជាមួយអ្នកជំងឺដេកគ្រែក្បែរគ្នា រហូតដល់ផ្ទុះជាអំពើហិង្សា ស្ទុះទៅទាញកាំបិតចុងស្រួច មកចាក់ ប្រហារអ្នកជំងឺប្រុសស្រីដេកក្បែរគ្នា២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ដោយម្នាក់របួសបំពង់ក ចំណែកម្នាក់ទៀត របួសត្រង់ភ្លៅ៦កាំបិត។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តអូរផាល ស្ថិតក្នុងភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង។

ជនដៃដល់ខាងលើ មានឈ្មោះសែន សុខខេន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិដាំស្ពៃ ឃុំស្លាកែត ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១- មិនស្គាល់ឈ្មោះ ភេទស្រី អាយុ៦២ឆ្នាំ (របួសត្រង់កចំនួន១កាំបិត) និងទី២-ឈ្មោះឆាយ លី ភេទប្រុស អាយុ៥៣ឆ្នាំ មានលំនៅភូមិប្រស្រែ ឃុំសម្លាញ់អង្គរជ័យ ខេត្តកំពត (របួសភ្លៅស្តាំចំនួន៦កាំបិត)។ ទាំងជនដៃដល់ និងជនរងគ្រោះ សុទ្ធតែជាអ្នកមានជំងឺ និងបានមកសម្រាកព្យាបាលជំងឺនៅក្នុងវត្តអូរផាល ស្ថិតក្នុងទីតាំងកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនដៃដល់ និងជនរងគ្រោះ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ហើយភ្លាមនោះ ស្រាប់តែជនដៃដល់ បានទាញកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន២នាក់ ដែលមកដេកព្យាបាលជំងឺដូចគ្នា នៅចំណុចវត្តអូរផាល បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ដោយក្នុងនោះជនរងគ្រោះជាស្ត្រី រងរបួសត្រង់កចំនួន១កាំបិត ចំណែកជនរងគ្រោះជាបុរសរងរបួសភ្លៅស្តាំចំនួន៦កាំបិត និងត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅពេទ្យសៀមរាប។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានសហការជាមួយប្រជាការពារភូមិបង្ក្រាបចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES