Friday, January 24, 2025
Homeព័ត៌មានជាតិឃាតកម្មកណ្តាលវង់អាប៉ោង ចាក់១កាំបិតធ្លាយដោះស្លាប់

ឃាតកម្មកណ្តាលវង់អាប៉ោង ចាក់១កាំបិតធ្លាយដោះស្លាប់

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បី អត់មានភ្ញៀវដឹក ក៏ដើរទៅឈរមើលគេបាញ់អាប៉ោង លុះឃើញអ្នកចាក់អាប៉ោង និងមេអាប៉ោងឈ្លោះប្រកែកគ្នា ក៏ស្ទុះចូលទៅឃាត់ ស្រាប់តែត្រូវជនដៃដល់ម្នាក់ ចាក់ប្រហារចំនួន១កាំបិតចំក្រោមដោះ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ៊ើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចវង់អាប៉ោងមួយកន្លែង ស្ថិតលើផ្លូវលេខ៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះដែលត្រូវឃាតករចាក់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះយស់ ថៃសុម៉េង ហៅម៉ៅ អាយុ៣៣ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់បី មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកដៃដល់ជាឃាតករ មានឈ្មោះរឿន ស៊ីធុន អាយុ៣៧ឆ្នាំ ជាកម្មករលីអង្ករ ស្នាក់នៅក្នុងដីឡូត៍គ្មានលេខ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រៃជ្រឹង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនដៃដល់ខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េកញ្ចាស់ គ្មានពាក់ស្លាកលេខធ្វើដំណើរមកដល់ចំណុចកើតហេតុ រួចក៏ចូលទៅលេងល្បែង (ចាក់អាប៉ោង)។ ចំណែកជនរងគ្រោះ ដោយសារអត់មានម៉ូយជិះម៉ូតូកង់បីរបស់ខ្លួន ក៏ឆ្លៀតពេលដើរទៅឈរមើលគេចាក់អាប៉ោងលេងកំដរអារម្មណ៍។

ប្រភពដដែលបន្តថា លុះក្រោយពីជនដៃដល់លេងបានមួយសន្ទុះធំ ក៏ចាញ់អស់លុយពីខ្លួនចំនួន៧ម៉ឺនរៀល បន្ទាប់មកជនដៃដល់ក៏បាន សុំលុយមេអាប៉ោងចំនួន៤ពាន់រៀលវិញ គ្រាន់ចាក់សាំងម៉ូតូត្រឡប់ទៅផ្ទះវិញ ប៉ុន្តែមេអាប៉ោងមិនព្រមឱ្យគ្រប់ចំនួននោះទេ ពោលគឺឱ្យតែ ៣ពាន់រៀលប៉ុណ្ណោះ ជាហេតុធ្វើឱ្យជនដៃដល់ខឹងសម្បា ក៏ស្រែកឡូឡា និងទះតុអាប៉ោងមួយដៃ បង្កឱ្យការភ្ញាក់ផ្អើលឡើងយ៉ាងខ្លាំងពេញវង់អាប៉ោង។

ប្រភពខាងលើ បានឱ្យដឹងទៀតថា នៅពេលឃើញសភាពបែបនេះ ជនរងគ្រោះដែលកំពុងឈរមើលគេចាក់អាប៉ោងនៅក្បែរនោះ ក៏លោតចូលទៅចាប់ទាញបុរសជាជនដៃដល់ចេញ ដើម្បីបញ្ចៀសកុំឱ្យកើតរឿង ក្លាយជាអំពើហិង្សា ស្រាប់តែធ្វើឱ្យជនសង្ស័យលែងផ្ទុះកំហឹងជាមួយមេអាប៉ោង ក៏បែរជាមកក្តៅស្លឹកត្រចៀកជាមួយនឹងជនរងគ្រោះឯណេះវិញ ដែលចូលមកចេះដឹងរឿងរបស់ខ្លួន ទើបធ្វើឱ្យកើតមានការប្រតាយប្រតប់គ្នា ដោយដៃទល់ដៃជាមួយជនរងគ្រោះ។

បន្ទាប់មក ជនដៃដល់ក៏បានដកកាំបិតចុងស្រួច ដែលលាក់ទុកជាប់នឹងចង្កេះរួចជាស្រេច ចាក់ប្រហារទៅលើជនរងគ្រោះចំនួន១កាំបិតចំក្រោមដោះខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ហូរឈាមស្រោចខ្លួនតែម្តង។

ក្រោយចាក់ប្រហារជនរងគ្រោះរួច ជនដៃដល់បានព្យាយាមឡើងជិះម៉ូតូបំណងរត់គេចខ្លួន ប៉ុន្តែភ្លាមនោះ ត្រូវបានប្រជាពលរដ្ឋ និងក្រុមអ្នកលេងអាប៉ោង បាននាំគ្នាស្ទុះទៅចាប់ជាប់ រួចព្រួតគ្នាបញ្ចេញកំហឹងម្នាក់១ដៃ១ជើង បណ្តាលឱ្យហើមប៉ោងមុខពោរស្ទើរមើលលែងស្គាល់ រួចទើបប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅសួរនាំ។

ដោយឡែកជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ីភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូន ទៅដល់មន្ទីរពេទ្យ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ បានឆ្លើយសារភាពថា រូបគេពិតជាបានចាក់ប្រហារទៅលើជនរងគ្រោះប្រាកដមែន មូលហេតុ ដោយសារតែរូបគេកំពុងមានកំហឹងនឹងមេអាប៉ោង រឿងលេងអាប៉ោងចាញ់អស់លុយពីខ្លួន គ្រាន់តែសុំលុយ៤ពាន់រៀលសម្រាប់ចាក់សាំងម៉ូតូទៅផ្ទះវិញ តែមេអាប៉ោងបែរជាឱ្យតែ៣ពាន់រៀល ទើបធ្វើឱ្យរូបគេខឹង ទះតុ ឈ្លោះប្រកែកគ្នា ស្រាប់តែលេចមុខជនរងគ្រោះ ស្ទុះមកចាប់ទាញរូបគេចេញ ទើបកើតជាទំនាស់ វាយតប់គ្នា រួចរូបគេក៏ទាញកាំបិតចាក់ប្រហារតែម្តង៕

RELATED ARTICLES