ខេត្តព្រះសីហនុ ៖ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពអាក្រាតល្វែងក្រោម (អត់ស្លៀកខោ) ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅលើចិញ្ចើមផ្លូវព្រមទាំងមានស្នាមរបួសជាប់ខ្លួនទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ រាយការណ៍ប្រា៍ប់សមត្ថកិច្ចចុះពិនិត្យ។
ហេតុការណ៍ប្រទះឃើញសាកសពអត់ស្លៀកខោខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១១-១១២ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។
សាកសពបុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានអាយុប្រមាណ៤០ឆ្នាំ កំពស់១,៥៥ ម៉ែត្រ សម្បុរសណ្តែកបាយ ពាក់អាវយឺតដៃខ្លីពណ៌ស អត់ស្លៀកខោ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកដំណើរដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ បានប្រទះឃើញសាកសពបុរសម្នាក់ ស្ថិតក្នុងសភាពអាក្រាតល្វែងក្រោម ដេកស្លាប់នៅលើចិញ្ចើមផ្លូវ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង សង្ស័យថាជាអំពើឃាតកម្ម ក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ និងមន្ត្រីពេទ្យស្រុកកំពង់សីលា បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព។
តាមការសន្និដ្ឋានជាជំហានដំបូង ជនរងគ្រោះអាចនឹងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយពិនិត្យឃើញមានបាក់ឆ្អឹងជំនីខាងស្តាំ និងមានដានស្នាមកង់ឡាននៅនឹងកន្លែងក្បែរសាកសពផងដែរ៕