ខេត្តស្វាយរៀង ៖ យុវជនពិការជើងអង្គុយតែលើរទេះរុញម្នាក់ ព្រោះតែតូចចិត្តនឹងរឿងម្តាយស្តីបន្ទោសតិចតួច ស្រាប់តែសម្រេចចិត្តគិតខ្លី ចុះពីលើរទេះរុញរបស់ខ្លួន វារចូលទៅក្នុងបៀទឹកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបៀទឹកក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។
យុវជនចិត្តខ្លាំងគំនិតខ្លីខាងលើនេះ មានឈ្មោះរ៉ន សារ៉េត អាយុ១៦ឆ្នាំ ជាជនពិការស្វិតជើងទាំង២ ជិះតែលើរទេះរុញ មានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយរបស់យុវជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែក ដោយសារតែនឹកស្រណោះកូនប្រុសថា កូនប្រុសរបស់គាត់ គឺជាជនពិការជើង (ស្វិតជើងទាំងសងខាង) ដើរមិនរួចទេ ជិះតែលើរទេះរុញប៉ុណ្ណោះ។ កន្លងមក គាត់ធ្លាប់ស្តីបន្ទោសកូនប្រុសនេះខ្លះដែរ តែកូនប្រុសមិនដែលមានគំនិតខ្លីដល់ម្លឹងសោះ ស្រាប់តែលើកនេះ មិនដឹងជាមានបញ្ហាអ្វី ស្រាប់តែកូនប្រុសគិតខ្លីសម្លាប់ខ្លួនគួរឱ្យអាសូរ បែបនេះតែម្តង។
ស្ត្រីជាម្តាយបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គាត់បានស្តីបន្ទោសកូនប្រុសនេះ២-៣ម៉ាត់ បន្ទាប់មកគេក៏បានចូលទៅពួនសម្ងំក្នុងផ្ទះ លុះព្រឹកព្រលឹមឡើង កូនប្រុសនេះ ក៏សម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតខ្លួនឯងតែម្តង។ ដំបូងឡើយ មានអ្នកភូមិ បានរត់មកប្រាប់គាត់ថា គេបានប្រទះឃើញកូនប្រុសរបស់គាត់បានចុះពីលើរទេះរុញ រួចវារទម្លាក់ខ្លួន ចូលទឹកបៀខាងលិចផ្ទះ ចម្ងាយ៣០ម៉ែត្រ បណ្តាលឱ្យលង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល ស្រែកឆោឡោហៅអ្នកភូមិឱ្យជួយចុះស្រង់កូនប្រុសដែរ តែយឺតពេលទៅហើយ ព្រោះកូនប្រុសគាត់បានឈ្លក់ទឹកស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង៕