Friday, January 24, 2025
Homeព័ត៌មានជាតិកូនស្រីទះម៉ែ១កំផ្លៀង រួចទាញកាំបិតដេញកាប់

កូនស្រីទះម៉ែ១កំផ្លៀង រួចទាញកាំបិតដេញកាប់

ខេត្តបាត់ដំបង ៖ កូនស្រីអកតញូម្នាក់ គ្រាន់តែខឹងម្តាយបង្កើតស្តីបន្ទោសតិចតួច ក៏ស្រាប់តែស្ទុះទៅទះម្តាយ១កំផ្លៀង រួចទាញកាំបិត ដេញកាប់បន្ថែមទៀត តែសំណាងល្អម្តាយរត់គេចទាន់ ប្តឹងសមត្ថកិច្ចចាប់កូនស្រីកំណាច យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា កូនស្រីដេញកាប់ម៉ែនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៤៥ ក្រុមទី៩ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ លុះស្ត្រីជាម្តាយដាក់ពាក្យបណ្តឹង កូនស្រីអកតញូ ក៏ត្រូវកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងបាត់ដំបង ចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨។

កូនស្រីកំណាចដែលទះម្តាយ១កំផ្លៀងមិនអស់ចិត្ត ទាញកាំបិតដេញកាប់ថែមទៀតនោះ មានឈ្មោះជុប បូទុំ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះសឿម ទូច អាយុ៦៧ឆ្នាំ មុខរបរចាស់ជរា។ ទាំងពីរនាក់ម្តាយកូនខាងលើ ស្នាក់នៅផ្ទះ ជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ត្រី សំ វីឡុង មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាម្តាយ បានស្តីបន្ទោសកូនស្រី (ស្ត្រីដៃដល់) បន្តិចបន្តួច ស្រាប់តែកូនស្រីកំណាចផ្ទុះកំហឹង បានស្ទុះទៅទះកំផ្លៀងម្តាយ១កំផ្លៀង លុះមិនទាន់ រំសាយកំហឹងអស់ ស្ត្រីដៃដល់ ក៏បានទាញកាំបិតប៉័ងតោដេញកាប់ម្តាយបង្កើតរបស់ខ្លួនថែមទៀត តែមិនបណ្តាលឱ្យរងរបួសអ្វីទេ ដោយសារតែស្ត្រីរងគ្រោះជាម្តាយ រត់គេចទាន់ពេលវេលា។ បន្ទាប់មក ស្ត្រីជាម្តាយក៏ដាក់ពាក្យបណ្តឹង ឱ្យកម្លាំងអាវុធហត្ថជួយអន្តរាគមន៍ និងឈានដល់ការចាប់ឃាត់ខ្លួនស្ត្រីដៃដល់ជាកូន កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងដកហូតវត្ថុតាងកាំបិតប៉័ងតោចំនួន១ដើមផងដែរ៕

RELATED ARTICLES