ខេត្តព្រះវិហារ ៖ បុរស២នាក់បានអង្គុយផឹកស៊ីជុំគ្នា យ៉ាងសប្បាយក្អាកក្អាយ លុះស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមកើតមានជំលោះតឹងសរសៃកដាក់គ្នា រហូតដល់ភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញដំបង វាយសំពងគូទំនាស់របស់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភឹម វណ្ណឌឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ បាននាំគ្នាទៅទិញស្រាមកអង្គុយផឹកជាមួយគ្នាយ៉ាងសប្បាយ លុះក្រោយមក បន្ទាប់ពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែអ្នកទាំងពីរបានកើតមានជំលោះពាក្យសម្តីនឹងគ្នា យ៉ាងខ្លាំង រហូតដល់ភាគីជនដៃដល់ទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញដំបង វាយសំពងជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ លុះបញ្ជូនដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ ជនដៃដល់បានព្យាយាមរត់គេចខ្លួនដែរ តែត្រូវកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងអាវុធហត្ថ តាមចាប់ឃាត់ខ្លួនបានភ្លាមៗ និងនាំយកទៅសាកសួរ៕