Friday, January 24, 2025
Homeព័ត៌មានជាតិផ្អើលទាំងយប់ មនុស្សចាប់ឆ្កែ ឆ្មា មាន់ និងគីង្គក់បឺតជញ្ជក់ឈាម ស៊ីសាច់ឆៅទាំងរស់

ផ្អើលទាំងយប់ មនុស្សចាប់ឆ្កែ ឆ្មា មាន់ និងគីង្គក់បឺតជញ្ជក់ឈាម ស៊ីសាច់ឆៅទាំងរស់

ខេត្តកំពង់ចាម ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងមិនធ្លាប់កើតមានទាល់តែសោះ ខណៈដែលយុវជនម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏ស្រាប់តែប្រព្រឹត្តអំពើឃោរឃៅគួរឱ្យស្រៀវសាច់ ប្រៀបបាននឹងបិសាចជញ្ជក់ឈាមក្នុងខ្សែភាពយន្ត ដោយសារតែយុវជនរូបនេះ បានទៅចាប់ កូនឆ្កែ កូនឆ្មា និងគីង្គក់ចំនួន៥ក្បាល មកហែកស៊ីទាំងរស់ លុះរំលងបាន១យប់ ក៏លើកពាងប្រហុក មកអង្គុយស៊ីនៅមុខផ្ទះធ្វើព្រងើយ និងថែមទាំងចាប់មាន់១ក្បាល មកហែកស៊ីថែមទៀត ទើបសមត្ថកិច្ចព្រួយបារម្ភខ្លាចយុវជនរូបនេះ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជិតខាង ក៏សម្រេចចុះឃាត់ខ្លួនប្រគល់ឱ្យម្តាយដាក់ច្រវាក់ រួចនាំទៅរកព្រះសង្ឃ និងគ្រូមន្តអាគមជួយស្រោចទឹកព្យាបាលជំងឺ។

ហេតុការណ៍ដ៏រន្ធត់ ដែលកម្របានជួបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិកោះចិន ឃុំកំពង់រាប ស្រុកកោះសូទិន។ លុះមកដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចសម្រេច សម្រុកចូលទៅក្នុងផ្ទះ ឃាត់ខ្លួនយុវជនខាងលើ ប្រគល់ឱ្យម្តាយនាំទៅព្យាបាល។

យុវជនដែលចាប់ហែកសត្វឆ្កែ ឆ្មា គីង្គក់ មាន់ស៊ី ប្រៀបបានបិសាចជញ្ជក់ឈាមនេះ មានឈ្មោះរុន រាជ អាយុ២៤ឆ្នាំ មុខរបរលក់ផ្លែឈើតាមរ៉ឺម៉កម៉ូតូ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកសត្វដែលត្រូវយុវជន ខាងលើហែកស៊ីទាំងរស់យ៉ាងឃោរឃៅ រួមមាន កូនឆ្កែចំនួន៣ក្បាល (ហែកស៊ីអស់២ក្បាល និង១ក្បាលទៀត ខាំហែកត្រង់បំពង់កដាច់ស្បែក និងសាច់សល់តែឆ្អឹង ហុតឈាម) កូនឆ្មារ ចំនួន១ក្បាល (ហែកស៊ីអស់) គីង្គក់១ក្បាល (ហែកស៊ីអស់) និងសត្វមាន់១ក្បាល (ហែកស៊ីអស់) មិនតែប៉ុណ្ណោះ យុវជនខាងលើនៅបានលើកប្រហុក១ពាង មកអង្គុយស៊ីទៀតផង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មួយរយៈកន្លងមកនេះ យុវជនខាងលើ បានចេញបាត់ពីផ្ទះ ទៅលេងម្តាយនៅភ្នំពេញ ជាច្រើនថ្ងៃ ដោយចាក់សោទ្វារផ្ទះនៅភូមិកោះចិន (ផ្ទះកើតហេតុ) ចោល គ្មានមនុស្សនៅឡើយ។ លុះក្រោយពេលត្រឡប់មកផ្ទះវិញ ទើបតែបាន ៤-៥ថ្ងៃ ស្រាប់តែមកដល់វេលាព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ គេឃើញយុវជនខាងលើ បានចេញទៅច្រូតស្មៅជាមួយនឹងអ្នកជិតខាង លុះពេលត្រឡប់មកវិញ ក៏បានទិញស្រាផឹកម្នាក់ឯងនៅលើផ្ទះឈើរបស់ខ្លួន។

ប្រភពដដែលបន្តថា នៅមុនពេលដែលផឹកស្រា យុវជនខាងលើ បានប្រាប់អ្នកជិតខាង ឱ្យជួយផ្តល់ដំណឹងដល់សាច់ញាតិរបស់គេផងថា ល្ងាចនេះ រូបគេដូចជាមិនសូវស្រួលខ្លួនទេ សូមជួយប្រាប់ទៅបងប្អូនឱ្យបានដឹង និងស្រះរបងបិទផង ព្រោះនៅក្នុងខ្លួនគេ ដូចមានមនុស្សប៉ុន្មាននាក់អ៊ីចឹង។ ស្រាប់តែមកដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល អ្នកជិតខាងក៏លាន់ឮសំឡេងឆ្កែស្រែក ទើបនាំគ្នាដើរទៅលបមើល និងបានឆួលភ្លើងពិលឡើង ក៏ប្រទះឃើញយុវជននេះកំពុងហែកសត្វចិញ្ចឹមរបស់ខ្លួន រួមមាន កូនឆ្កែ កូនឆ្មា និងគីង្គក់ ស៊ីទាំងរស់ចំនួន៥ក្បាល មើលទៅគួរឱ្យខ្លាចបំផុត។

ដោយឃើញសភាពមិនប្រក្រតី និងគួរឱ្យខ្លាចបែបនេះ ទើបប្រជាពលរដ្ឋប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ ហើយភ្លាមនោះ លោកវរសេនីយ៍ឯក អ៊ឹម ខៀន អធិការនគរបាលស្រុកកោះសូទិន ក៏បានចាត់ឱ្យនាយរងប៉ុស្តិ៍រដ្ឋបាលកំពង់រាប រួមនិងប្រជាការពារ ចុះទៅដល់ផ្ទះយុវជនខាងលើ តែមិនបានឃើញយុវជនឈ្មោះរុន រាជ នៅផ្ទះទេ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ខាងលើ លោកស្នងការនគរបាលខេត្ត និងស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានចាត់កម្លាំងសមត្ថកិច្ច ឱ្យចុះឃ្លាំមើលយុវជនរូបនោះ រហូតដល់វេលាម៉ោង៩និង១៥នាទីយប់ ក៏ឃើញយុវជននោះត្រឡប់មកផ្ទះវិញ រួចក៏ឡើងលើផ្ទះបិទទ្វារដេក។ បើទោះជាឃើញយុវជនខាងលើ ឡើងទៅសម្ងំដេកនៅលើផ្ទះក្តី ប៉ុន្តែកម្លាំង សមត្ថកិច្ចមិនបានដកចេញពីការឡោមព័ទ្ធផ្ទះយុវជននោះឡើយ ដោយសារតែព្រួយបារម្ភខ្លាចជននេះ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងភូមិ។ រហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានទៅគោះទ្វារឱ្យបើក តែយុវជននោះមិនព្រមបើកឱ្យនោះទេ ដោយបានឆ្លើយប្រាប់វិញថា គេកំពុងដេក។

តាមសម្តីស្ត្រីឈ្មោះហេង អេង អាយុ៤៣ ឆ្នាំ ត្រូវជាម្តាយយុវជនខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់បានចេញពីស្រុកកំណើតទៅរស់នៅរាជធានីភ្នំពេញ ប្រកបរបរលក់ផ្លែឈើដឹកតាមរ៉ឺម៉កម៉ូតូ នៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅតាមផ្លូវវេងស្រេង រាល់ថ្ងៃ លុះពេលយប់ ទើបត្រឡប់មកផ្ទះ។ លុះមួយរយៈក្រោយនេះ កូនប្រុសឈ្មោះរាជ ចេះតែរករឿងទារត្រឡប់មកផ្ទះនៅស្រុកកោះសូទិន វិញ តែគាត់បានប្រាប់ថា “កូនកុំអាលទៅអី នៅលក់បន្តទៀតសិនទៅ ព្រោះជិតដល់រដូវបុណ្យភ្ជុំបិណ្ឌហើយ!”។ ចុងក្រោយ គាត់បានដកសោម៉ូតូទុក និងបានទិញផ្លែឈើដើម្បីឱ្យលក់បន្តទៀត តែកូននេះមិនព្រម និងបានខឹងសម្បា រួចក៏ត្រឡប់ទៅផ្ទះនៅកោះសូទិន វិញបាត់ទៅ។

ស្ត្រីជាម្តាយ បញ្ជាក់ថា កូនប្រុសរបស់គាត់ ម្នាក់នេះ កាលពីមុនធ្លាប់មុតរណារត្រូវដៃ តែគាត់មិនបានចាប់អារម្មណ៍យកទៅចាក់វ៉ាក់សាំងការពារតេតាណូសទេ លុះក្រោយមកគេក៏កើតមានអាការៈប្រកាច់ ដោយមនុស្ស៤ទៅ៥នាក់ មកចាប់សឹងមិនឈ្នះ និងត្រូវបានគាត់នាំទៅសម្រាកព្យាបាលនៅពេទ្យរុស្សី ឯរាជធានីភ្នំពេញ បន្តបន្ទាប់ចំនួន២លើក ស្មើ២អាទិត្យ។ ហើយពេទ្យបានប្រាប់ថា កូនប្រុសគាត់កើតរោគសរសៃប្រសាទ និងបានឱ្យថ្នាំពេទ្យយកមកលេបនៅផ្ទះដែរ តែកូនប្រុសនេះមិនព្រមលេបទេ ចេះតែបោះថ្នាំចោល ហើយកូនប្រុសគាត់បានកើតជំងឺនេះ អស់ជិត៣ឆ្នាំមកហើយ។ ក្រោយពីទទួលបានដំណឹងថា កូនប្រុសរបស់គាត់ប្រព្រឹត្តអំពើដ៏គួរឱ្យខ្លាចភ្លាម គាត់ក៏បានត្រឡប់មកដល់ផ្ទះឯស្រុកកំណើត និងបាននិយាយលួងលោម កូនប្រុសឱ្យបើកទ្វារចុះដីដែរ តែគេមិនព្រម ទើបគាត់សម្រេចពឹងសមត្ថកិច្ចឱ្យសង្គ្រោះកូនប្រុសគាត់តែម្តង។

លោកវរសេនីយ៏ឯក អ៊ឹម ខឿន អធិការ នគរបាលស្រុកកោះសូទិន បានបញ្ជាក់ថា ក្នុងករណីខាងលើនេះ លោកបានឆ្លងយោបល់មក លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ តែដោយសារយុវជននោះ មិនទាន់បានប្រព្រឹត្តនូវទង្វើអ្វីមួយ ក្នុងបទល្មើសព្រហ្មទណ្ឌ គ្រាន់តែឱ្យនៅតាមឃ្លាំមើលរហូត។ ស្រាប់តែមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ យុវជនឈ្មោះរុន រាជ ក៏បានលើកពាងប្រហុកមកបើកស៊ី នៅមាត់ច្រកចូលក្នុងផ្ទះឈើ តែសមត្ថកិច្ចមិនហ៊ានឡើងទៅទេ ដោយខ្លាចគ្រោះថ្នាក់។ រហូតមកដល់វេលារសៀល ថ្ងៃដដែល ទើបរូបលោកបានដឹកនាំកម្លាំងព្រហ្មទណ្ឌស្រុក ចុះដល់ផ្ទះកើតហេតុ និងបានប្រទះឃើញយុវជននោះ ចាប់មាន់១ក្បាល មកហែកស៊ីជញ្ជក់ឈាម រួចបោះចោលមកដីទៀតផង។

ក្រោយកើតហេតុ គេឃើញស្ត្រីជាម្តាយ បានរៀបចំអុជធូបបន់ស្រន់ និងប្រឹងហៅកូនប្រុស ឱ្យចុះមកដី តែយុវជននោះចុះបានតែបន្តិច ក៏រត់ឡើងទៅសម្ងំនៅលើផ្ទះវិញបាត់។ ទីបំផុតនៅវេលាម៉ោង៦ព្រលប់ថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចបានសម្រេចប្រើវិធីសាស្ត្របញ្ឆោតឱ្យយុវជននោះចុះមកដី ទើបចាប់ឃាត់ខ្លួនបាន និងបានធ្វើការពិនិត្យធ្វើតេស្តទឹកនោមផងដែរ តែលទ្ធផលចេញមក គឺយុវជននេះគ្មានសារធាតុ ញៀនក្នុងខ្លួននោះឡើយ ហេតុនេះទើបសមត្ថកិច្ច ប្រគល់ឱ្យម្តាយដាក់ច្រវាក់ជាប់ រួចនាំទៅទុកនៅវត្តសិន ដើម្បីឱ្យព្រះសង្ឃ ឬគ្រូមន្តអាគម ជួយព្យាបាល។ ដោយឡែក សមត្ថកិច្ចមិនអាច ឃាត់ខ្លួនយុវជនរូបនោះបានឡើយ ដោយសារតែយុវជនខាងលើ មិនបានប្រព្រឹត្តបទល្មើសអ្វី នាំឱ្យ ប៉ះពាល់ ឬមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ ឡើយ គ្រាន់តែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

មានការលើកឡើងតៗគ្នាថា យុវជននេះ សង្ស័យត្រូវព្រាយបិសាចចូលសណ្ឋិត ទើបក្លាយជាឃោរឃៅ ចាប់ហែកស៊ីសាច់សត្វ និងហុតឈាម គួរឱ្យញញើត ទើបសមត្ថកិច្ចសម្រេចប្រគល់ឱ្យ ម្តាយនាំទៅព្យាបាលតាមបែបអបិយជំនឿវិញ។

យោងតាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា គិតមកដល់វេលាម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ យុវជនរុន រាជ ដែលចាប់ឆ្កែឆ្មាបឺតជញ្ជក់ឈាម ស៊ីសាច់ឆៅ បានដឹងខ្លួន មានស្មារតីគ្រប់គ្រាន់ឡើងវិញហើយ ដោយអាចស្គាល់ម្តាយ សាច់ញាតិរបស់ខ្លួន ព្រមទាំងហូបអាហារបានជាធម្មតា។

យ៉ាងណាក្តី ស្ត្រីជាម្តាយយុវជនរុន រាជ បានសំណូមពរដល់សមត្ថកិច្ច សូមទុកកូនប្រុសរូបនេះព្យាបាលតាមបែបអបិយជំនឿ នៅវត្តពោធិវង្ស កំពង់រាប រយៈពេល២ថ្ងៃទៀតសិន ចាំបញ្ជូនកូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ។

បើទោះជាស្ថានភាពអារម្មណ៍ និងស្មារតីយុវជន រុន រាជ បានវិលមករកសភាពប្រក្រតី ប្រសើរឡើងវិញក្តី ប៉ុន្តែសមត្ថកិច្ចនៅតែបន្តដាក់ កម្លាំងយាមប្រចាំការការពារនៅទីតាំងវត្តពោធិវង្សកំពង់រាប ទីដែលយុវជនរុន រាជ នៅព្យាបាលនៅឡើយ ដើម្បីការពារក្រែងមានហេតុការណ៍ មិនប្រក្រតីណាមួយ កើតឡើងជាថ្មីម្តងទៀត៕

RELATED ARTICLES