ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានសុំឪពុកម្តាយចេញទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ រួចក៏ស្រាប់តែមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភចេញតាមស្វែងរកភ្លាមៗដែរ តែមិនឃើញសោះ ទីបំផុតកូនស្រីបាត់ខ្លួនអស់១៥ថ្ងៃ ដោយគ្មានដំណឹង ជាហេតុធ្វើឱ្យបុរសជាឪពុកមានការភ័យព្រួយ ខ្លាចកូនស្រីមានគ្រោះថ្នាក់ ឬលង់តាមការបោកបញ្ឆោតពីមនុស្សមិនល្អ នាំយកទៅធ្វើបាប ទើបសម្រេចកាន់រូបថតកូនស្រីដើរសួរគេឯងសព្វកន្លែង។
យុវតីដែលបាត់ខ្លួន អស់រយៈពេល១៥ថ្ងៃ មានឈ្នោះម៉េង ហៃ អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាឯកជនរ៉ូដា មានលំនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ យុវតីខាងលើ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ដោយប្រាប់ថា ចេញទៅពិធីខួបកំណើតមិត្តភក្តិ រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញរហូតតែម្តង។
តាមសម្តីបុរសឈ្មោះង៉ាន ប៊ុននឿន អាយុ៣៧ឆ្នាំ មុខរបរចិញ្ចឹមទា ត្រូវជាឪពុកបង្កើតរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ទាំងអួលដើមកថា កូនស្រីរបស់គាត់ គឺជាក្មេងស្រីម្នាក់ល្អណាស់ ចេះស្តាប់បង្គាប់ឪពុកម្តាយចាស់ទុំ និងតែងទៅណាមកណាទៀងទាត់ពេលវេលាល្អ ណាស់ ហើយបើទោះជាមានការយឺតយ៉ាវដោយប្រការណាមួយ ក៏តែងខ្ចីទូរស័ព្ទគេឯង (កូនស្រីគ្មានទូរស័ព្ទប្រើទេ) ផ្តល់ដំណឹងដល់អ្នកផ្ទះដែរ មិនដែលធ្វើឱ្យពួកគាត់ជាឪពុកម្តាយមានការព្រួយបារម្ភនោះទេ។
បុរសជាឪពុករូបនេះបន្តថា លុះមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨កន្លងទៅ កូនស្រីរបស់គាត់ បានចេញពីផ្ទះ ដោយសុំពួកគាត់ជាឪពុកម្តាយថា ទៅចូលរួមកម្មពិធីខួបកំណើតមិត្តភក្តិនៅម្តុំភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ លុះយប់ជ្រៅ បន្តិចទៅហើយ ដោយមិនទាន់ឃើញកូនស្រីត្រឡប់មកផ្ទះវិញ ណាមួយគ្មានទូរស័ព្ទសម្រាប់ទំនាក់ទំនងផង ទើបគាត់បានតាមទៅរកកូនស្រីដល់កន្លែងដែលនាងប្រាប់ថា ទៅខួបកំណើត តែរកមិនឃើញសោះ មិនដឹងថា កូនស្រីទៅណា ទៅជាមួយអ្នកណានោះទេ។
បុរសជាឪពុក បានឱ្យដឹងទៀតថា បន្ទាប់មក គាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដែរ តែមកដល់ពេលនេះ នៅមិនទាន់ទទួលបានលទ្ធផលនៅឡើយ ទើបនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីកូនស្រី បាត់ខ្លួនរយៈពេល១៥ថ្ងៃ គាត់ក៏សម្រេចកាន់រូបថតកូនស្រីដើរស៊ើបសួរគ្រប់សព្វកន្លែងតែម្តង។
បុរសជាឪពុកបានអំពាវនាវថា ប្រសិនបើបងប្អូនណាបានប្រទះឃើញក្មេងស្រី ដូចដែលមានភិនភាគក្នុងរូបថត សូមជួយទំនាក់ទំនង ផ្តល់ដំណឹងដល់គាត់ជាឪពុក តាមរយៈលេខទូសព្ទ ០១៦ ៣៦៣ ៥២២ និង ០៧០ ២៦២ ៧០១។ ជាមួយនេះ ប្រសិនបើកូនស្រីបានទទួលដំណឹង នេះហើយ សូមកូនត្រឡប់មកផ្ទះវិញចូលរៀនបន្ត ដើម្បីអនាគតកូន ចំណែកឪពុកម្តាយមិនប្រកាន់ខឹងអ្វីនឹងកូនឡើយ សំខាន់ឱ្យតែកូនស្រីត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព៕