ភ្នំពេញ ៖ ស្ត្រីជាម្តាយម្នាក់បានអះអាងថា កូនស្រីរបស់ខ្លួនត្រូវបានប្អូនថ្លៃល្បួងនាំទៅធ្វើការអស់រយៈពេល២ឆ្នាំ ដោយរារាំងមិនឱ្យមកជួបម្តាយ និងមិនដែលផ្ញើលុយកាក់មកឱ្យម្តាយនោះទេ ធ្វើឱ្យខ្លួនជាម្តាយនឹករលឹកកូនស្រីផង ជីវភាពទ័លក្រខ្លាំងផង ក៏ដាច់ចិត្តតាមរកកូនស្រី លុះកូនស្រីមិនព្រមជួបមុខ ក៏ប្រកាសតាមវិទ្យុអេប៊ីស៊ីថា កូនស្រីត្រូវគេបង្ខាំងទុក បង្កឱ្យមានការភ្ញាក់ផ្អើលដល់សាមីខ្លួនកូនស្រីចេញមុខមកបំភ្លឺថា តាមពិតខ្លួនធ្លាប់បានជួបម្តាយ និងផ្ញើលុយឱ្យម្តាយញឹកញាប់ណាស់ តែម្តាយដែលកំពុងរួមរស់ជាមួយប្តីក្រោយ ចេះតែទាររកលុយមិនឈប់ ទើបខ្លួនលែងចង់ជួប។
ស្ត្រីជាម្តាយខាងលើ មានឈ្មោះផល្លា អាយុប្រមាណ៥០ឆ្នាំ មានលំនៅក្នុងខេត្តស្ទឹងត្រែង។ ចំណែកកូនស្រីមានឈ្មោះផល្លី ហៅស្រីយួន អាយុ១៨ឆ្នាំ សព្វថ្ងៃប្រកបរបរជួយលក់ផ្កា ម្តាយមីង និងឪពុកមា ដែលមានយីហោ “ពិសីផ្កាស្រស់” និងមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមសម្តីស្ត្រីជាម្តាយ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ធ្លាប់មានប្តីទី១ បង្កើតបានកូនប្រុសម្នាក់ក៏បែកបាក់គ្នាទៅ លុះមានប្តីទី២ បង្កើតបានកូនស្រីឈ្មោះផល្លី ហៅស្រីយួន ដែលទើបនឹងមានអាយុ១ខួប និងកំពុងមានផ្ទៃពោះកូនប្រុសម្នាក់ទៀត ស្រាប់តែប្តីបានស្លាប់ចោលបាត់ទៅ។ ធ្វើឱ្យគាត់រស់នៅយ៉ាងលំបាកវេទនា ត្រូវចិញ្ចឹមកូនប្រុសប្តីទី១ ដែលទើបអាយុ៩ឆ្នាំ និងកូនស្រីឈ្មោះផល្លី ហៅយួន អាយុ១ខួប ព្រមទាំងកូនក្នុងផ្ទៃម្នាក់ទៀត។ កាលណោះ គាត់តែងដាក់កូនស្រីតូច (ស្រីយួន) នៅលើចង្អើរកង់ផ្នែកខាងមុខ ដើម្បីចេញទៅស៊ីឈ្នួលគេ និងដើររើសអេតចាយ ពោលគឺប្រឹងរកលុយកាក់ចិញ្ចឹមកូនទាំងត្រដាបត្រដួសជាទីបំផុត។ លុះកូនស្រីធំដឹងក្តី ក៏ត្រូវគាត់ឱ្យចេញទៅរស់នៅជាមួយជីដូន ឯស្រុកកែវសីមា ខេត្តរតនគិរី ចំណែគាត់នៅខេត្តស្ទឹងត្រែង និងមានប្តីទី៣ម្នាក់ទៀត។
ស្ត្រីជាម្តាយរូបនេះបន្តថា លុះក្រោយមក (រយៈពេល២ឆ្នាំកន្លងទៅ) កូនស្រីឈ្មោះផល្លី ហៅស្រីយួន ត្រូវបានប្អូនថ្លៃរបស់គាត់ ត្រូវជាម្តាយមីងបង្កើតរបស់នាង ដែលជាមនុស្សមិនត្រូវគ្នាជាមួយគាត់ (មិននិយាយរកគ្នា) បានល្បួងនាំចេញទៅបម្រើគេនៅឯខេត្តព្រះសីហនុ ហើយទោះគាត់ជាម្តាយបានហាមឃាត់មិនឱ្យទៅក្តី ក៏កូនស្រីនៅតែលួចចេញទៅជាមួយម្តាយមីងនោះបាត់ រួចក៏មិនឃើញត្រឡប់មកលេងម្តាយ ឬផ្ញើលុយឱ្យម្តាយខ្លះដែរ។ ក្រោយមកគាត់ក៏បានទូរស័ព្ទទាក់ទងទៅសួរសុខទុក្ខកូនស្រីដែរ តែកូនស្រីហាក់មិនសូវចង់និយាយជាមួយសោះ និងថែមទាំងប្រើឱ្យគេលើកទូរស័ព្ទជំនួស និងប្រាប់ថានាងកំពុងជាប់រវល់ទៀតផង។
ស្ត្រីជាម្តាយបញ្ជាក់ថា លុះប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីកូនស្រីបាត់ដំណឹងអស់រយៈពេល២ឆ្នាំ ទើបធ្វើឱ្យគាត់ជាម្តាយនឹករលឹកដល់កូនស្រីផង ណាមួយជីវភាពលំបាកខ្វះខាតផង ទើបបានស្កាត់ទៅរកកូនស្រី តែពេលទូរស័ព្ទទៅ មិនឃើញកូនស្រីលើក ធ្វើឱ្យគាត់តូចចិត្តនឹងកូនស្រី ដែលគាត់ខំចិញ្ចឹមរាប់ឆ្នាំរហូតធំពេញវ័យ បែរជាត្រូវទៅនៅបម្រើគេទទេៗ ហេតុនេះគាត់សម្រេចទូរស័ព្ទ ចូលវិទ្យុអេប៊ីស៊ី ថាកូនស្រីរបស់គាត់ ត្រូវគេល្បួងនាំទៅបម្រើគេហើយ ត្រូវគេបង្ខាំងមិនឱ្យជួបម្តាយទៀត ជាហេតុធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងតែម្តង។
ចំណែកនាងផល្លី ហៅស្រីយួន ត្រូវជាកូនស្រី បានរៀបរាប់ប្រាប់ថា តាមពិតនាងមិនបានបោះបង់ម្តាយទេ ហើយក៏ធ្លាប់ផ្ញើលុយឱ្យម្តាយច្រើនដងដែរ តែម្តាយទៅវិញទេ ដែលចេះតែទូរស័ព្ទមកកូសរូសរកលុយពីនាងមិនឈប់ ទើបធ្វើឱ្យនាងធុញទ្រាន់ក៏មិនទទួលទូរស័ព្ទរបស់គាត់តែម្តង ស្រាប់តែគាត់បែរជាទៅប្រកាសតាមវិទ្យុអេប៊ីស៊ី ថា នាងត្រូវគេបង្ខាំងមិនឱ្យជួបគាត់ទៅវិញ។ តាមពិត នាងមករស់នៅជាមួយម្តាយមីង នៅក្រុងព្រះសីហនុនេះ មិនមែនដោយសារតែម្តាយមីងល្បួងមកនោះទេ តែនាងជាអ្នកសុំគាត់ទៅរស់នៅជាមួយ ហើយក៏មិនមែនមកធ្វើការបម្រើគាត់ដែរ តែត្រូវពួកគាត់ចិញ្ចឹមបីបាច់ស្រលាញ់នាងទុកដូចជាកូនបង្កើត ពោលគឺមិនមែនជាបុគ្គលិកស៊ីប្រាក់ខែនោះដែរ។
នាងផល្លី ហៅស្រីយួន បន្តថា នាងមករស់នៅរកស៊ីជាមួយម្តាយមីងនេះ គឺត្រូវបានម្តាយមីងស្រលាញ់យកចិត្តទុកដាក់ខ្លាំងណាស់ អប់រំណែនាំ បង្រៀនឱ្យចេះរកស៊ី និងថែមទាំងទុកចិត្តឱ្យនាងមើលការខុសត្រូវមុខរបរលក់ផ្កា កាន់លុយក្នុងដៃរាប់លាន និងបានទិញមាសប្រាក់ឱ្យនាង ពាក់លំអរខ្លួនសព្វបែបយ៉ាង មិនតែប៉ុណ្ណោះ នៅទិញម៉ូតូឱ្យជិះ បង្រៀនឱ្យបើកឡាន រួចទិញឡានឱ្យនាងបើកទៀតផង ពោលគឺនាងមករស់នៅជាមួយម្តាយមីងរយៈពេល២ឆ្នាំកន្លងមកនេះ គ្មានដែលជួបទុក្ខលំបាកអ្វីនោះទេ ផ្ទុយទៅវិញ នាងចេះទាំងការរកស៊ីទំនាក់ទំនងក្នុងសង្គម ហើយ សូម្បីតែសាច់ឈាមនាងក៏សល្អល្អះខុសពីមុនដែរ ប៉ុន្តែយ៉ាងណា នាងមិនដែលភ្លេចកំណើតខ្លួន ដែលជាកូនអ្នកក្រីក្រលំបាកតោកយ៉ាកនោះដែរ ហើយនាងនៅតែដឹងគុណម្តាយជានិច្ច និងធ្លាប់ផ្ញើលុយឱ្យម្តាយជាហូរហែ ម្តង២០ម៉ឺន ម្តង៣០ម៉ឺន ម្តង៤០ម៉ឺន បែរជាម្តាយដែលពេលនេះកំពុងមានប្តីថ្មីម្នាក់ទៀត បាននិយាយថា មិនដែលបានទទួលលុយពីនាងទៅវិញ។
នាងផល្លី បានឱ្យដឹងទៀតថា អ្វីដែលនាងតូចចិត្តបំផុតនោះ គឺម្តាយចេះតែទូរស័ព្ទទារលុយពីនាងមិនឈប់ លុះទារមិនបាន ក៏បោះពាក្យសម្តីថាកាត់កាល់នាងចោលទៀតផង។ តាមពិតនាងក៏ដឹងថាម្តាយលំបាកណាស់ដែរ ប្រឹងចិញ្ចឹមបីបាច់នាងតាំងពីតូចមក ហើយនាងក៏មិនដែលបំភ្លេចគុណនេះដែរ តែកន្លងមកពេលនាងធំដឹងក្តីរស់នៅជាមួយម្តាយ នាងក៏បានដើរស៊ីឈ្នួលដកដំឡូង ដាំដំឡូងឱ្យគេ ដើម្បីរកប្រាក់មកជួយ គ្រួសារច្រើនណាស់ដែរ រហូតសូម្បីតែការរៀនសូត្រក៏នាងមិនបានទៅរៀនផង។ ហើយរយៈពេល១៨ឆ្នាំ ដែលនាងរស់នៅជាមួយម្តាយនេះ នាង ឆ្អែតហើយ រស់នៅជួបតែរឿងអួរអាប់ ដោយសារតែម្តាយចាកចោលពួកនាងទៅខេត្តស្ទឹងត្រែងប្រាប់ថា ទៅចាប់ដី ដោយទុកលុយឱ្យពួកនាង៣នាក់បងប្អូនចំនួន២០ម៉ឺន ទាំងដែលពួកនាង៣នាក់នៅតូចៗមិនទាន់ដឹងក្តីនៅឡើយ ហើយរយៈពេល១ខែ គាត់មិនដែលទូរស័ព្ទទាក់ទងសួរនាំពីសុខទុក្ខកូនៗសោះ ស្រាប់តែ១ខែក្រោយមក បែរជានាំប្រុសណាមិនដឹងមកជាមួយផឹកស៊ីពេញផ្ទះ លុះ៣ថ្ងៃក្រោយក៏វិលទៅស្ទឹងត្រែងវិញបាត់ ហើយក៏យកបុរសនោះជាប្តីរហូតមក និងជួបតែរឿងរកាំរកូសឈ្លោះប្រកែកគ្នា ទាត់ចានទាត់ឆ្នាំងបែកខ្ទេចទាំងយប់ ផ្អើលដល់កូនចៅ ដេកពួន មិនបាន។ តាមពិតនាងមិនចង់ឱ្យម្តាយយកប្តីទៀតនោះទេ ព្រោះកាលគាត់នៅមេម៉ាយ មានសាច់ឈាមស្រស់ថ្លា មានមាសប្រាក់ពាក់ពេញខ្លួន មានម៉ូតូជិះ លុះបានប្តីក្រោយមក ស្រាប់តែបំផ្លាញគ្មានសល់ ទើបធ្វើឱ្យនាងរស់នៅដោយការធុញថប់ រហូតលែងអាចទ្រាំបានតទៅទៀត ក៏សុំចេញមករស់នៅជាមួយម្តាយមីង និងបានម្តាយមីងទំនុកបម្រុង បង្រៀនឱ្យចេះរកស៊ីដូចពេលនេះ។
ដោយឡែកឪពុកមា និងម្តាយមីងរបស់នាងផល្លី ហៅស្រីយួន ដែលជាម្ចាស់ហាងលក់ផ្កានៅខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើមឡើយ ស្រីយួន បានសុំពួកគាត់មករស់នៅជាមួយ ដោយសារតែនាងមិនអាចរស់នៅជាមួយម្តាយនាងបាន ទើបពួកគាត់បានអនុញ្ញាត និងបាននាំនាងមករស់នៅខេត្តព្រះសីហនុអស់រយៈពេល២ឆ្នាំមកនេះ។ នៅអំឡុងពេលចូលមករស់នៅក្នុងក្រុមគ្រួសារពួកគាត់ ស្រីយួន គឺជាមនុស្សល្អ ឧស្សាហ៍ ព្យាយាមចេះជួយការងារសព្វបែបយ៉ាង ទាំងក្នុងផ្ទះ និងក្នុងហាងលក់ផ្កា ដោយនាងចាត់ទុកដូចជារបស់នាងអ៊ីចឹង ចំណែកទំនាក់ទំនងនាង ជាមួយនឹងកូនៗពួកគាត់ក៏ត្រូវរ៉ូវគ្នាល្អទៀត ទើបពួកគាត់ស្រលាញ់ ទុកនាងដូចជាសមាជិកគ្រួសារ បានទាំងទិញទូរស័ព្ទឱ្យប្រើ ទិញម៉ូតូឱ្យជិះ រហូតចុងក្រោយទិញឡានឱ្យបើក និងថែមទាំងប្រគល់ហាងលក់ផ្កាឱ្យនាងមើលការខុសត្រូវ គ្រប់គ្រងទៀតផង ចំណែកលុយកាក់ ឱ្យនាងកាន់ពេញដៃ ប្រៀបបាននឹងថៅកែស្រីម្នាក់ដែរ ហើយកន្លងមក ពួកគាត់ធ្លាប់បានប្រាប់ស្រីយួន ថា លុយកាក់ដែលកាន់នោះ ផ្ញើឱ្យម្តាយខ្លះក៏ផ្ញើទៅ រួចហើយចាំ ប្រាប់ពូមីងតាមក្រោយក៏បាន និយាយរួមនាងអាចសម្រេចបានសព្វបែបយ៉ាង ជាមួយនេះ ពួកគាត់ក៏ធ្លាប់ណែនាំឱ្យនាងឧស្សាហ៍ទូរស័ព្ទ សួរសុខទុក្ខម្តាយផង ចំណែករឿងកន្លងមក ដែលនាងតូចចិត្ត អន់ចិត្តជាមួយម្តាយនោះ បំភ្លេចចោលទៅ ព្រោះទោះខុសឆ្គងយ៉ាងណា គាត់ក៏នៅតែជា ម្តាយដែរ។
ឪពុកមា និងម្តាយមីងរបស់នាងផល្លី បានបន្តថា ចំណែកម្តាយរបស់ស្រីយួនផ្ទាល់ ក៏ធ្លាប់មកលេងកូនស្រីដល់ផ្ទះពួកគាត់ នៅខេត្តព្រះសីហនុដែរ ហើយកូនៗគាត់ ដែលជាបងប្អូនស្រីយួន ក៏ធ្លាប់មកលេងដូចគ្នា ហេតុនេះមនុស្សក្នុងគ្រួសារគាត់សុទ្ធតែស្គាល់ផ្ទះពួកគាត់ និងបានមកឃើញផ្ទាល់ពីស្ថានភាពរស់នៅរបស់ស្រីយួន តែហេតុអ្វីបានជាចុងក្រោយ គាត់បែរជាបង្កការភ្ញាក់ផ្អើលស្ទើរទូទាំងប្រទេស មកចោទថា ពួកគាត់ បានទៅល្បួងស្រីយួនមកនៅបម្រើ និងថែមទាំងរារាំងមិនឱ្យជួបមុខម្តាយទៅវិញ ជាហេតុធ្វើឱ្យប៉ះពាល់ដល់មុខមាត់ កេរ្តិ៍ឈ្មោះ កិត្តិយស និងការរកស៊ីរបស់ពួកគាត់យ៉ាងខ្លាំង។ ជាចុងក្រោយ ពួកគាត់សូមបដិសេធនូវពាក្យសម្តីរបស់ស្ត្រីជាម្តាយរបស់ស្រីយួន ដែលចោទប្រកាន់ថាពួកគាត់ល្បួងកូនស្រី និងបង្ខាំងកូនស្រីគាត់នោះចោលទាំងស្រុង៕