Friday, January 24, 2025
Homeព័ត៌មានជាតិក្រមុំខកស្នេហ៍ លេបថ្នាំនិងអារដៃមិនស្លាប់ ចងកសម្លាប់ខ្លួន

ក្រមុំខកស្នេហ៍ លេបថ្នាំនិងអារដៃមិនស្លាប់ ចងកសម្លាប់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ទំនងជាមានវិបត្តិផ្លូវចិត្តរឿងស្នេហា (សង្សារបែកចិត្ត) ក៏ស្រាប់តែបែកគំនិតគិតខ្លី ព្យាយាមសម្លាប់ខ្លួនម្តងរួចមកហើយ ដោយលេបថ្នាំងងុយដេកអស់២បន្ទះ រួចអារកដៃខ្លួនឯងបន្ថែមទៀត តែត្រូវក្រុមគ្រួសារប្រទះឃើញដឹកទៅពេទ្យសង្គ្រោះទាន់ពេលវេលា លុះស្អែកឡើង ឆ្លៀតពេលម្តាយចេញទៅផ្សារទិញម្ហូប កូនស្រីរូបនេះ ក៏បានបិទទ្វារផ្ទះ សំងំចងកសម្លាប់ខ្លួនរហូត ដល់បានសម្រេច ធ្វើឱ្យឪពុកម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែស្តាយស្រណោះជីវិតកូនស្រី។

ករណីក្រមុំខកស្នេហ៍ បែរជាគិតខ្លីបញ្ចប់ជីវិតដោយចងកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

នារីវ័យក្មេងគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះជីង កញ្ញា អាយុ១៨ឆ្មាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះម៉ុន សាម៉េត អាយុ៤២ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់នារីរងគ្រោះ បានរៀបរាប់ទាំងអួលអាក់ថា កូនស្រីរបស់គាត់ កន្លងមកជាមនុស្សចេះគិតវែងឆ្ងាយណាស់ ស្រាប់តែមិនដឹងជាយ៉ាងម៉េច នៅសុខៗកូនស្រីនេះបែរជាបែកគំនិតគិតខ្លី ចេះតែប៉ុនប៉ងសម្លាប់ខ្លួន រហូតចុងក្រោយ ចងកដល់បានសម្រេចទៅវិញ ដោយមិនបានប្រាប់គាត់ឱ្យដឹងថា នាងមានវិបត្តិអ្វីក្នុងចិត្តទាល់តែសោះ។

ស្ត្រីជាម្តាយនារីរងគ្រោះខាងលើបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ កូនស្រីរបស់គាត់បានទៅទិញថ្នាំងងុយដេកចំនួន២បន្ទះ យកមកលេប រួចថែមទាំងបានអារដៃខ្លួនឯង និងបានបិទទ្វារបន្ទប់ចាក់សោជាប់ តែភ្លាមនោះ គាត់បានដឹងទាន់ ក៏ទៅយកកូនសោមកចាក់ចូលបន្ទប់ ស្រាប់តែប្រទះឃើញកូនស្រីមានឈាមហូរជោកខ្លួន ទើបប្រញាប់ដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីសង្គ្រោះ លុះបានធូរស្រាលហើយ ក៏ដឹកត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះ កូនស្រីគាត់ ក៏និយាយប្រាប់គាត់ជាម្តាយថា “ម៉ែ ខ្ញុំមិនបាននៅមើលថែម៉ែទេ…” ភ្លាមនោះ គាត់ក៏បានឆ្លើយតបទៅកូនស្រីវិញដែរថា “កុំគិតច្រើនអីកូន ម្តាយមើលកូន នៅផ្ទះឈប់ទៅធ្វើការទៅ មិនអត់បាយស៊ីទេ…”។

ស្ត្រីជាម្តាយនារីរងគ្រោះ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ គាត់ក៏បានចេញទៅផ្សារ ដើម្បីរកទិញម្ហូបហូប ដោយទុកឱ្យកូនស្រីនៅចាំផ្ទះតែម្នាក់ឯង។ លុះពេលត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង៥និង៤០នាទីល្ងាច ស្រាប់តែឃើញទ្វារផ្ទះបិទ លុះគាត់ដើរទៅរុញមើល ទើបដឹងថា ជាប់គន្លឹះពីខាងក្នុង ពេលនោះគាត់ក៏បានស្រែកហៅកូនស្រីដែរ តែមិនលឺសំឡេងកូនស្រីឆ្លើយតបសោះ ទើបនឹកសង្ស័យក៏ស្រែកឆោឡោ ហៅអ្នកជិតខាងមកជួយគាស់ទ្វាររបើក ស្រាប់តែប្រទះឃើញកូនស្រីចងកស្លាប់បាត់ទៅហើយ មិនដឹងជាចងកតាំងពីពេលណាទេ។

ស្ត្រីជាម្តាយរូបនេះ បានអះអាងថា នៅមុនពេលសម្រេចចិត្តគិតខ្លីបែបនេះ កូនស្រីរបស់គាត់មិនធ្លាប់ននិយាយប្រាប់គាត់ ឬបងប្អូនសាច់ញាតិណា ថានាងមានវិបត្តិស្នេហា ឬវិបត្តិអ្វីឱ្យពិតប្រាកដដែរ ចំណែកក្នុងរង្វង់គ្រួសារក៏មិនមានបញ្ហារកាំរកូសអ្វីដែរ ហើយគាត់ជាម្តាយក៏មិនធ្លាប់ស្តីបន្ទោសអ្វីចំពោះកូនស្រីនេះឡើយ ស្រាប់តែនៅសុខៗកូនស្រីសម្រេចចិត្តគិតខ្លីបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា នារីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយចងកជាប់នឹងស្នួលហាលខោអាវ ពោលគឺមិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើយ៕

RELATED ARTICLES