ភ្នំពេញ ៖ ជនជាប់ចោទជាឃាតករដៃឆៅម្នាក់ ដែលបានធ្វើសកម្មភាពរឹតកសម្លាប់ស្ត្រីកូនខ្ចីត្រូវជាបងថ្លៃរបស់ខ្លួនប្លន់យកលុយប្រមាណជាង២ម៉ឺនដុល្លារ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ នៅចំណុចភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការប្រកាសសាលក្រម កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារអស់១ជីវិត។
សាលក្រមខាងលើនេះ ត្រូវបានប្រកាសឡើងដោយលោកថាន់ ឡេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះរស់ រីម ភេទប្រុស អាយុ២៨ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល អស់មួយជីវិត និងឈ្មោះ ផាត ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ (កំពុងរត់គេចខ្លួន) ដាក់ពន្ធនាគារកំណត់២០ឆ្នាំ និងចេញដីកាចាប់ខ្លួន ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តលើជនរងគ្រោះឈ្មោះទូច ម៉ារី ហៅចេង ភេទស្រី អាយុ៣៤ឆ្នាំ មានប្តីឈ្មោះឃឹម សុខឃួន អាយុ៣៧ឆ្នាំ ជាអ្នកលក់បន្លែផ្សារដើមគរ និងមានកូនតូចៗក្នុងបន្ទុកចំនួន៤នាក់ (ប្រុស៣ ស្រី១ទើបតែអាយុ២ខែ) កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចនៅផ្ទះលេខ១២ ផ្លូវ 20k ក្រុមទី៨ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ យោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។ សាលក្រមដដែលបានបង្គាប់ឱ្យក្រុម ជនជាប់ចោទ និងអាណាព្យាបាលរួមគ្នាសងសំណងជំងឺចិត្ត ទៅគ្រួសារជនរងគ្រោះចំនួន៦០លានរៀលផងដែរ។
នៅក្នុងសវនាការ កាលពីពេលកន្លងទៅ ជនជាប់ចោទឈ្មោះរស់ រីម បានសារភាពថា មូលហេតុដែលខ្លួនរឹតកសម្លាប់ជនរងគ្រោះ ព្រោះមានគំនុំរឿងគ្រួសារជនរងគ្រោះ ដែលជាថៅកែលក់បន្លែនៅផ្សារពោធិ៍ចិនតុង និងត្រូវជាបងប្អូនសាច់ថ្លៃខាងប្រពន្ធផង បានបញ្ឈប់រូបគេពីការងារ។ ដោយខឹងគ្រួសារជនរងគ្រោះពេក ទើបជនជាប់ចោទឈ្មោះរស់ រីម បានទៅស្រុកក្នុងខេត្តតាកែវ បបួលមិត្តភក្តិម្នាក់ឈ្មោះផាត ពេជ្រ ឱ្យមកសម្លាប់ស្ត្រីរងគ្រោះ ដោយសន្យានឹងឈ្មោះផាត ពេជ្រ ថាពេលសម្លាប់រួច យកទ្រព្យសម្បត្តិចែកគ្នាស្មើ។
នៅថ្ងៃកើតហេតុ ជនជាប់ចោទឈ្មោះរស់ រីម និងឈ្មោះផាត ពេជ្រ បានទៅផ្ទះជនរងគ្រោះដោយសុំជនរងគ្រោះចូលបន្ទប់ទឹក ចំពេលដែលប្តីជនរងគ្រោះ ចេញទៅលក់បន្លែនៅផ្សារបាត់ ទើបជនជាប់ចោទបានយកខ្សែគោប្រវែងមួយម៉ែត្រ រឹតកស្ត្រីរងគ្រោះ ដែលទើបនឹងសម្រាល កូនបាន២ខែ ស្លាប់នៅក្នុងបន្ទប់ទឹក។ ក្រោយសម្លាប់ជនរងគ្រោះរួច ក្រុមជនជាប់ចោទបានលួចយកលុយខ្មែរ ចំនួន១០លានរៀល លុយដុល្លារចំនួន៧២០០ដុល្លារ ខ្សែកមាស ចំនួន១ខ្សែ ខ្សែកប្លាទីន ចំនួន១ខ្សែ និងចិញ្ជៀនពេជ្រ ចំនួន១វង់។
គួរបញ្ជាក់ថា ជនជាប់ចោទឈ្មោះរស់ រីម ត្រូវបានកម្លាំងអាវុធហត្ថធ្វើការស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី១៨ ខែឧសភា នៅចំណុចភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាណបាន ករណីនេះគឺជាករណីរឹតកប្លន់សម្លាប់ ហើយជនសង្ស័យដៃដល់ត្រូវជាប្អូនថ្លៃរបស់ស្ត្រីរងគ្រោះ។ បន្ទាប់មកទូដែកដែលត្រូវជនសង្ស័យប្លន់យកទៅនោះ ត្រូវបានកម្មករសំណង់ប្រទះឃើញក្នុងព្រៃឫស្សី ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ និងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍កាកាប។
ប្រភពដដែលបន្តថា បន្ទាប់មកកម្លាំងជំនាញ បានបន្តធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតករ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង និងបានដកហូត លុយដុល្លារចំនួន១៩១០ដុល្លារ លុយខ្មែរ១០ម៉ឺនរៀល ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿងផងដែរ។
គួររំលឹកថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ មានករណីប្លន់សម្លាប់យ៉ាងសាហាវឃោរឃៅមួយបានកើតឡើងនៅចំណុចផ្ទះលេខ 12 ផ្លូវលេខ 20k ក្រុម៨ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយស្ត្រីកូនខ្ចី២ខែម្នាក់ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពរឹតកសម្លាប់ នៅក្នុងបន្ទប់ទឹក រួចបានប្លន់យកទូដែកមួយគ្រឿង ដែលមានមាសប្រាក់និងទ្រព្យសម្បត្តិ មានតម្លៃក្នុងនោះប្រមាណ ជាង២ម៉ឺនដុល្លារ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះនៅផ្ទះតែ២នាក់កូនតូច ទើបសម្រាលបាន២ខែប៉ុណ្ណោះ ដោយប្តីចេញទៅខេត្តបាត់ដើម្បីទៅយកបន្លែលក់ ចំណែកកូនៗ៣នាក់ទៀតទៅរៀនអស់។ លុះមកដល់វេលាកើតហេតុ កូនច្បងបានចេញពីសាលារៀនវិញ ពេលមកដល់ផ្ទះមិនឃើញម្តាយមើលប្អូន ដែលដេកនៅលើគ្រែក៏ដើរចូលទៅខាងក្នុងផ្ទះផ្នែកខាងក្រោយដោយដើរកាត់មុខបន្ទប់ទឹក ស្រាប់តែឃើញម្តាយដេកផ្កាប់មុខធ្វើឱ្យរូបគេភ័យស្លន់ស្លោរត់ចេញមកក្រៅហៅអ្នកជិតខាងជួយ។ ភ្លាមនោះមានបុរសម្នាក់ដែលជាអ្នករស់នៅជិតខាងគ្នា បានស្ទុះរត់ទៅមើល ក៏ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្តូកស្តឹង ទើបលើកផ្ងាររួចជួយធ្វើចលនាបេះដូង សង្គ្រោះបឋម តែអកុសល ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុ បងប្អូនសាច់ញាតិស្ត្រីរងគ្រោះមកដល់ នាំគ្នាឡើងទៅមើលក្នុងបន្ទប់របស់ស្ត្រីរងគ្រោះ ក៏ឃើញថា ទូកដែករបស់ជនរងគ្រោះមួយគ្រឿង បានបាត់ទៅហើយ ទើបសង្ស័យថា នេះគឺជាអំពើឃាតកម្ម។ ដោយឡែកតាមការអះអាងរបស់បុរសជាប្តីស្ត្រីរងគ្រាះបានបញ្ជាក់ថា ខណៈដែលប្រពន្ធស្លាប់ គាត់បានបាត់ទូដែកមួយគ្រឿង ដែលនៅក្នុងទូដែកនោះ មានប្រាក់ចំនួន៧២០០ដុល្លារ លុយខ្មែរ១០លានរៀល ខ្សែកកូន ក្រវិលពេជ្រមួយគូតម្លៃជាង២ពាន់ដុល្លារ ចិញ្ចៀនពេជ្រមួយវង់ តម្លៃជាង៥ពាន់ដុល្លារ និងខែដៃខ្សែកមាស ប្រមាណ៣,៥តម្លឹង៕