ស្ត្រីជាច្រើនតែងមានអារម្មណ៍មិនស្រួល ចិត្តក្រោយបែកបាក់ស្នេហា បណ្តាលឱ្យខូចចិត្ត យំយែក ស្ទើរបាត់បង់សតិ ដែលរឿងបែបនេះ ប្រាកដជាគ្មាននរណាអាចធ្វើចិត្តបានភ្លាមៗឡើយ។ ដូច្នេះ គួរតែមានស្មារតីរឹងប៉ឹង ចៀសវាងនូវទង្វើមួយចំនួនដូចខាងក្រោម ៖
-កុំផ្ញើសារមិនល្អចេញឱ្យគេឃើញ ៖ ទង្វើដ៏អាក្រក់បំផុត ក្រោយការបែកបាក់ស្នេហា គូស្នេហ៍ខ្លះព្យាយាមផ្ញើសារអាក្រក់ៗ ឬសារតិះដៀលទៅឱ្យអតីតគូស្នេហ៍។ នេះជាទង្វើស្តែងដោយអារម្មណ៍ខឹងមួយឆាវប៉ុណ្ណោះ។ យកល្អ កុំផ្ញើសារអ៊ីចឹងធ្វើអ្វី ព្រោះសារទាំងនោះអាចសងត្រឡប់មកអ្នកវិញនៅពេលក្រោយ។ ដល់ពេលនោះ អ្នកនឹងគ្មានឱកាសកែខ្លួនឡើយ ដោយសារតែអ្នកប្រើនូវពាក្យពេចន៍ទាំងនោះដោយខ្លួនឯង។
-កុំធ្វើបាបខ្លួនឯង ៖ អំឡុងពេលដំបូងនៃការចែកផ្លូវគ្នា អ្នកតែងមានអារម្មណ៍ខឹងក្រេវក្រោធ និងច្របូលច្របល់ ជាពិសេស ប្រសិនបែកគ្នា ដោយមិនមានមូលហេតុមកពីអ្នក។ សូមកុំយកអារម្មណ៍ឆេវឆាវនៃភាពសោកសៅនេះ ជាមូលហេតុដែលធ្វើឱ្យអ្នកមិនស្រឡាញ់ខ្លួនឯង និងធ្វើបាបខ្លួនឯងជាដាច់ខាត។ បើធ្វើបាបខ្លួនឯងនៅថ្ងៃមុខ ដែលអ្នកអាចឆ្លងកាត់ពេលវេលាអាក្រក់ៗនេះ អ្នកនឹងស្តាយក្រោយ។
-កុំព្យាយាមបញ្ចោញរឿងអាក្រក់របស់អតីតគូស្នេហ៍ ៖ ស្ត្រីមួយចំនួនគិតថា ការឈឺចាប់លើកនេះ ត្រូវសងវិញឱ្យបាន ទើបបង្ខំចិត្តធ្វើអ្វីដែលឆោតល្ងង់ ដូចជាបញ្ចោញរឿងសម្ងាត់របស់គូស្នេហ៍ចាស់ឱ្យមិត្ត ឬគូស្នេហ៍ថ្មីរបស់គេដឹង។ ការដែលសម្រេចចិត្តធ្វើទង្វើនេះ អាចដោយសារចង់ឈ្នះចិត្តមួយពេល ប៉ុន្តែត្រូវប្រយ័ត្ន ព្រោះមិនប្រាកដថា រឿងរ៉ាវទាំងនោះ បានដឹងទៅដល់គេឡើយ ហើយពេលណាមួយ អ្នកនឹងជួបរឿងធំ រឿងនោះនឹងសងបកមកអ្នកវិញ ក៏ថាបាន។
-កុំយកគ្រឿងស្រវឹងធ្វើជាមិត្ត ៖ ស្ត្រីមួយចំនួនពេលឈឺចិត្ត ងាកទៅពឹងស្រាជាមិត្តលួងលោមអារម្មណ៍ ដោយសង្ឃឹមថា អាការៈស្រវឹង អាចជួយបំភ្លេចពេលវេលាអាក្រក់ៗទាំងនោះបាន។ ប៉ុន្តែវិធីដែលល្អ គឺកុំឱ្យវាមានអំណាចគ្រប់គ្រងអ្នកខ្លាំងពេក ព្រោះអាចបំផ្លាញទាំងសុខភាព និងកិត្តិយសបាន។
-កុំបិទឱកាសនៃជីវិតខ្លួនឯង ៖ ក្រោយចែកផ្លូវគ្នាដើររៀងៗខ្លួន អ្នកខ្លះស្បថថា ឈប់បង្កើតស្នេហា ឬលើកក្រោយលែងជឿចិត្តអ្នកណាទៀតហើយ។ ប៉ុន្តែចូរចាំថា លើពិភពលោកនេះ មិនមែនមានតែមនុស្សប្រុសម្នាក់នោះទេ។ សាកល្បងសម្លឹងមើលមនុស្សជុំវិញខ្លួនអ្នកនៅមានមិត្ត និងក្រុមគ្រួសារដែលពួកគេស្រឡាញ់ និងស្មោះត្រង់ចំពោះអ្នកយ៉ាងលើសលប់។ វិធីដែលល្អ គួរសាកល្បងសង្កេតមើលថា ពួកគេទាំងនោះកំពុងមានអារម្មណ៍ និងទង្វើបែបណា នៅពេលឃើញអ្នកអង្គុយសំកុក កើតទុក្ខ ក្រោយបែកបាក់ស្នេហានោះ៕