Friday, January 24, 2025
Homeព័ត៌មានជាតិប្តីមកពីផឹក ឈ្លោះវ៉ៃប្រពន្ធ រួចចាក់សាំងដុតផ្ទះ

ប្តីមកពីផឹក ឈ្លោះវ៉ៃប្រពន្ធ រួចចាក់សាំងដុតផ្ទះ

ខេត្តតាកែវ ៖ បុរសប្រមឹកម្នាក់ ក្រោយពីផឹកស្រវឹងជោកជាំ ត្រឡប់ទៅដល់ផ្ទះវិញ ក៏ស្រាប់តែរករឿងឈ្លោះប្រកែកវាយដំប្រពន្ធយ៉ាងចាស់ដៃ បន្ទាប់មកក៏ស្រាប់តែស្ទុះទៅទាញសាំងយកមកចាក់ស្រោចពូកខ្នើយ សម្លៀកបំពាក់ បម្រុងដុតផ្ទះចោលថែមទៀត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង។

ប្តីកំណាចដែលវ៉ៃប្រពន្ធមិនអស់ចិត្ត បែរជាប៉ងដុតផ្ទះចោលទៀតនេះ មានឈ្មោះអ៊ុ អូន អាយុ៤១ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះណី ថាវី អាយុ៣៨ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ជាប្តី គឺជាមនុស្សស្រវឹងខួប តែងដើរផឹកស្រាជាប់ជាប្រចាំ និងតែងរករឿងដេញ វាយប្រពន្ធកូនស្ទើររាល់ថ្ងៃ មិនតែប៉ុណ្ណោះតែងវាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះគ្មានសល់ ធ្វើឱ្យក្រុមគ្រួសារទាំងមូលរស់នៅក្រោមការភ័យខ្លាច គ្មានសេចក្តីសុខភមង្គលអ្វីសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនដៃដល់ជាប្តី បានផឹកស្រាស្រវឹងជោកជាំ លុះពេលត្រឡប់ចូលផ្ទះ ក៏បានរករឿងប្រពន្ធ រួចបានវាយតប់ប្រពន្ធឡើងទ្រោមខ្លួន ហើយបានវាយបំផ្លាញទ្រព្យក្នុងផ្ទះគ្មានសល់ ដោយបោកចាន បោកទូរទស្សន៍ និងវាយបំបែកទ្វារកញ្ចក់ផ្ទះ បែកខ្ទេច២ផ្ទាំង មិនតែប៉ុណ្ណោះប្តីប្រមឹករូបនេះបានយកសាំងមកចាក់ស្រោចក្នុងផ្ទះ បំណងដុតផ្ទះចោលទៀត តែសំណាងល្អបានអ្នកជិតខាងមក ជួយពន្លត់ទាន់ កុំអីផ្ទះទាំងមូលត្រូវភ្លើងឆេះបំផ្លាញគ្មានសល់ឡើយ។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើកំណាចឃោរឃៅរបស់ប្តីលែងបាន ទើបស្ត្រីជាប្រពន្ធបានដាច់ចិត្តប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនប្តីហេងស៊យខាងលើយកទៅចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តីប្រមឹករូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាលើប្រពន្ធ និងវាយបំផ្លាញទ្រព្យនៅក្នុងផ្ទះ រួចចាក់ប្រេងមានបំណងដុតផ្ទះចោលពិតប្រាកដមែន មូលហេតុដោយសារតែខ្លួនផឹកស្រាស្រវឹងជោកជាំខ្លាំងពេក៕

RELATED ARTICLES