ខេត្តពោធិ៍សាត់ ៖ នារីវ័យក្មេងម្នាក់ ដែលជំនាញខាងឆបោកប្រាក់តាមវីង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន ដោយដកហូតបានប្រាក់ដុល្លារក្លែងក្លាយប្រមាណជិត២ម៉ឺនដុល្លារ ព្រមទាំងសម្ភារៈមួយចំនួន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ ត្រូវបានធ្វើឡើងដោយកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថ និងអនុវត្តតាមពាក្យបណ្តឹងជនរងគ្រោះ ព្រមទាំងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តពោធិ៍សាត់ផងដែរ ។
នារីសង្ស័យដែលត្រូវបានកម្លាំងអាវុធហត្ថឃាត់ មានខ្លួនឈ្មោះហុក វុទ្ធតី ហៅឈាងម៉ៃ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នមានលំនៅក្នុងភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ។ ការឃាត់ខ្លួននារីសង្ស័យខាងលើនេះ គឺអនុវត្តឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះអ៊ឹម ដារត្ន័ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះ បានឱ្យដឹងថា នារីសង្ស័យខាងលើ បានធ្វើការឆបោកប្រាក់ដុល្លារតាមវីងវេរលុយចំនួន៤០០ដុល្លារ និងចំនួន៣លានរៀលទៀត ក្នុងអំឡុងខែសីហា ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ។ លុះក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះស្រាវជ្រាវ រ ហូតឃាត់ខ្លួននារីសង្ស័យខាងលើ ដោយដកហូតនូវវត្ថុតាង និងសម្ភារៈ រួមមានប្រភេទក្រដាស់ប្រាក់ដុល្លារ១០០ ចំនួន១៥៣០០ដុល្លារ ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាក iPhone7 លេខ 070 609 045 ខ្សែក១ខ្សែ លោហធាតុពណ៌លឿង នាឡិកាដៃចំនួន២គ្រឿង អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរលេខ 160294458 ចំនួន១សន្លឹក និងកាបូបដៃចំនួន១។
បច្ចុប្បន្ននារីសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួន រួមទាំងវត្ថុតាង និងសម្ភារ បាននាំយកទៅបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ពោធិ៍សាត់ ដើម្បីបំពេញសំណុំបែបបទ និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធី៕