ខេត្តកំពង់ធំ៖ យុវ័យម្នាក់តូចចិត្តពិការជើង (ជើងខ្លីម្ខាង) ធ្វើឱ្យក្រមុំក្នុងភូមិមិនយកភ្នែកមើល ឬចាប់ចិត្តយកយុវជនរូបនេះ ធ្វើជាគូគាប់ឡើយ ទើបធ្វើឱ្យយុវជនពិការនេះ តូចចិត្តគិតខ្លីចងកសម្លាប់ខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឱ្យដឹងថា យុវជនរងគ្រោះ ដែលគិតខ្លីចងកសម្លាប់ខ្លួននេះ មានឈ្មោះសុង ឃ្លី ហៅខ្លី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះសុង ឃ្លី ជាមនុស្សពិការពីកំណើត ពេលកើតមកជើងខ្លីម្ខាង ដើរមិនត្រូវដំណើរ ដូចមនុស្សឯទៀតឡើយ គឺដំណើរពើកៗ ឬដី ស្មើដើររលាក់ ដោយសារតែហេតុផលនេះហើយ រួមផ្សំទាំងគ្មានមនុស្សស្រីណាម្នាក់ស្រលាញ់ ស្ម័គ្រធ្វើជាប្រពន្ធផងនោះ ទើបធ្វើឱ្យយុវជនពិការតូចចិត្តនឹងវាសនា ក៏ឈឺចិត្តស្អិតទ្រូងលែងចង់រស់រានតទៅទៀត ក៏សម្រេចចងកធ្វើអត្តឃាតខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានក្រុមគ្រួសារប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពយុវុជនរងគ្រោះ រកមិនឃើញស្នាមអ្វីដែលគួរឱ្យសង្ស័យជាករណីឃាតកម្មទេ រួចសន្និដ្នានថា ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ហើយបានប្រគល់សពឱ្យសាច់ញាតិ និងក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ទាំងក្តីក្តុកក្តួលជាពន់ពេក៕