Friday, January 24, 2025
Homeព័ត៌មានជាតិចុះស្រង់សំណាបក្នុងប្រឡាយយកទៅស្ទូង ជំងឺរើប្រកាច់ឈ្លក់ទឹកស្លាប់

ចុះស្រង់សំណាបក្នុងប្រឡាយយកទៅស្ទូង ជំងឺរើប្រកាច់ឈ្លក់ទឹកស្លាប់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់មានជំងឺតេតាណុស (ឆ្កូតជ្រូក) ប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ថែមទាំងកាន់ដបស្រារាល់ថ្ងៃទៀត លុះចុងក្រោយ ខណៈដែលជនរងគ្រោះចុះស្រង់កណ្តាប់សំណាបក្នុងប្រឡាយ ស្រាប់តែអាការជំងឺរើឡើងប្រកាច់ក្នុងទឹកគ្មាន អ្នកប្រទះឃើញជួយសង្គ្រោះទាន់ពេលវេលា បណ្តាលឱ្យឈ្លក់ទឹកស្លាប់តែម្តង ដែលហេតុការណ៍នេះបានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលនៅខាងលិចភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

មន្ត្រីនគរបាលស្រុកថ្ពង បានឱ្យដឹងថា បុរសរង់គ្រោះដែលប្រកាច់ឈ្លក់ទឹកប្រឡាយស្លាប់នោះ មានឈ្មោះឈឹម ណាន់ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកើតហេតុខាងលើ បានលង់ទឹកប្រឡាយខាងលិចភូមិចម្ងាយ៣០០ម៉ែត្រ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ឱ្យដឹងថា ជនរងគ្រោះមានជំងឺឆ្កូតជ្រូកប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កន្លងមកក្រុមគ្រួសារធ្លាប់នាំទៅមន្ទីរពេទ្យស្វែងរកការព្យាបាលដែរ តែមិនទទួលបានផលល្អប្រសើរឡើយ ដោយសារតែជនរងគ្រោះជាមនុស្សប្រមឹកគ្រវាក់ចោលដបស្រាមិនបាន ដោយពេលជំងឺធ្វើទុក្ខម្តងៗ តែប្រកាច់បែកពពុះមាត់មិនដឹងខ្លួនឡើយ និងត្រូវបានក្រុមគ្រួសារប្រទះឃើញជួយសង្គ្រោះជាហូរហែ ទើបមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

ប្រភពបន្តថា មុនពេលកើតហេតុជនរងគ្រោះបានទៅស្រង់កណ្តាបសំណាបនៅចំណុចទឹកប្រឡាយខាងលើ ក្រុមគ្រួសារស្ទូងតែអកុសល ស្រាប់តែអាការជំងឺធ្វើទុក្ខ បណ្តាលឱ្យប្រកាច់ចូលក្នុងទឹកគ្មានអ្នកប្រទះឃើញជួយសង្គ្រោះទាន់ពេលវេលាក៏បណ្តាលឱ្យឈ្លក់ទឹកស្លាប់តែម្តង។ លុះបាត់មិនឃើញជនរងគ្រោះ ទើបក្រុមគ្រួសារដើររកក៏ប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ៕

RELATED ARTICLES