ភ្នំពេញ ៖ យុវជនម្នាក់ទើបនឹងត្រឡប់មកពីបន្ទប់ជួលស្រីស្នេហ៍វិញ (ទើបនឹងឡើងឋានសួគ៌រួច) ក៏បានជិះម៉ូតូត្រឡប់មកបន្ទប់ជួលខ្លួនវិញ ទាំងកណ្តាលអធ្រាត្រ ស្រាប់តែមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ១ក្រុម ជិះម៉ូតូប្រដេញតាមវាយប្លន់យកម៉ូតូបានសម្រេច រួចនាំគ្នា គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។
ករណីយុវជនទើបនឹងចុះពីឋានសួគ៌ ត្រូវចោរវ៉ៃប្លន់ម៉ូតូខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៩៥ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣ ខណ្ឌចំការមន។
យុវជនរងគ្រោះដែលត្រូវចោរវ៉ៃប្លន់ម៉ូតូ មានឈ្មោះរុន រត្ននី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្ទ័រស៊ូគីស៊ុប នៅស្ទឹងមានជ័យ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកម៉ូតូដែលចោរប្លន់យកទៅ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-3069។
តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានជិះម៉ូតូ១គ្រឿង ធ្វើដំណើរទៅដេកនៅបន្ទប់ជួលរបស់ស្រីស្នេហ៍ខ្លួននៅក្បែរកន្លែងកើតហេតុ។ រហូតមកដល់វេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនក៏បានជិះម៉ូតូចេញពីបន្ទប់ជួលស្រីស្នេហ៍ បំណងត្រឡប់ទៅបន្ទប់ជួលរបស់ខ្លួននៅម្តុំស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីជើងទៅត្បូង។
យុវជនរងគ្រោះបន្តថា លុះពេលដែលខ្លួនបានធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ១ក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក និងស្លាកលេខ បានជិះដេញតាមពីក្រោយ រួចក៏បានបន្ថែមល្បឿន មកស្ទាក់ពីមុខ បន្ទាប់មកក៏ស្ទុះចុះមកវាយ រូបគេធ្វើឱ្យរូបគេភ័យស្លន់ស្លោ រត់ចោលម៉ូតូ ជាហេតុធ្វើឱ្យក្រុមជនសង្ស័យឃើញឱកាសល្អ ក៏លើកម៉ូតូរបស់ខ្លួនជិះគេចបាត់អស់តែម្តង៕