Friday, January 24, 2025
Homeព័ត៌មានជាតិកូនប្រុសស្រវឹងខឹងម៉ែជេរស្តី ដុតផ្ទះចោលខ្ទេច

កូនប្រុសស្រវឹងខឹងម៉ែជេរស្តី ដុតផ្ទះចោលខ្ទេច

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ទើបនឹងត្រឡប់មកពីជក់ថ្នាំញៀន និងផឹកស្រាស្រវឹងធ្លាក់ភ្នែកវិញ ចូលមកដល់ផ្ទះ រករឿងអុកឡុកខ្លាំងពេក ក៏ត្រូវម្តាយជេរស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែកូនប្រុសអកតញ្ញូច្រឡោតខឹង ក៏ធ្វើសកម្មភាពដុតបំផ្លាញផ្ទះម្តាយបង្កើតរបស់ខ្លួន បណ្តាលឱ្យខ្ទេចអស់ទាំងស្រុង។

ករណីកូនប្រុសដុតផ្ទះម៉ែឆេះម៉ត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។

កូនប្រុសចិត្តភ្លើង ដែលដុតផ្ទះម្តាយបង្កើត បណ្តាលឱ្យឆាបឆេះគ្មានសល់ មានឈ្មោះហឿង ណាត់ អាយុ៣០ឆ្នាំ មុខរបរគ្មាន ជាមនុស្សញៀនថ្នាំ និងប្រមឹក សព្វថ្ងៃស្នាក់នៅផ្ទះជាមួយម្តាយបង្កើតនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់ម្នាក់នេះជាមនុស្សមិនចេះស្តាប់បង្គាប់ឪពុកម្តាយ ឬចាស់ទុំណាឡើយ មួយថ្ងៃៗដើរលេងប៉ោឡែ មិនគិតគូររកការងារ រកប្រាក់ចិញ្ចឹមជីវិតនោះទេ តែងដើរហើរផឹកស៊ីជាមួយក្មេងស្ទាវ ធ្វើខ្លួនដូចជន អន្ធពាល និងតែងនាំរឿងចូលផ្ទះមិនចេះចប់មិនចេះហើយសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កូនប្រុសនេះ បានចេញទៅផឹកស៊ី ជក់ថ្នាំ ញៀនជាមួយមិត្តភក្តិរបស់គេបាត់ រហូតដល់ពាក់កណ្តាលអធ្រាត្រ ទើបត្រឡប់មកផ្ទះវិញ ហើយក៏ចាប់ផ្តើមឡូឡាពេញផ្ទះ ទើបគាត់ជាម្តាយ បានប្រាប់ថា បើស្រវឹងហើយចូលរកកន្លែងដេកទៅ កុំឡូឡាបែបនេះ ព្រោះកណ្តាលយប់ហើយ ទាំងឪពុកម្តាយ ទាំងអ្នកជិតខាង សុទ្ធតែត្រូវការដេកពួន ប៉ុន្តែកូនប្រុសនេះ មិនព្រមស្តាប់សម្តីគាត់ជាម្តាយសោះ ទើបគាត់ទ្រាំមិនបាន ក៏ជេរស្តីកូនប្រុសនេះ ២-៣ម៉ាត់ទៅ ដើម្បីឱ្យគេភ្ញាក់ខ្លួន តែបែរជាធ្វើឱ្យកូនប្រុសកំណាចរូបនេះ ខឹងសម្បារករឿងឈ្លោះប្រកែកជាមួយគាត់យ៉ាងខ្លាំង បន្ទាប់មកក៏ស្រាប់តែកូនប្រុសអកតញូរូបនេះ ធ្វើសកម្មភាពដុតផ្ទះចោលតែម្តង ធ្វើឱ្យភ្លើងឆាបឆេះសន្ធោសន្ធៅទាំងកណ្តាលយប់ ផ្អើលដល់អ្នកជិតខាងជួយពន្លត់ដែរ តែមិនឈ្នះ ទីបំផុត ផ្ទះទាំង មូលត្រូវក្លាយជាចំណីភ្លើងអស់។

ក្រោយពីដុតផ្ទះម្តាយឆេះខ្ទេចរួចហើយ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ខ្លួនជនបង្កហេតុជាកូនប្រុស នាំយកទៅសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា រូបគេពិតជាបានដុតផ្ទះម្តាយបង្កើតប្រាកដមែន មូលហេតុដោយសារតែរូបគេ ផឹកស្រាស្រវឹងខ្លាំងពេក ណាមួយខឹងនឹងម្តាយជេរស្តី ទើបផ្ទុះកំហឹងដុតផ្ទះចោលតែម្តង៕

RELATED ARTICLES